ព័ត៌មានថ្មីបំផុត

គុណ​សម្បត្តិ​១០​យ៉ាង​នៅ​ពេល​គ្មាន​ស្នេហា​

Loading...
អ្នកខ្លះអាចនឹងគិតថា បើគ្មានស្នេហា ជីវិតនឹងឯកា នឹងគ្មានមនុស្សចាំឲ្យនឹកនា និង​និយាយ​លេង​ជាមួយ​។ ផ្ទុយ​ទៅ​វិញ​ អ្នក​ដែល​មាន​ស្នេហា​ តែ​ជាស្នេហា​ដែល​មិន​សម​ប្រកប ​ប្រហែល​ជា​​​មាន​អារម្មណ៍​ថា ស្នេហា​មិនបាន​ធ្វើឲ្យ​ជីវិតរបស់​ពួកគេ​ស្រស់បំព្រង​ទាំងស្រុង​នោះឡើយ។​ បើដូច្នេះ ជម្រើស​តែ​ម្យ៉ាង​ដែល​អាច​រើស​បាន​ គឺបញ្ចប់​ស្នេហា​ដែល​មិនសម​ប្រកប​នោះ​ចោល​ទៅ។ ការ​ដែល​គ្មាន​ស្នេហា​ ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​នូវ​គុណ​សម្បត្តិជាច្រើន​ដែល​មិនធ្លាប់​នឹកស្មានដល់។


១. មិន​ខាត​ពេល​វេលា​
អ្នកមិនចាំបាច់យកពេលវេលាទៅខ្វាយខ្វល់គិតពីគូស្នេហ៍របស់អ្នកទៀតទេ។ ជឿទៅថា ពេល​ដែល​គ្មាន​ស្នេហា ជីវិតរបស់អ្នកច្បាស់ជាមានពេលទំនេរច្រើន ទៀត​សោត​ប្រហែល​ជា​អាច​ធ្វើឲ្យ​អ្នក​សល់​ពេល​ធ្វើរឿងដែលមានប្រយោជន៍ជាច្រើនក៏ថាបាន។

២. ដេក​លក់​ស្រួល​
ជាការពិតណាស់ ពេលដែលគ្មានស្នេហា អ្នកប្រាកដជាមិនចាំបាច់ឈឺក្បាល គិតរឿងអន់ចិត្ត ឈ្លោះ​គ្នា ទាំងនោះទៀតទេ ដូច្នេះ អ្នក​ប្រាកដ​ជា​អាច​ដាក់​ក្បាល​ដល់​ខ្នើយ​ភ្លាម​លក់​ភ្លាម​ជា​មិន​ខាន។​

៣. មិន​មាន​ការ​រំខាន​ពី​ការស៊ីញ៉ូ​ទូរស័ព្​ទ
ធុញថប់មែនទេ ដែលទូរស័ព្ទតែងតែទទួលការស៊ីញ៉ូជាញឹកញាប់? ពេលមានស្នេហា ទូរស័ព្ទពិត​ជារវល់ខ្លាំងណាស់ តែពេលគ្មានស្នេហាវិញណា ធានាថា ទូរស័ព្ទ​ទុក​ចោល​មួយថ្ងៃ​ក៏គ្មាន​អ្នកតេរ​ចូលដែរ​ ដូច្នេះអ្នកអាចទៅរៀន ឬទៅធ្វើការដោយស្ងប់ចិត្តបានហើយ ប្រសិន​បើ​អ្នកភ្លេច​យក​ទូរស័ព្ទទៅតាម។

៤. មិន​បាច់​បារម្ភ​ពី​រូប​សម្រស់
ទោះតិចឬច្រើន ពេលមានស្នេហា ច្បាស់ណាស់ថា មនុស្សម្នាក់ៗតែងតែចង់ឲ្យខ្លួនឯងស្អាត ព្រោះដើម្បីមានទំនុកចិត្តពេលទៅជួបគូស្នេហ៍របស់ខ្លួន។ ដូច្នេះ​គុណ​សម្បត្​តិក្នុងការ​មិនខ្វាយ​ខ្វល់ពីរូបសម្រស់របស់ខ្លួនឯងនេះ ពិតជាធ្វើឲ្យការដែលគ្មានស្នេហា គឺជារឿងមួយដ៏ល្អពិតមែន។


៥. អាច​ញ៉ាំ​អាហារ​គ្រប់​ទីកន្លែង​បាន​ភ្លាមៗ​
ជឿទៅថា​ពេលមានស្នេហា រឿងញ៉ាំរឿងអីនេះ គឺជារឿងដ៏គួរឲ្យឈឺក្បាលបំផុត ព្រោះច្រើន​តែសម្រេច​ចិត្តមិនដាច់ស្រេចថា គួរទៅញ៉ាំអី ជាពិសេសខ្លាចបំផុតពាក្យថា ញ៉ាំអីក៏បាន។ ពេល​គ្មាន​ស្នេហា អ្នកលែងឈឺក្បាលវិលមុខរឿងអស់ទាំងនេះទៀតហើយ អ្នកអាចញ៉ាំអី្វក៏បាន ពេល​ណាក៏បាន ស្រេចតែចិត្តរបស់អ្នកយ៉ាងរំភើយ។


៦. មិន​បាច់​បារម្ភ​ពី​ការ​ផ្ញើ​សារ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​
គ្មានស្នេហា គ្មានសង្សារ ហើយក៏គ្មានអ្នកត្រូវមកផ្ញើសារកណ្តាលអធ្រាត្រទៀតដែរ។ អញ្ចឹងហើយ គេងលក់ឲ្យស្ងប់ចិត្តចុះ ព្រោះដូចដែលប្រាប់អញ្ចឹង ទូរស័ព្ទរបស់អ្នកចង់ទុកចោលមួយខែទៀត ក៏គ្មានអ្នកផ្ញើសារមករំខានដែរ។


៧. អាច​និយាយ​ទូរស័ព្ទ​ជាមួយ​អ្នកណា​ក៏​បាន​
វាអាចនឹងជាគុណសម្បត្តិមួយសម្រាប់មនុស្សដែលចូលចិត្តនិយាយលេងជាមួយភេទផ្ទុយគ្នាច្រើន ដូច្នេះពេលដែលគ្មានស្នេហា អ្នកមិនចាំបាច់ភ័យព្រួយរឿងគូស្នេហ៍របស់តេរមកមិនចូល ព្រោះ​អ្នកជាប់​រវល់​និយាយទូរស័ព្ទជាមួយអ្នកណាម្នាក់ នាំឲ្យ​គេ​ខឹងខ្ញាល់​ដាច់ក្បាល​ដាច់កន្ទុយ​អីអស់​ទាំងនោះ​ទៀតទេ ទុកចិត្តចុះ និយាយជាមួយមនុស្សមួយរយនាក់ទៀតក៏និយាយទៅ។


៨. លែង​លឺ​សម្លេង​ថា​ “នៅណា​ហ្នឹង?​ កំពុង​ធ្វើអី”​ ទៀត​ហើយ
ធុញនឹងលឺពាក្យទាំងនេះមែនទេ? ធុញនឹងត្រូវលើកទូរស័ព្ទ ហើយប្រាប់ដដែលៗថា អ្នក​កំពុង​ជាប់​រវល់​ គ្មានពេលទៅធ្វើរឿងអត់ប្រយោជន៍ទេ តែប្រាប់ហើយអ្នកម្ខាងទៀតមិនជឿ? ទុកចិត្តចុះ ពេល​គ្មាន​ស្នេហា​ អ្នកនឹងលែងលឺពាក្យទាំងនោះទៀតហើយ។


៩. អាច​ដើរ​លេង​ជាមួយ​អ្នក​ណា​ក៏បាន​
ចង់ដើរលេងដល់ណា ស្មើណា គឺជាសិទ្ធិសេរីភាពរបស់អ្នក គ្រាន់តែពេលគ្មានស្នេហា អ្នក​អាច​ដើរលេងដោយធូរចិត្ត ព្រោះ​មិនចាំបាច់ឆ្លៀតពេលផ្ញើសារជំរាបប្រាប់អ្នកម្ខាងទៀតនោះទេ។


១០. មិន​ចាំ​បាច់​ស្តាប់​ការ​និយាយ​រឿង​កំប្លែង​ដដែលៗ​
វាអាចនឹងជារឿងសាមញ្ញមួយសម្រាប់គូស្នេហ៍ទូទៅ ដែល​ត្រូវមក​ស្តាប់រឿង​កំប្លែង​ដដែល​ៗ​ពីភាគី​ម្ខាងៗ ព្រោះតែម្នាក់ៗអស់រឿងនិយាយ មានតែយករឿងដដែលៗមកនិយាយ។ ដូច្នេះ​បើអ្នកធុញ អ្នកមិន​ចូល​ចិត្ត ការគ្មានស្នេហា ច្បាស់ជាជួយអ្នកបាន។

អត្ថបទដោយ៖ សន ឆវីវតី

No comments