ព័ត៌មានថ្មីបំផុត

ឈប់​​​ភ័យ​​​ខ្លាច​​​រឿង​​​ប្រឡង​​​ ជាមួយ​​​វិធី​​​សាស្រ្ត​​ទាំង​​​នេះ​​​

Loading...
មិនថាសិស្សណាឬសិស្សណានោះទេំ ពួកគេសុទ្ធតែមានការបារម្ភខ្លាំងចំពោះរឿងប្រឡង។​ ការព្រួយបារម្ភហួសហេតុពេកនេះ ក៏ផ្ដល់ភាពអវិជ្ជមានសម្រាប់លទ្ធផលរបស់អ្នកផងដែរ ដោយសារតែមិនអាចផ្ដោតអារម្មណ៍មើលមេរៀនបានមូល។ បែបនេះហើយអ្នកត្រូវតែដឹងពីវិធីងាយៗមួយចំនួន ដែលជួយកាត់បន្ថយភាពព្រួយបារម្ភពីការប្រឡងហួសហេតុនេះបាន។



១. ត្រូវតែមានទម្លាប់រៀនជាប់លាប់




ទម្លាប់រៀនជាប់លាប់ គឺជាជម្រើសល្អមួយដែលអាចជួយឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចពីការប្រឡង។ នៅពេលដែលអ្នកបានរៀនជាប់លាប់ហើយនោះ អ្នកនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯង​ ហើយការព្រួយបារម្ភទាំងអស់នឹងកាត់បន្ថយ។




២. កុំប្រញាប់មើលមេរៀនក្នុងរយៈពេលខ្លី


សិស្សមួយចំនួនមិនមានការត្រៀមខ្លួនសម្រាប់ការប្រឡងឲ្យបានត្រឹមត្រូវនោះទេ។ អ្នកខ្លះចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ដើម្បីរម្លឹកមេរៀនទាំងអស់ដែលបានរៀនសម្រាប់ការប្រឡង។ ការធ្វើបែបនេះ ពិតជាខុសខ្លាំងណាស់ ព្រោះវានឹងធ្វើឲ្យអ្នកបារម្ភកាន់តែខ្លាំង ដោយសារតែមានមេរៀនជាច្រើនត្រូវអានក្នុងរយៈពេលខ្លីបែបនេះ។




៣. ហាត់ប្រាណ

ការហាត់ប្រាណក៏ជាមធ្យាបាយដែលជួយឲ្យអ្នកកាត់បន្ថយភាពខ្វល់ខ្វាយហួសកម្រិត សម្រាប់ការប្រឡងផងដែរ។ ការហាត់ប្រាណ ជួយឲ្យអ្នកកាត់បន្ថយភាពស្ត្រេស និងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នកថែមទៀតផង ថែមទាំងធ្វើឲ្យអ្នកមានសុខភាពផ្លូវកាយកាន់តែរឹងមាំ។


៤. គេងឲ្យបានគ្រប់គ្រាន់

ជាចាំបាច់ណាស់ដែលអ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់។ ជាពិសេសសម្រាប់ពេលមុន១ថ្ងៃនៃការប្រឡងមកដល់ ដោយត្រូវធានាថាអ្នកបានគេងគ្រប់គ្រាន់។ បើគេងមិនគ្រប់គ្រាន់នោះទេ វានឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។


៥. ហូបឲ្យបានគ្រប់គ្រាន់

អ្នកខ្លះយល់ខុសដោយពួកគេមិនបរិភោគអ្វីទាំងអស់មុនពេលប្រឡង។ ការគិតបែបនេះពិតជាខុស ព្រោះការទៅប្រឡងដោយពោះទទេរនោះមិនមែនជាជម្រើសល្អនោះទេ។ វានឹងធ្វើឲ្យអ្នកកូរពោះ អស់កម្លាំង ហេវហត់និងមិនអាចផ្ដោតអារម្មណ៍លើការប្រឡងនោះទេ។ វានឹងធ្វើឲ្យអ្នកមានការបារម្ភពីការប្រឡងកាន់តែខ្លាំង។


៦. ត្រូវតែគិតវិជ្ជមាន

អ្នកត្រូវមានគំនិតវិជ្ជមាន ដោយត្រូវគិតថាអ្នកអាចធ្វើវាបាន។ ហើយអ្នកមិនត្រូវគិតថា ការប្រឡងនោះពិបាកខ្លាំងណាស់​ រឺអ្នកមិនអាចធ្វើវាបាននោះទេ។ ការគិតអវិជ្ជមានបែបនេះ នឹងធ្វើឲ្យអ្នកកាន់តែបារម្ភថែមទៀតទៅវិញ។


៧. ទុកពេលខ្លះដើម្បីសម្រាក

ដើម្បីធ្វើឲ្យអារម្មណ៍អ្នកបានធូរស្រាលនោះ អ្នកត្រូវតែទុកពេលខ្លះដើម្បីសម្រាក។ អ្នកអាចធ្វើវាបានដោយព្យាយាមដកដង្ហើមមួយៗ និងព្យាយាមគិតពីអ្វីផ្សេងៗ ក្រៅពីការប្រឡងដើម្បីឲ្យខ្លួនអ្នកមានអារម្មណ៍ធូរស្រាល។

ប្រភព៖ educationcorner
អត្ថបទដោយ៖ ប៉ោ គឹមហុក

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments