ព័ត៌មានថ្មីបំផុត

ពិបាក​ពន្យល់​អ្នក​ដទៃ​ណាស់​មែនទេ?​​ វិធី​ទាំង​នេះ​អាច​ជួយ​បាន!​

Loading...
ការនិយាយអ្វីមួយពន្យល់ទៅកាន់អ្នកណាម្នាក់ មិនមែនជារឿងពិបាកនោះទេ តែប្រាកដថាគេពិតជាអាចយល់នូវអ្វីដែលយេីងកំពុងពន្យល់ឬអត់ ទេីបជារឿងដែលពិបាក​ តែកុំបារម្ភ!​ បន្ទាប់ពីអានអត្ថបទមួយនេះ អ្នកនឹងមានភាពងាយស្រួលក្នុងការពន្យល់អ្នកដទៃជាក់ជាមិនខាន។




១. ត្រូវនិយាយអំពីចំណុចសំខាន់ ចំណុចសំខាន់គឺជាគោលដៅតែមួយគត់ដែលអ្នកចង់បង្ហាញ ដូច្នេះគួរតែ​ចៀសវាងការពន្យល់ក្បោះក្បាយតែភ្លេចបញ្ជាក់អំពីចំណុចសំខាន់។
 

២. ល្បឿនក្នុងការនិយាយ អ្នកត្រូវប្រាកដថាការនិយាយរបស់អ្នកមិនយឺតពេកដែលនាំអោយគេធុញក្នុងការស្ដាប់​ ឬលឿនខ្លាំងពេកដែលអាចអោយគេស្ដាប់មិនបាននូវអ្វីដែលអ្នកកំពុងនិយាយ ហេីយបេីសិនជាអាចគប្បីរក្សាល្បឿនក្នុងការនិយាយអោយបានថេរកាន់តែប្រសេីរ។


 
៣. ចៀសវាងការប្រេីពាក្យបច្ចេកទេស
ការប្រេីប្រាស់ភាសានិយាយសាមញ្ញគឺជារឿងប្រសេីរចៀសវាងការប្រេីប្រាស់ពាក្យបច្ចេកទេស​ ឬពាក្យដែលមានន័យជ្រៅព្រោះអាចនាំអោយគេកាត់ន័យខុស​ ឬយល់ច្រឡំ។

 
៤. បរិយាកាស បរិយាកាសក៏ជារឿងសំខាន់មួយដែលគួរចាប់អារម្មណ៍ក្នុងអំឡុងពេលដែលយេីងពន្យល់ដោយយ៉ាងហោចណាស់គួរបង្កេីតអោយមានបរិយាកាសរីករាយជៀសវាងភាពតានតឹងដែលនាំអោយភាគីអ្នកស្ដាប់មានអារម្មណ៍ថាយេីងកំពុងតែដាក់សម្ពាធទៅលេីគេ។​ ការញញឹមក៏អាចជួយបានមួយផ្នែកផងដែរសម្រាប់ចំណុចនេះ។
 

៥. ភាសាកាយវិការ កាយវិការក៏ជាភាសាមួយដ៏ល្អផងដែរសម្រាប់ការពន្យល់ ព្រោះវាអាចជួយអោយភាគីម្ខាងទៀតកាន់តែចាប់អារម្មណ៍ក្នុងការស្ដាប់ ហេីយនិងកាន់តែយល់ច្បាស់អំពីអ្វីដែលយេីងកំពុងនិយាយ។

 
៦.​ លេីកជាចំងល់ នៅពេលដែលការពន្យល់បានបញ្ចប់​យេីងគួរតែលេីកជាចំងល់ខ្លះៗ ហេីយអោយភាគីម្ខាងទៀតដោះស្រាយដេីម្បីបញ្ជាក់ថា គេពិតជាយល់នូវអ្វីដែលយេីងនិយាយមុននេះ។


អត្ថបទដោយ៖ ជុំ​ រស្មី
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments