ព័ត៌មានថ្មីបំផុត

នៅ​ចាំ​ល្បែង​ចាប់​កូន​ខ្លែង​ទេគ្នា​យើង?​

Loading...
ល្បែង​ចាប់កូនខ្លែង ជា​ល្បែងជាល្បែងប្រជាប្រិយខ្មែរដែលមានតាំងពីយូរលង់ណាស់ មកហើយ​ដែលអ្នកលេងភាគច្រើនជា​កុមារា កុមារី ជំទង់ៗហើយពួកគេ​តែងតែ​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរពីការងារ ។​



តាមសៀវភៅល្បែងប្រជាប្រិយខ្មែរបានសរសេរថា ល្បែង​ចាប់កូនក្លែង ពេល​លេងគេ​ត្រូវ ​ចាប់​ម្នាក់​ដែល​មាន​មាឌ​មាំធំ ឲ្យធ្វើ​ជា​មេហ្វូង​ហៅថា​មេ​មាន់​ ហើយគេ ចាត់​កុមារាកុមារី ជាច្រើន​នាក់​ឲ្យធ្វើ​ជា​កូនមាន់ ហើយ​គេក៏​ចាត់​ម្នាក់ទៀត ឲ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន ការពារ​កុំ​ឲ្យ​របូតសំ​លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឲ្យបាន​ជា​ភ្នក់ ១ តូច ហើយ​ម្នាក់​ដែល​ជា​មេ​មាន់​បញ្ជា​ឲ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ​តៗ​គ្នា រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធជុំ​ភ្នក់ភ្លើង ។ជាមួយគ្នានេះ មេមាន់​ ពោលពាក្យចំអក​ឡក​ឡឺយ​ឲ្យន័យ​ទៅអ្នកដើរតួជា​ខ្លែង​ថា​ ​ចាប់កូនខ្លែង​ប្រឡែង​កូន​អក​ ​ ​ពពេច​ញ៉ែ​ញ៉​ក កូន​អញ​តែមួយ ​ ​ ​ជីក​អន្លុក​ដាំ​ត្រកួន​ ​ ​ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ​ ​ទៀន១គូ​តាំងយូ​បាំង​ព្រះ​ ​ លើកដៃ​សំពះ ដូនៗ​សុំ​ភ្លើង ​ ។​

​ ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​ កាល​បានឮ​មេមាន់ ​និង ​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា “ដូនៗ​សុំ​ភ្លើង​!” ​ ​ ​មេមាន់​ឆ្លើយថា​: "រលត់​" ​ ​ខ្លែង​សុំ​ថា​: "សុំ​មួយ​អង្គត់"​ ​ ​មេថា៖ "​មួយរលាយ​" ​ ​ខ្លែងថា៖ "សុំ​ទឹកបាយ"​ ​ ​មេថា៖ "ឆ្កែ​លិទ្ធ"​ ​ ​ខ្លែងថា៖ "សុំ​កាំបិត" ​  ​មេថា៖ "មិនទាន់​ច្រុង" ​ ​ ​ខ្លែងថា៖ "សុំ​ល្ហុង" ​ ​មេថា៖ "មិនទាន់​ដាំ"  ​ ​ខ្លែងថា៖ "សុំ​ថ្នាំ"។​ ​ ​មេថា៖ "ស្រូវមិនទាន់​ហាល​   ​ខ្លែងថា៖ "សុំ​ផាល"​  ​ ​មេថា៖ "មិនទាន់​សិត"​ ​ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់ភ្លើង​នោះ ។​ ​ ​

ចំណែក​មេមាន់​ក៏​នាំ​កូន​របស់​ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង​ ហើយ​ស្រែកច្រៀង​ទាំង​មេ​ទាំង​កូន​ថា​៖ ​ ​​ ​ ​ចាប់កូនខ្លែង​ប្រឡែង​កូមាន់​រួច​បន្ទ​រ​ពាក្យ ​អា​ឡយ ៗ​ ​ ​បើ​មេ​ទៅ​ទាន់​យក​

មាន់​ទៅ​លាក់​(​បន្ទ​រ​)​អា​ឡយ ៗ​ ​ ​លាក់​ទុក​ឯណា លាក់​ក្បាល​ដំណេក​(​បន្ទ​រ​)​អា​ឡយ ៗ​ ​ ​រលឹក​ពី​ដេក​ពី​ដេក វាយ​មាន់​តូង​តាង ។​ ​ ​មាន់​ច្រៀង​ចប់​ក៏​ឈប់ឈរ​តម្រៀប​គ្នា ។​ ​ ​ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​បន្តទៀតថា ​ដូនៗ សុំ​ភ្លើង ​ ​មាន់​ឆ្លើយថា ​ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​បាត់ទៅហើយ​ រួច​ក៏​ដើរ​ព័ទ្ធជុំវិញ​ខ្លែង​និង​ភ្នក់ភ្លើង ហើយ​ច្រៀង​តទៅ​ទៀតថា​៖ ​ ​ប្អូន​ដេញ​ខ្សែ​សូត្រ បង្ហូត​ខ្សែ​គោ​ម​(​បន្ទ​រ​)​អា​ឡយ ៗ​ ​ ​ខ្លែង​អើយ​កុំ​លោម មិន​បាន​មាន់​ទេ​(​បន្ទ​រ​) អា​ឡយៗ ហើយ​ឈរ​ស្ងៀម ។​ ​ ​ខ្លែង​ក៏​និយាយ​ទទូច​សុំ​កូន​ថា​: ​ ​ដូនៗ​ឲ្យ​សុំ​កូន​មុខ​ ​មេឆ្លើយ​- ឪពុក​មិនឲ្យ​ ​ ​ខ្លែងថា- សុំ​កូន​ក្រោយ​ ​ ​មេតបថា​- កំបាក់​កំបែក​យក​ចុះ​ ​ ​ខ្លែង​កាល​បានឮ​មេមាន់​ថា ឲ្យ​កូន​ណា​ កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញ​ចាប់​បេះយក​កូន​ណា​ដែល​នៅ​ក្រោយ​គេ​,​ឯ​មេមាន់​ខំប្រឹង​ការពារ​ កូន​របស់​ខ្លួន​កុំឲ្យ​គេ​បេះ​យក​បាន ឯ​កូន​មាន់​ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្វាច​ខ្វែង​ចាប់​បេះ​យក​ខ្លួន​ម្នាក់ៗ​បាន ។ ជួន​ក៏​ខ្លែង​បេះ​យក​កូន​ម្ដង ១ ម្ដង ២ ទាល់តែ​អស់ ។ តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​កូន​ណា​ខ្ទេច​ចេញ​ពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង ហើយ​កូន​នោះ​គេ​ក្រាប​ទៅ​នឹង​ដី នោះ​មេ​ខ្លែង​មិនត្រូវ​ចាប់​គេ​ទេ ។ កាល​អស់កម្លាំង​ហត់​រៀងខ្លួន​ហើយ ក៏​ឈប់​សម្រាក​បន្តិច ហើយ​ផ្លាស់ប្ដូរ​គ្នា​លេង​តទៅទៀត គេ​លេង​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់ ។​ ​

​ ប៉ុន្តែ​ល្បែង​បែប​ដូចគ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តម្រូវ​ន័យ​តាមរបៀប​លេង​ថា ​ល្បែង​ខ្លែង​ចាប់កូនមាន់​ ក៏មាន ។​ ​ល្បែង​នេះ ជា​ការបង្ហាត់​មនុស្ស​ឲ្យ​ចេះ​ប្រុង​ស្នៀត ប្រុង​ស្មារតី ឲ្យ​រហ័ សរហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង ៕

រៀបរាងដោយ៖ ធានី
ប្រភពអត្ថបទ សៀវភៅល្បែងប្រជាប្រិយខ្មែរ

No comments