ព័ត៌មានថ្មីបំផុត

ចង់​​បាត់​​ពុល​​ឡាន​​មែន​​ទេ?​

Loading...
ឈឺ​ក្បាល​ វិល​មុខ​​ បែក​ញើស​ ត្រ​ជាក់​ខ្លួន​ ចង់​ក្អួត​ ក្អួត​មិន​ចេញ ហើយ​ពេល​ខ្លះ​ក្អួត​ទាល់​តែ​ទន់​ខ្លួន​នោះ​ សុទ្ធ​តែ​ជា​រោក​សញ្ញា​នៃ​ការ​ពុល​ឡាន​។ រាល់​ដំណើរ​កំសាន្ត​ក្លាយ​ជា​មិន​សប្បាយ​ដោយ​សារ​តែ​បញ្ហា​មួយ​នេះ​សម្រាប់​មនុស្ស​មួយ​ចំនួន​។ អ្នក​ខ្លះ​ថែម​ទាំង​សុខ​ចិត្ត​នៅ​ផ្ទះ​មិន​ធ្វើ​ដំណើរ​ទៅ​ទី​កំសាន្ត​នានា​ទៀត​ផង​នៅ​ពេល​គេ​លឺ​ថា​ត្រូវ​ជិះឡាន​។ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ដែល​រាំង​ស្ទះ​ដល់​ការ​សប្បាយ​ចំពោះ​ដំណើរ​កំសាន្ត​ទៀត​ឡើយ​ព្រោះ​ថា​មាន​វិធី​មួយ​ចំនួន​អាច​ដោះ​ស្រាយ​វាបាន​៖

១. ស្រូបយកខ្យល់បរិសុទ្ធឲ្យបានច្រើន
ខ្យល់បរិសុទ្ធមានសមត្ថភាពយ៉ាងអស្ចារ្យដែលអាចជួយឲ្យមានអារម្មណ៍ធូរស្រាលពីការពុលឡានបាន។ អ្នកអាចធ្វើវាបានដោយគ្រាន់តែបើកកញ្ចក់ឡានដើម្បីឲ្យខ្យល់បរិសុទ្ធនៅខាងក្រៅចូលមកខាងក្នុង ឬក៏អ្នកអាចឈប់ឡានមួយស្របក់ដើម្បីស្រូបវាក៏បាន។

២. ព្យាយាមកុំមើលអ្វីៗនៅខាងក្រៅ
ការពុលឡានពេលខ្លះគឺកើតឡើងដោយសារតែការសម្លឹងមើលរាល់ចលនានៅខាងក្រៅខណៈពេលដែលអ្នកកំពុងធ្វើដំណើរ។ បែបនេះហើយអ្នកអាចព្យាយាមបិទភ្នែករឺក៏ដេកសម្រាកពេលធ្វើដំណើរនោះវាកាន់តែល្អ។

៣. ការប្រើប្រាស់ផលិតផលដែលផលិតពីខ្ញី
ដើម្បីជៀសវាងផុតពីការពុលឡាននេះអ្នកក៏អាចព្យាយាមដោយការបរិភោគនំ ស្ករគ្រាប់ រឺក៏ពិសារភេសជ្ជៈប្រភេទណាដែលផលិតចេញពីខ្ញីបានផងដែរ។​ បែបនេះហើយរាល់ការធ្វើដំណើររបស់អ្នកគួរតែមានពួកវាជាប់ខ្លួនជានិច្ច។​

៤. កុំបរិភោគឆ្អែតពេក​ឬក៏ពោះទទេពេលធ្វើដំណើរ
វាជារឿងដែលត្រូវធ្វើជាដាច់ខាតដើម្បីជៀសវាងការក្អួតនៅពេលដែលអ្នកមានអារម្មណ៍ពុលឡានកើតឡើង។ ម្យ៉ាងវិញទៀតការបរិភោគប្រភេទអាហារនោះ ត្រូវតែមានភាពជ្រើសរើសឲ្យបានល្អជាពិសេសអ្នកមិនពិសារប្រភេទអាហារណាដែលសម្បូរទៅដោយជាតិខ្លាញ់នោះទេ។

៥. ស្វែងរកកន្លែងអង្គុយណាដែលមិនសូវមានចលនាខ្លាំង
វាអាចដោះស្រាយបានយ៉ាងងាយស្រួលដោយអ្នកគ្រាន់តែជ្រើសរើសកន្លែងមួយដែលមិនសូវមានចលនាខ្លាំងប៉ុណ្ណោះ។ កន្លែងដែលអ្នកពុលឡានគួរតែជ្រើសរើសនោះគឺ កៅអីខាងមុខជាប់អ្នកបើកបរ។ ដំណោះស្រាយមួយទៀតនោះគឺមិនត្រូវមើលទៅខាងក្រោយក្នុងពេលធ្វើដំណើរនោះទេ។

៦. ការប្រើប្រាស់ថ្នាំពេទ្យ
វាអាចជាដំណាក់កាលចុងក្រោយបើសិនជាអ្នកសាកល្បងវិធីខាងលើទាំងនេះហើយ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពនោះ។ អ្នកអាចទិញវាបា​នគ្រប់កន្លែងលក់ថ្នាំពេទ្យ លេបវាមុនការធ្វើដំណើរចាប់ផ្ដើមមួយសន្ទុះនិងព្យយាមគេងសម្រាកពេលធ្វើដំណើរ នោះការពុលឡាននឹងមិនអាចកើតឡើងនោះឡើយ។ 

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ WikiHow