ធ្វើយ៉ាងណាទើបដឹងថាអ្នកណាម្នាក់កំពុងនិយាយកុហក?
Loading...
សង្គមសព្វថ្ងៃច្បាស់ណាស់សំបូរទៅដោយមនុស្សមិនសូវល្អជាពិសេសប្រភេទមនុស្សដែលចូលចិត្តភូតភរកុហក ដើម្បីការលេងសើច ឬដើម្បីផលប្រយោជន៍អ្វីមួយ។
បែបនេះហើយមនុស្សគ្រប់រូបត្រូវយល់ឲ្យច្បាស់ពីវិធីសំខាន់ៗ ៣ចំណុចធំៗ ដែលអាចធ្វើឲ្យអ្នកដឹងច្បាស់ថា
មនុស្សដែលកំពុងនិយាយជាមួយអ្នកនោះកំពុងតែកុហកមិនមែននិយាយការពិតនោះទេ។
១. ត្រូវតែអង្កេតមើលការបង្ហាញទឹកមុខ
មនុស្សដែលនិយាយកុហកនឹងបង្ហាញនូវទឹកមុខខុសប្រក្រតីមួយចំនួនគួរឲ្យកត់សម្គាល់ខុសពីមនុស្សធម្មតា។
ទឹកមុខដែលអាចបញ្ជាក់ថាមនុស្សម្នាក់កំពុងនិយាយមិនពិតនោះមានដូចជា ការជ្រួញចិញ្ចើមឡើងលើ ការយកដៃកេះច្រមុះនិងខ្ទប់មាត់ញឹកញាប់ខុសធម្មតា ការព្រិចភ្នែកច្រើនដង
និងការព្យាយាមមិនប្រើប្រាស់ក្រសែភ្នែកសម្លឹងមើលអ្នកខណៈពេលដែលកំពុងសន្ទនាជាដើម។
២. ការនិយាយស្ដី
មនុស្សដែលកុហកនិងបង្ហាញឲ្យឃើញតាមរយៈការនិយាយស្ដីរបស់ពួកគេ។ វានឹងបង្ហាញឡើងដោយមានភាពខុសគ្នានិងប្លែកខុសពីធម្មតា។
នៅពេលដែលនិយាយកុហក មនុស្សម្នាក់អាចនឹងនិយាយលឿន ឬយឺតខុសពីធម្មតា។ ក្រៅពីនេះអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរលកសម្លេង។ មនុស្សដែលកំពុងនិយាយកុហកនោះនឹងប្រែសម្លេងទៅជាញ័រៗប្លែកពីសព្វមួយដង
និងអ្វីដែលបង្ហាញកាន់តែច្បាស់ថាមនុស្សម្នាក់នោះកំពុងនិយាយមិនពិតនោះ គឺការនិយាយត្រដិតជាប់គ្នា។
៣. ការប្រើប្រាស់កាយវិការ
មនុស្សនិយាយកុហកនឹងបញ្ចេញនូវកាយវិការមួយចំនួនដែលអាចបង្ហាញថារូបគេកំពុងតែនិយាយរឿងប្រឌិត។
ចំណុចដែលត្រូវតាមដានឲ្យបានច្បាស់នោះ គឺការហូរញើសច្រើនខុសប្រក្រតី។ មនុស្សនិយាយកុហកភាគច្រើនបែកញើសច្រើនដោយសារតែអារម្មណ៍ខ្មាស់អៀន
និងការភ័យខ្លាចជាដើម។ ផ្សេងពីនេះ មនុស្សកុហកនឹងនៅមិនស្ងៀមនោះឡើយដោយគេនឹងចាប់ផ្ដើមចាប់យករបស់អ្វីមួយនៅជុំវិញខ្លួនមកកាន់ឬគ្រវីលេង។
បន្ថែមពីនេះមនុស្សកុហកនឹងចាប់ផ្ដើម លេបទឹកមាត់ញឹកញាប់ ដកដង្ហើមលឿនខុសធម្មតា ខណៈពេលដែលគេកំពុងនិយាយរឿងដែលមិនពិត។
ក្រៅពីនេះគឺថាត្រូវតែដឹងឲ្យច្បាស់ពីមនុស្សម្នាក់នោះថាតើគេជាមនុស្សធ្លាប់រឺមានប្រវត្តិនិយាយកុហកឬទេ។
រឿងដែលត្រូវតែធ្វើមួយទៀតនោះគឺត្រូវតែសម្លឹងមើលឲ្យចំនូវកែវភ្នែកមនុស្សដែលអ្នកសង្ស័យថាកំពុងនិយាយកុហកព្រោះថានៅពេលដែលសម្លឹងចំបែបនេះ
មនុស្សម្នាក់នោះនឹងបង្ហាញនូវសភាពមិនស្រណុកក្នុងខ្លួននោះឡើយ។
អត្ថបទដោយ៖ ប៉ោ គីមហុក
អត្ថបទដោយ៖ ប៉ោ គីមហុក




