ព័ត៌មានថ្មីបំផុត

កាយ​​វិកា​រ​របស់​ស្រ្តី​ដែល​បុរស​គិត​ថា​មិន​គួរ​ឲ្យ​ទាក់​ទាញ​

Loading...
ជា​ធម្មតា​ទេ នៅ​ពេល​ចូល​ដល់​វ័យ​ជំទង់​ៗអស់​ទៅ មនុស្ស​ទាំង​ប្រុស​ទាំង​ស្រីតែង​មាន​អារម្មណ៍​ចំពោះ​​​ភេទ​ផ្ទុយ​គ្នា។ ទោះជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ម្នាក់​ៗ​មាន​ការ​ពេញ​ចិត្ត​រៀង​ៗ​ខ្លួន។ មាន​អ្នក​ខ្លះ​ចូល​ចិត្ត​តែ​មនុស្ស​ស្អាតៗ អ្នក​ខ្លះ​ចូល​ចិត្ត​មនុស្ស​កាច ទៅតាម​​ការ​មើល​ឃើញ​របស់​ពូក​គេ។ ដោយ​ឡែក បើ​និយាយ​ពី​ចំណុច​ទាក់​ទាញ​របស់​ស្រ្តី​វិញ ស្ត្រី​តែង​មាន​ចំងល់​ថា​តើ​ចំណុច​អ្វី​ខ្លះ​របស់​ខ្លួន​ដែល​មើល​ទៅ​គួរ​ឬ​មិន​គួរ​ឲ្យ​ទាក់​ទាញ​ខ្លះ។ បើ​ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់ ខាង​ក្រោម​នោះ​គឺជា​ចំណុច​និង​កាយវិការ​ខ្លះ​ៗ​ដែល​បុរស​គិត​ថា​មិន​គួរ​ឲ្យ​ទាក់​ទាញ​របស់​ស្រ្តី​។






1. មិន​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ថា​យើង​គោរព​គាត់


មនុស្ស​ណា​ក៏​ចង់​ឲ្យ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ចេះ​ខ្វល់​ខ្វាយ​ពី​អារម្មណ៍​និង​គោរព​ខ្លួន​ដែរ។ បើ​សិន​ជា​គាត់​ប៉ាវ​អ្នក​ញ៉ាំ​អាហារ​ឬ​នាំ​ដើរ​លេង អ្នក​គួរ​យ៉ាង​ហោច​ណាស់​និយាយ​អរគុណ​គាត់​ដើម្បី​ឲ្យ​គាត់​គិត​ថា​អ្នក​​ក៏​យក​ចិត្ត​ទុក​ដាក់​ពី​គាត់​ដែរ។ អាកប្បកិរិយា​មួយ​ទៀត​ដែល​បុរស​មិន​ពេញ​ចិត្ត គឺ​ការ​រង​ចាំ។ នៅ​ពេល​អ្នក​មាន​គំរោង​ទៅ​ណា ហើយ​ធ្វើ​ឲ្យ​គាត់​រង​ចាំ​យូរ វា​ជា​សញ្ញា​ប្រាប់​បុរស​ថា​អ្នក​មិន​គោរព​គាត់ ព្រម​ទាំង​មិន​គោរព​ពេល​វេលា​របស់​គាត់​ទៀត​ផង។ ដូច​នេះ​កុំ​ធ្វើ​ឲ្យ​គាត់​ចាំ​យូរ។

2. មិន​មាន​គំរោង​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត


បុរស​មិន​ចូល​ចិត្ត​ស្រ្តី​ណា​ដែល​មិន​មាន​ការ​ប្រឹង​ប្រែង​ និង​គ្មាន​គំរោង​ជីវិត​ច្បាស់​លាស់​ឡើយ។ បុរស​មិន​ចូល​ចិត្ត​នារី​ណា​ដែល​ដេក​ចាំ​តែ​អ្វី​នឹង​កើត​ឡើង​ទេ តែ​ជា​មនុស្ស​ដែល​មាន​ការ​គិត​និង​ការសិក្សា​ប្រហាក់​ប្រហែល​នឹង​គាត់​ដែរ។ ហេតុ​នេះ កុំ​ចំណាយ​ពេល​ចោល គ្រាន់​តែ​គិត​មិន​ធ្វើ ព្រោះ​បើ​វា​មិន​មែន​សម្រាប់​បុរស​ដែល​អ្នក​ស្រឡាញ់ គឺ​វា​សំខាន់ណាស់​សម្រាប់ខ្លួន​អ្នក​ផ្ទាល់។

3. និយាយ​ដើម​គេ​នៅ​ចំពោះ​មុខ​គាត់


គេ​តែង​នាំ​គ្នា​និយាយ​ថា «Great mind discuss idea; Average mind discuss events; small mind discuss people»។ នៅ​ពេល​ដែល​អ្នក​និយាយ​ដើម​គេ​ប្រាប់​សង្សា​របស់​អ្នក បុរស​អាច​គិត​ថា​អ្នក​គ្មាន​អ្វី​សំខាន់​និយាយ​ទេ។ គាត់​ប្រហែល​ធ្វើ​ជាចាប់​អារម្មណ៍​និង​រឿង​របស់​អ្នក តែ​តាម​ពិត​គឺគាត់​មើល​ពី​ទឹក​ចិត្ត​របស់​អ្នក​ទេ។ ជា​ពិសេស​ពេល​អ្នក​និយាយ​ដើម​មិត្ត​ភក្តិ​របស់​អ្នក​ប្រាប់​គាត់ គាត់​នឹង​អាច​គិតថា តើ​នៅក្រោយ​ខ្នង​គាត់​ អ្នក​និយាយ​អ្វី​ខ្លះ​ពី​គាត់​ប្រាប់​មិត្ត​របស់អ្នក​វិញ។ ហេតុ​នេះ កុំ​និយាយ​អាក្រក់​ពីអ្នក​ដទៃ​អី។

4. ​ជឿ​ជាក់​ចំពោះ​ខ្លួនឯង​ជ្រុល


ជា​ការ​ពិត បុរស​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​រឹង​មាំ និង​​មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង។ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​បុរស​គិត​ថា​មិន​ទាក់​ទាញ​សម្រាប់​ស្រី។ កាយ​វិការ​ខ្លះ​ដូចជា អ្នក​គិត​ថា​អ្នក​ល្អ​ពេក​សម្រាប់​បុរស បុរស​អាច​ដឹង ហើយ​មិន​ចូល​ចិត្ត​ទេ។ ចំណុច​មួយ​ទៀតគឺ​បុរស​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ណា​ដែល​ដឹង​គ្រប់់​រឿង​ទេ។ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ល្អ បើ​អ្នក​តែង​គិត​ថា​ខ្លួន​ឯ​ង​ជា​អ្នក​ត្រូ​វ​រហូត។


5. មាន​ពេល​ច្រើន​ពេក

នេះ​មាន​ន័យ​ថា បុរស​មិន​ចូល​ចិត្ត​កាយ​វិការ​ដែល​តាម​ស្អិត​របស់​មនុស្ស​ស្រី​ទេ។ អ្នក​មិន​គួរ​ខល​ឬ​ផ្ញើរ​សា​រ​ទៅ​គាត់​ញឹក​ញាប់​ពេក​ទេ ព្រោះ​អ្នក​កំពុង​ធ្វើ​ឲ្យ​គាត់​ខាត​ពេល ហើយ​គាត់​អាច​គិត​ថា​អ្នក​ទំនេរ​ពេក​ហើយ។​

6. ផាត់​មុខ​ក្រាស់​ពេក ​

មនុស្ស​ស្រី​ដែល​ចំណាយ​ពេល​រាប់​ម៉ោង​លើ​ការ​ផាត់​មុខ​មិន​ប្រាកដ​ថា​ជា​អ្វី​ដែល​បុរស​ពេញ​ចិត្ត​នោះ​ទេ។ ការ​ផាត់​មុខ​ដែល​ស្អាត​គ្រាន់​តែ​មាន​ ម្សៅ​ទ្រនាប់​បន្តិច ក្រែម mascara និង​ចិញ្ចើម​បន្តិច​បាន​ហើយ។ បើ​សិនជាអ្នក​ផាត់​មុខ​ដោយ​ប្រើ​ពណ៌​ភ្នែក​ខ្លាំង​​ពេក ឬ​ក៏​រោម​ភ្នែក​ដែល​រញ៉េ​រញ៉ៃ​ពេក បុរស​មើល​ឃើញ​គួរ​ឲ្យ​ខ្លាច។ ដូច​នេះ​អ្នក​គួរ​ផាត់​មុខ​ធម្មជាតិ​ទើប​ជា​ការ​ប្រសើរ។

7. ប្រើ​មូដ​សក់​ខ្លាំង​ពេក



វិធី​ធ្វើ​សក់​អ្នក​ឲ្យ​ទាក់​ទាញ​គឺ​គ្រាន់​តែ​ទម្លាក់​ធម្មតា ឬ​ក៏​មូដ​បន្តិច​បន្តួច​បាន​ហើយ។ មូដ​សក់​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​គេ​មើល​មកគួរ​ឲ្យ​ខ្លាច និង​មិន​ចាប់​អារម្មណ៍។ ម្យ៉ាង​ទៀត អ្នក​មិន​គួរ​ទៅ​លាប​ពណ៌​សក់​ច្រើន​ពេក មាន​លាយ​ពណ៌នេះ​ផង ពណ៌​នោះ​ផង​ព្រោះ​វា​មើល​ទៅ​មិន​គួរ​ឲ្យ​ស្អាត​ទេ។ សក់​ធម្មជាតិ​របស់ អ្នក​គឺ​ល្អ​ហើយ។

អត្ថបទដោយ៖ ហ៊ាង សុគន្ធារី

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments