ព័ត៌មានថ្មីបំផុត

តិច​​និច​ងាយៗ​​​រៀន​​​សម្រាប់​​ត្រៀម​​ប្រលង​

Loading...
តាម​ធម្មតា ជីវិតជា​សិស្ស​គឺតែង​មាន​ជួប​ការ​ប្រលង គេច​មិន​ផុត​ឡើយ។ ពេល​ជិត​ប្រលង​ម្តងៗ មាន​អ្នក​ខ្លះ​ក៏​ស្ត្រេស អ្នក​ខ្លះ​ក៏មិន​ដឹងជាមើល​មេរៀន​ពី​កន្លែង​ណាមក​ដែរ។ តើអ្នក​មាន​រិធីសាស្ត្រ​រៀន​មុន​ប្រលង​ខ្លួន​ឯង​ដែរ​ទេ? តើ​គួរ​ធ្វើ​យ៉ាង​ណា​រៀន​ឲ្យ​មាន​ប្រសិទ្ធិភាព​មុន​ពេល​ប្រលង​ទៅ? ហេតុ​នេះ​ហើយ នៅ​ក្នុង​អត្ថបទខាង​ក្រោម យើង​ចង់​បង្ហាញ​ពី​វិធីសាស្ត្រ​ខ្លះ​ក្នុង​ការ​សិក្សា​ពេល​ជិត​ប្រលង។





1. កត់​ត្រាពី​អ្វី​ដែល​ត្រូវ​រៀន

ដំបូង​អ្នក​ត្រូវ​ស្វែង​យល់​សិន​ថា ​ប្រធាន​បទ​ឬ​ផ្នែក​ណា​ដែល​អាច​ប្រលង​ចេញ ហើយ​កត់​ត្រា​វា​ទុក​ក្នុង​ក្រដាស​តូច​មួយ។ បន្ទាប់ពី​ប្រមូល​មេរៀន​ឬ​ផ្នែក​សំខាន់​ចេញ​មក​ហើយ អ្នក​ត្រូវ​ប្រាកដ​ថា​គ្រប់​មេរៀន​ទាំង​អស់​អ្នក​សុទ្ធ​តែ​បាន​កត់​ទុក​ពេល​រៀន​រួច​ហើយ ហើយ​បើ​មិន​មាន​ទេ អ្នក​ត្រូវ​រក​ជំនួយ​ដោយ​ខ្ចី​សៀវភៅ​មេរៀន​របស់​មិត្តភក្តិ​យក​មក​មើល​សិនជា​ដើម។​​ ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​ទាំង​មូល​ពី​អ្វី​ដែល​អ្នក​នឹង​រៀន។


2. រៀប​ចំ​កាល​វិភាគ​រៀន

ការ​ធ្វើ​ការ​ដែល​មាន​ការ​គ្រោង​ទុក​មុន​ជា​ការ​ល្អ​ណាស់ ដូចជា​ការ​មើល​មេរៀន​នេះ​ជា​ដើម។ អ្នក​គួរ​កំណត់​ម៉ោង​ដែល​អ្នក​ត្រូ​វ​រៀន​មេរៀន​មួយ​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​អ្នក​មាន​ភាព​ម៉ត់​ចត់​ក្នុង​ការ​មើល​មេរៀន​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​អាច​ផ្ទៀង​ផ្ទាត់​ពេល​វេលា​បាន​ត្រឹម​ត្រូវ​ទៀត​ផង។ ដល់​ពេល​ប្រលង អ្នក​នឹង​អាច​ផ្ទៀង​ផ្ទាត់​ម៉ោង​ និង​វិញ្ញាសារ​ប្រលង​បាន​ល្អ នឹង​ជៀស​វាង​ការ​ធ្វើ​មិន​អស់។

3. កត់​ត្រា​ចំនុច​សំខាន់ៗ​របស់​មេរៀន

បន្ទាប់​ពី​ដឹង​ថា​ត្រូវ​មើល​មេរៀនណា​ហើយ បន្ទាប់មក​​អ្នក​ត្រូវកត់​ត្រា​ចំណុច​សំខាន់​ៗ​របស់​មេរៀន​ជា​មុន​សិន។ អ្នក​ត្រូវ​សរសេរ​ចំនុច​ទាំង​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ការ​សរសេរ​វា​ឡើង​វិញ​អាច​ជួយ​ឲ្យ​អ្នក​មាន​ការ​ចង​ចាំ​ចំណុច​អស់​នោះ​បាន​កាន់​តែ​ប្រសើរ។ កត់​ត្រា​ចំណុច​សំខាន់​ៗ​របស់​មេរៀន​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​ឆាប់​យល់​ខ្លឹម​សារ​របស់​មេរៀន​​បាន​កាន់​តែ​លឿន។


4. ការ​រំលឹក​មេរៀន​ដែល​មាន​ប្រសិទ្ធភាព

ពេល​មើល​មេរៀន​ឡើង​វិញ ការ​ទន្ទេញ​ឲ្យ​ចាំ​ខ្លឹម​សារ​ទាំង​អស់​មិន​មែន​ជា​វិធីសាស្ត្រ​ល្អ​ទេ។ អ្នក​ត្រូវ​មើល​លើ​ចំណុច​សំខាន់​ៗ​ ហើយ​យល់​វា​វិញ​ទើប​ប្រសើរ។ បើ​ចាំ អ្នក​មិន​អាច​ឆ្លើយ​បាន​ទេ​បើ​សំនួរ​សួរ​មិន​ចំ តែ​បើ​សិន​ជា​អ្នក​យល់​វិញ ទោះ​ជា​សំនួរ​បញ្ឆិត​បញ្ឈៀង​យ៉ាង​ណា​ក៏​អាច​សរសេរ​ពន្យល់​គេ​បាន។


5. ថ្ងៃ​ប្រលង

ការ​មើល​មេរៀន​ទាំង​អស់​ត្រូវ​មក​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ប្រលង ហេតុ​នេះ​ថ្ងៃ​ប្រលង​ពិត​ជា​សំខាន់។ ពី​យប់​មុន​ប្រលង អ្នក​ត្រូវ​ចូល​គេង​មុន ហើយ​គេង​ឲ្យ​បាន​ឆ្អែត​ទើប​ក្រោក​ពេល​ព្រឹក​មក​ស្រស់​ស្រាយ។ បន្ទាប់​ពី​គេង​បាន​ស្រួល​ពី​យប់ ពេល​ព្រឹក​អ្នក​ក៏​ត្រូវ​ត្រៀម​ខ្លួន​ដែរ។ អ្នក​ត្រូវ​ក្រោក​មុន​ម៉ោង រៀប​ចំ​ខ្លួន​ទៅ​សាលា​តាម​សម្រួល ហើយ​បន្ទាប់​មក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​សំបូរ​ថាម​ពល​និង​សារជាតិ​បំប៉ន​ផង។ អាហារ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង ព្រម​ទាំង​ការ​គិត​ស្រស់​ស្រាយ​ទៀត​ផង។


ដោយ៖ ហ៊ាង សុគន្ធារី

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments