ព័ត៌មានថ្មីបំផុត

៥​​​ភាសា​​ដែល​​គួរ​ចេះ​សំរាប់​​ការងារ​​អនាគត​​

Loading...
ការ​ចេះ​ជំនាញ​ច្បាស់​ជារឿង​ចាំបាច់​សំ​រាប់​ការងារ​អនាគត ប៉ុន្តែបើ​យោង​តាម​ស្ថាន​ភាព​សង្គម​បច្ចុប្បន្ន​ អ្នក​ដែល​ចេះជំនាញ​ច្បាស់​ក៏​មិន​ប្រាកដ​ថាអាច​រក​ការងារ​ធ្វើ​បាន​ដោយ​ងាយ​ស្រួល​ និងទទួល​បាន​​ប្រាក់ខែច្រើន​នោះ​ដែរ។ បើយោងតាម​មតិ​មួយ​ចំនួ​ន​បាន​អោយ​ដឹង​ថា នៅ​ក្នុង​ប្រទេសកំ​ពុង​​អភិវឌ្ឍកំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ច្រើន​ពីអ្នក​បណ្តាក់​ទុន​បរទេស​ ដូច្នេះ​ការទទួល​យក​បុគ្គលិក​ដែល​មាន​ចំ​ណេះខាង​ភាសា​បរទេស​ច្រើ​ន​ជាធនធាន​ដ៏ល្អ​មួយ។ ខាង​ក្រោម​នេះ ជាការ​រៀបរាប់​នៃភាសា​ទាំង​ ៥​ដែល​កំពុង​ពេញ​និយម​នៅក្នុង​វិស័យ​ជំនួញ​ផ្សេង​ៗ ៖


១. ភាសា​អង់គ្លេស​ ( មានជនជាតិដើម​ប្រើប្រាស់​ប្រមាណ ៣៦៥ លាន​នាក់​)
ភាសា​អង់គ្លេស​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ភាសា​សំខាន់បំផុត​នៅក្នុង​មុខ​ជំនួញ ដោយ​ហេតុ​ថា​ប្រទេស​មហាអំណាច​ខាង​សេដ្ឋកិច្ច​ដូច​ជា​ ប្រទេស​អាមេរិក អង់គ្លេស​ និង អូស្រ្តាលី​ជាដើម​ដែល​ពួក​គេ​សុទ្ធ​តែជាអ្នក​ប្រើប្រាស់​ភាសានេះ ។ ម្យ៉ាង​ទៀត​ ភាសានេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ ភាសា​ទី ២ សំរាប់​ប្រើប្រាស់​នៅលើ​ពិភពលោក ដូចេ្នះ​មិន​ថា​នរណា​ទេ ពួក​គេ​តែង​ប្រើប្រាស់​វា​នៅ​ពេល​ដែល​ចាកចេញ ពី ប្រទេស​ដើម​របស់​ខ្លួន ។​

២.​ ភាសា​អាល្លឺម៉ង់ ( មាន​ជនជាតិ​ដើ​ម​ប្រើប្រាស់​ប្រមាណ ៩២ លាន​នាក់​ )ប្រទេស​អាល្លឺម៉ង់​មិន​ត្រឹម​តែជា​ប្រទេសដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​សហគម​អឺុរ៉ុប​​ដែល​​មាន​ GDP​ក្នុង​ស្រុកប្រមាណ ២.៤​ពាន់ពាន់​លាន​អឺុរ៉ូ​នោះ​ទេ ថែម​ទាំង​​ជាទីផ្សារ​ដ៏ធំរបស់​ប្រទេស​​អង់គ្លេស​ផងដែរ។​

៣. ភាសារុស្សី​ ( មាន​ជនជាតិ​ដើម​ប្រើប្រាស់ប្រមាណ ១៦០ លាន​នាក់​)
ប្រទេស​អាលឺ្លម៉ង់​អាច​ជា​ទី​ផ្សារ​នាំ​ចេញ​ធំ បំផុត​របស់​ប្រទេស​អង់គ្លេស ប៉ុន្តែប្រទេស​រុស្សី​វិញ​ជា​ទីផ្សារ​នាំចេញកំពុង​លូត​លាស់​ធំ​របស់​ប្រទេស​អង់គ្លេស​ដែរ។ រុស្សី ជាប្រទេស​ដែល​សំបូរ​ទៅ ដោយ​ឱកាស​ល្អៗ ប៉ុន្តែ​ពំុ​មាន​ប្រជាជន​ច្រើ​ន​ទេ​ដែល​អាច​ប្រើប្រាស់​ភាសាអង់គ្លេស​បាន​ជ្រៅជ្រះនោះទេ ដូច្នេះ សំរាប់​អ្នក​ដែល​ចេះ​ភាសារុស្សី ទទួល​បាន​អត្ថប្រយោជន៍ច្រើន ។

៤.​ ភាសាអេស្បាញ (មាន​ជនជាតិ​ដើម​ប្រើប្រាស​​់​ប្រមាណ​ ៤០៦​លាននាក់ )
វាជាភាសាដែលឈានមុខគេក្នុង​ការ​ពន្លើន សេដ្ឋកិច្ចឡាទីន អោយលូតលាស់លឿនបំផុត នៅអាមេរិក ខាងត្បូង, អាមេរិកកណ្តាល និង អាមេរិកខាងជើង ។​ ភាសា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភាសា​ទី ២ នៅក្នុង​ប្រទេស​អាមេរិក​ ក្នុង​ពេល​ដែល​ប្រទេស​ប្រមាណជាង​២០ ប្រទេស​នៅលើ​ពិភពលោក​កំពុង​ប្រើប្រាស់​វា។ ៣៧ % នៃ​និយោជកក្នុង​ប្រទេស​អាមេរិក​ជ្រើស​យក​នាក់​ដែល​អាច​ប្រើប្រាស់​ភាសា​អេស្ប៉ាញ​បាន ។​

៥.​ ​ភាសាចិនកុកងឺ Mandarin ​( មាន​ជនជាតិ​ដើម​ប្រើប្រាស់ប្រមាណ​ ៩៣៥ លាន​នាក់ )
ភាសាចិន​នេះ​មាន​នាក់​ប្រើប្រាស់​ច្រើ​ន​ជាង​ចំនួន​អ្នក​ប្រើ​ភាសា​អង់គ្លេស​ និង​អេស្ប៉ាញ រូម​ចូល​គ្នា​ទៀត នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ផ្នែក ​ជំនួញ​ ផ្សេង​ៗ និង​ការ​បណ្តាក់ទុន ពីប្រទេស​ដទៃ។​ គួរបញ្ជាក់ថា តាមគេហទំព័រ Bloomberg បាន​អោយ​ចំណាត់​ថ្នាក់​ ភាសា​ចិន​កុកងឺ ជា​ភាសា​ជំនួញ​ទី ២ បន្ទាប់​ពីភាសា​អង់គ្លេស​។

អត្ថបទដោយ៖ ហ៊ុន កែវលីដែត