ព័ត៌មានថ្មីបំផុត

ធ្វើយ៉ាងណារៀន​​​វេយ្យា​ករណ៍​​អង់គ្លេស​ឆាប់​ចេះ?

Loading...
នៅក្នុង​ភាសា​អង់គ្លេស ការសិក្សា​វេយ្យាករណ៍​គឺជា​មេរៀនមួយ​ដែល​អ្នក​សិក្សា​ទូទៅមិន​សូវចូល​ចិត្ត​រៀន​ប៉ុន្មាន​ទេ ដោយ​សារ​តែ​វា​ពិបាក​យល់។ វេយ្យាករណ៍ភាគ​ច្រើន​មាន​ភាព​ស្មុគ​ស្មាញ និង​ច្រើន​ជាន់​ច្រើន​ស្រទាប់​ទៀត​ផង។ តាម​ការពិត​ទៅ បើ​សិន​ជា​អ្នក​ចេះ​ពី​វិធី​រៀន​វេយ្យាករណ៍​នេះ ចុង​ក្រោយ​អ្នក​នឹង​មាន​អារម្មណ៍ថា រៀន​វេយ្យាករណ៍​ក៏​សប្បាយ​ម្យ៉ាង​ដែរ។ ហេតុ​នេះ ខាង​ក្រោម​គឺជាវិធីសាស្ត្រ​ខ្លះ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​រៀន​វេយ្យាករណ៍​មាន​ប្រសិទ្ធីភាព។​




១. រៀន​វេយ្យាករណ៍​ចាប់​ផ្តើម​ពី​ពាក្យ​មួយៗ​មក​មុន
មុន​ពេល​ដែល​រៀន​ពី​អ្វី​ស្មុគស្មាញ អ្នក​គួរ​យល់​ដឹង​ពី​វេយ្យាករណ៍​ពាក្យ​មួយ​ៗ​ទៅ។ អ្នក​គួរ​យល់​ដឹង​ថា​ពាក្យ​ណា​ មាន​ថ្នាក់​ពាក្យ​ជា​អ្វី មាន​តួនាទី​បែប​ណា​ ឬ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ជាមុន​សិន។ ថ្នាក់​ពាក្យ​ក្នុង​ភាសា​អង់គ្លេស​មាន នាម (Noun) គុណនាម (Adjective) កិរិយា (Verb) គុណកិរិយា (Adverb) ឈ្នាប់ (Conjunction) ធ្នាក់ (Preposition) សព្វនាម (Pronoun) និង ឧទានសព្ទ (Interjection)។ អ្នក​ត្រូវ​សិក្សា​ពី​វា​មួយៗ ព្រោះ​ថា​វា​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រៀន​វេយ្យករណ៍​ច្រើន​ជាង​នេះ​ទៀត

២. រៀន​វេយ្យាករណ៍នៅ​ក្នុង​ល្បះមួយ
បន្ទាប់​ពី​ច្បាស់​ពី​ពាក្យ​មួយៗ​នៅ​ក្នុង​ល្បះ​ អ្នក​ប្រហែល​ជា​ត្រូវ​ការ​រៀន​ក្នុង​ល្បះ​វិញ​ម្តង។ ដំបូង​បំផុត អ្នក​គួរ​រៀន​ពី​មុលដ្ឋាន​គ្រឺះ​របស់​ល្បះ​ក្នុង​ភាសាអង់គ្លេស មាន​ន័យ​ថា​រៀន​ពី​សមាសធាតុ​នៅ​ក្នុង​ល្បះ។ ជា​ទូទៅ សមាសធាតុ​របស់​ល្បះ​សាមញ្ញ​គឺ ប្រធាន (Subject) + កិរិយា​ចំបង​(Main Verb) របស់​ល្បះ + (កម្មបទ) (Object)។ ក្រៅពី​នេះ អ្នក​គួរ​រៀន​ការ​ប្រើប្រាស់​ Subject Verb Agreement ក្នុង​ល្បះ​នោះ​ផង។ ជា​ធម្មតា ល្បះ​មាន​ច្រើន​ប្រភេទ ហើយ​ពេល​នេះ​ហើយ​ដែល​អ្នក​គួរ​តែ​​សិក្សា​ល្បះប្រភេទ​មួយ​ៗ​ឲ្យ​បាន​ល្អិត​ល្អន់ មាន​ទាំង​ការ​ប្រើ​ប្រាស់​ឈ្នាប់ កន្សោម ឃា្ល និង​ការ​ប្រើ​វណ្ណយុត្ត (Punctuation) ជា​ដើម។

៣. រៀន​វេយ្យាករណ៍​ក្នុង​កថាខណ្ឌ
កថាខណ្ឌ​មួយ​មាន​​ពី ៧ ទៅ ៩ ល្បះជា​មូលដ្ឋាន រួម​បញ្ជូល​ទាំង ល្បះផ្តើម (Topic Sentence) តួសេចក្តី (Body) និងល្បះ​បញ្ចប់ (Concluding Sentence)។ ការ​សរសេរ​កថាខណ្ឌ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​តើ​វា​ត្រូវ​ឬ​ខុស​កម្រិត​ណា។ ហេតុ​នេះ ក្នុង​ពេល​សរសេរ​កថាខណ្ឌ​ចប់​ហើយ អ្នកត្រូវ​តែ​មើល​ឡើង​វិញ កែ​កំហុស​វេយ្យករណ៍ សំណង់​ប្រយោគ ឬ​អត្ថន័យ​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​មាន​កំហុស។

៤. ការ​សិក្សា​បន្ថែម
ក្រៅ​ពី​ការ​សិក្សា​ទាំងអស់​នេះ អ្នក​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ដូចជា សិក្សា​លើ​ក្បួន​វេយ្យករណ៍ ធ្វើ​ការ​ប្រៀប​ធៀប​ក្បួន​ទាំង​នោះ។ ក្រៅពី​នេះ ការអាន​ក៏​អាច​ជួយ​អុ្នក​បាន​ច្រើន​ដែរ។ អ្នក​អាច​ស្វែក​រក​ជំនួយ​ពី​អ្នក​ដទៃ​បន្ថែម​បើ​សិន​ជា​អ្នក​គិត​ថា​មិន​អាច​រៀន​ខ្លួន​ឯង​បាន។ អ្វី​ដែល​ជា​ការ​សំខាន់គឺ​អ្នក​ត្រូវ​អនុវត្ត និង ធ្វើ​លំហាត់​វេយ្យករណ៍​ឲ្យ​បាន​ច្រើន​ទើប​ប្រសើរ។

ដោយ៖ ហ៊ាង សុគន្ធារី
ប្រភព៖ Wikihow

No comments