ព័ត៌មានថ្មីបំផុត

ងាយៗ​​ជួយ​​ឲ្យ​​មាន​​ការ​​សិក្សាជា​​ក្រុម​​ដែល​​ល្អមួយ​

Loading...
ការសិក្សាជាក្រុមពិតជាមានសារៈសំខាន់សម្រាប់សិស្សគ្រប់រូប។ ប៉ុន្តែអ្នកត្រូវតែប្រាកដថា Study Group នេះគឺជាក្រុមល្អនិងជួយមនុស្សគ្រប់គ្នាក្នុងក្រុមបានទៅវិញទៅមក។ តើអ្នកដឹងថាត្រូវធ្វើអ្វីខ្លះដែររឺទេ ដើម្បីទទួលបានក្រុមសិក្សាដែលល្អប្រសើរមួយនោះ?



១. ចំនួនសមាជិក

អ្នកត្រូវតែប្រាកដពីចំនួនសម្រាប់សមាជិកក្រុមសិក្សារបស់អ្នក។ ចំនួននេះមិនត្រូវច្រើន ឬតិចពេកនោះទេ។ ចំនួនដែលល្អប្រសើរនោះ គឺចន្លោះពីមនុស្ស ៤ ទៅ៦នាក់។ ព្រោះថាបើមានចំនួនតិចពេកនោះ Study Groupរបស់អ្នកនឹងមិនអាចពន្យល់គ្រប់យ៉ាងបាននោះទេ។ ផ្ទុយទៅវិញបើសិនជា Study Groupមានចំនួនសមាជិកច្រើនពេកវិញ នោះនឹងមានអ្នកខ្លះមិនសូវយកចិត្តទុកដាក់និងបង្ករជាបញ្ហាទៅវិញ។


២. អ្នកណាខ្លះដែលគួរជ្រើសរើស

ដើម្បីទទួលបានក្រុមសិក្សាដែលជោគជ័យមួយនោះ អ្នកត្រូវតែមានការជ្រើសរើសសមាជិកឲ្យបានច្បាស់លាស់។ អ្នកមិនត្រូវរើសសមាជិកផ្ដេសផ្ដាស់នោះទេ។ អ្នកត្រូវតែប្រាកដថា សមាជិកក្រុមរបស់អ្នកមានគោលបំណងច្បាស់លាស់ ចង់ទទួលបានពិន្ទុល្អនិងក្លាយជាសិស្សពូកែ។ មនុស្សប្រភេទនេះមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សា ហើយពួកគេនឹងអានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវអាននិងព្យាយាមពន្យល់ទៅអ្នកដទៃយ៉ាងច្បាស់លាស់។


៣. ជ្រើសរើសទីកន្លែងដែលសាកសម

ក្រៅពីមានសមាជិកដែលប្រពៃហើយនោះ អ្នកក៏ត្រូវតែពិចារណាពីទីកន្លែងដែលត្រូវសិក្សាជាក្រុមផងដែរ។ អ្នកត្រូវតែប្រាកដថា កន្លែងសិក្សាគ្មានអ្វីមករំខានទាំងអស់ និងមានភាពស្ងប់ស្ងាត់ល្អ។ ជាធម្មតាសិស្សតែងតែមកសិក្សាជាក្រុមទាំងអស់គ្នាក្នុងបន្ទប់ពិភាក្សាក្នុងបណ្ណាល័យ។


៤. រយៈពេលប៉ុន្មានដែលសាកសម

រយៈពេលក៏ជាអ្វីដែលអ្នកមិនត្រូវរំលងផងដែរសម្រាប់ការធ្វើឲ្យ Study Groupរបស់អ្នកជោគជ័យ។ រយៈពេលដែលល្អបំផុតនោះគឺចន្លោះពី ២ទៅ៣ម៉ោង។ ព្រោះថាបើម៉ោងសិក្សាតិចពេក វានឹងធ្វើឲ្យសមាជិកម្នាក់ៗមានការប្រញាប់ និងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីពន្យល់។ ចំណែកឯម៉ោងសិក្សាច្រើនពេកនោះវិញ វានឹងធ្វើឲ្យការពិភាក្សាបែកអូរហូរស្ទឹង និយាយពីរឿងអ្វីផ្សេងទៀត។


៥. ពេលវេលាមួយណា

ចំណុចមួយចុងក្រោយនេះ អ្នកត្រូវតែមានការកំណត់ពីពេលវាលាច្បាស់លាស់មួយសម្រាប់ការពិភាក្សារបស់ Study Group។ នៅពេលដែលអ្នកបានកំណត់ពេលវេលាច្បាស់លាស់ហើយនោះ វានឹងធ្វើឲ្យសមាជិកក្រុមមានការត្រៀមខ្លួន និងអានអ្វីដែលខ្លួនតម្រូវឲ្យអាន។ លើសពីនេះ ពួកគេនឹងព្យាយាមអានបញ្ចប់ផ្នែករបស់ពួកគេ មុននឹងពេលការពិភាក្សាក្រុមមកដល់។


ប្រភព៖ educationcorner
អត្ថបទដោយ៖ ប៉ោ គឹមហុក

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments