ព័ត៌មានថ្មីបំផុត

អ៊ុច នីដា តស៊ូ​ផ្សព្វ​ផ្សាយ​ដើម្បី​សិប្បកម្ម​កម្ពុជា​

Loading...
“សិប្បកម្មកម្ពុជា” ឬ “Kampuchea Craft” គឺជាគម្រោងមួយដែលបង្កើតឡើងដោយកញ្ញា អ៊ុច នីដាដែលជានិស្សិតឆ្នាំទីបួនក្នុង ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។


គម្រោងមួយនេះផងដែរត្រូវបានបង្កើតឡើងនៅក្នុងដើមឆ្នាំ ២០១៧ និងដាក់ជាប្រើប្រាស់នៅដើមខែមេសា ហើយគម្រោងទាំងមូលធ្វើឡើងដោយអនុវត្តនូវ “យុទ្ធសាស្ត្រក្នុងការទំនាក់ទំនងជាសាធារណៈទៅលើសិប្បកម្មកម្ពុជា” ដើម្បីអោយមានការចាប់អារម្មណ៍កាន់តែខ្លាំងពី អ្នកជំនួញ យុវជនកម្ពុជា និង​ បណ្ដាអង្គការក្រៅរដ្ឋាភិបាលដ៏ទៃទៀត ដោយពួកគេអាចទទួលយកពត៌មានទាំងនេះពីបណ្ដាញទំនាក់ទំនងសង្គម និងសារពត៌មានទាំងឡាយ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃវិស័យសិប្បកម្មខ្មែរ និងអោយតម្លៃដល់ផលិតផលក្នុងស្រុក។


 មូលហេតុដែលកញ្ញាបង្កើតគម្រោងមួយនេះគឺដោយសារតែ ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ តម្រូវឲសិស្សានុសិស្សធ្វើសារណា ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនេះ ទើបកញ្ញាជ្រើសរើសយកប្រធានបទមួយនេះដែលបានគិត តាំងពីពេលដែលសិក្សាឆ្នាំទី៣ ដែលវាគឺជាអ្វីដែលនាងស្រលាញ់ ហើយលើសពីនេះទៅទៀត ដោយសារតែបានឃើញនូវកង្វះខាតលើការផ្សព្វផ្សាយផ្នែកសិប្បកម្មខ្មែរ ទើបកញ្ញាសម្រេចចិត្តបង្កើតគម្រោងនេះឡើងដើម្បីជួយទៅដល់សង្គមយើងតែម្ដង។

សម្រាប់យុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈនេះកញ្ញាបានប្រើប្រាស់វិធីផ្សេងៗដូចជា៖

១. ប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកដើម្បីផ្សព្វផ្សាយ។

២. បង្កើតជា Poster ដែលទាក់ទងជាមួយផលិតផលសិប្បកម្មនីមួយៗហើយបោះពុម្ភនិងផ្សាព្វផ្សាយនៅតាមហាងកាហ្វេនានា និង​ តាមបណ្ដាញអ៊ីនធើណេត។

៣. បង្កើតជា Catalogue Book ដែលប្រមូលផ្ដុំនូវផលិតផលសិប្បកម្មទាំង១០ ដែលមានភាពងាយស្រួលក្នុងការកាន់ និងអាចធ្វើជាកាដូអនុស្សាវរីយ៍ទៀតផង។

៤. ផលិតវីដេអូឯកសារខ្លីៗ និយាយទាក់ទងជាមួយនឹងដំណាក់កាល​នៃការផលិតរបស់ផលិតផល​នីមួយៗ និង វីដេអូដែលនិយាយរៀបរាប់ទាក់ទងជាមួយនឹងជីវិតរបស់សិប្បករ។



សម្រាប់គោលបំណងធំៗរបស់គម្រោងនេះគឺចង់ផ្សព្វផ្សាយផលិតផលសិប្បកម្មខ្មែរទៅកាន់មហាជន ដូច្នេះបើមានការផ្សព្វផ្សាយច្រើន ប្រជាជនប្រាកដជាបានដឹងលឺច្រើនពីផលិតផលនោះ បន្ទាប់មកចរាចរណ៍នៃការលក់ដូរផលិតផលទាំងនោះ រួមទាំង ការផលិតនិងកើនឡើងជាលំដាប់ ហើយនៅពេលដែលមានការនាំចេញ អ្នកជំនួញក្នុងស្រុកនិងងាកមកវិនិយោគទុននៅផ្នែកនេះជាជាងវិនិយោគទុនក្រៅប្រទេស និងអ្វីដែលសំខាន់នោះគឺចង់ឲប្រជាជនខ្មែរយើង ជឿជាក់និងឲ្យតម្លៃទៅលើផលិតផលសិប្បកម្មក្នុងស្រុកនិងជួយទិញដើម្បីបង្កើនចំនូលដល់អ្នកផលិត។

កញ្ញាក៏បានប្រាប់ផងដែរថាសម្រាប់គម្រោងមួយនេះគឺពិតជាមានផលលំបាកច្រើន ព្រោះតែអ្វីដែលបានជួបគឺសុទ្ធតែថ្មីទាំងអស់ដែលកញ្ញាត្រូវយកជំនាញទាំងឡាយដែលបានសិក្សា នៅក្នុងថ្នាក់មកអនុវត្តផ្ទាល់តែម្ដង ហើយអ្វីដែលកំពុងធ្វើពេលនេះ គឺកើតចេញពីការស្រលាញ់របស់ខ្លួនឯង រួមទាំងមានការជម្រុញទឹកចិត្តពីអ្នកជំវិញខ្លួន ក៏ដូចជាលោកគ្រូ និង Supervisor ផងទើបធ្វើអោយកញ្ញាមិនរាថយ ក្នុងការប្រឈមមុខនិងបញ្ហាទាំងនោះនិងដោះស្រាយវាម្ដងមួយៗរហូតមក។



សម្រាប់គម្រោងមួយនេះកញ្ញាពិតជាមិនមានមោទនភាពចំពោះខ្លួនឯង​ដែលបានបង្កើតវាឡើងនោះទេ តែកញ្ញាមានមោទនភាព​ចំពោះវិស័យសិប្បកម្មខ្មែរ​ហើយក៏ស្នើរសុំឲអ្នកទាំងអស់គ្នាងាកមកឲ្យតម្លៃរាល់ផលិតផលសិប្បកម្មខ្មែរយើង​ព្រោះផលិតផលទាំងនោះគឺមិនមែនផលិតឡើងគ្រាន់តែលក់ឲ្យអ្នកទេសចរនោះទេ តែវាក៏ត្រូវការការគាំទ្រពីប្រជាជនក្នុងស្រុកយើងដូចគ្នា។


អត្ថបទដោយ៖ ជុំ រស្មី

ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520៕

No comments