ព័ត៌មានថ្មីបំផុត

ធ្វើ​ម៉េច​ឲ្យ​​មាន​ភាព​​ជឿ​ជាក់​ពេល​ធ្វើ​ Presentation នៅ​មុខមនុស្សច្រើន?

Loading...
ជា​ទូទៅ ចំពោះ​សិស្ស​សាកលវិទ្យាល័យ ការ​ឡើង​និយាយ​បង្ហាញ ឬ​និយាយ​សាធារណៈ (presentation) នៅ​ចំពោះ​មុខ​មិត្តភក្តិ​រួមថ្នាក់​ទាំង​អស់​​ តែង​មាន​ជា​ញឹក​ញាប់។ ​អារម្មណ៍ និង​ការ​តាំង​ចិត្ត​ នៅ​ពេល​​ឡើង​ទៅ​ដល់​វេទិកា គឺជា​រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​មើល​ថែរ។ ការ​ភ័យ​គឺជា​រឿង​ធម្មតា​ដែល​តែង​កើត​មាន​ចំពោះ​មនុស្ស​រាល់​គ្នា​ ហើយ​បើ​ដូច​នោះអ្នក​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ឲ្យ​អ្នក​មាន​ចិត្ត​កាន់​តែ​ក្លាហាន និង​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួនឯង​ និង​មិន​ឲ្យ​គេ​មើល​ឃើញ​ថា​យើង​ភ័យ? ខាង​ក្រោម​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​មើល​រំលង។




1. ត្រៀម​ខ្លួន​និង​រៀប​ចំ​ខ្លឹមសារ​និយាយ​ឲ្យ​បាន​មុខ


ពិត​ណាស់ ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ភ័យ​គឺ​ចំណេះ​ដឹង​របស់​អ្នក។ អ្នក​អាច​មាន​អារម្មណ៍​មិន​ទាន់​ដឹង​ថា​ត្រូវ​និយាយ​ពី​អ្វី មិន​ដឹង​និយាយ​ពី​ណា​ទៅ​ណា។ ក្នុង​ករណី​នេះ ការ​រៀប​ចំ ស្រាវជ្រាវ និង​កត់​ត្រា​ទុក​គឺជា​រឿង​សំខាន់​ណាស់។ អ្នក​ត្រូវ​ដឹង​និង​យល់ឲ្យ​បាន​ច្បាស់​​ពីអ្វីដែល​អ្នក​កំពុង​និយាយ ហើយ​ជា​ពិសេស​គឺ​ត្រូវ​ដឹង​ថា​និយាយ​ពី​កន្លែង​ណា​ទៅ​កន្លែង​ណា ទើប​អ្នក​មិន​សូវ​ទាក់ និង បាត់​ចំណុច​ដែល​ចង់​និយាយ។ ពេល​មុន​ឡើង​និយាយ អ្នក​គួរ​សរសេរ​ខ្លឹម​សារ​គោលៗ​ដាក់​ក្នុង​ក្រដាស​តូច​មួយ សម្រាប់​ជា​ជំនួយ​ដល់​ការ​ចង​ចាំ​របស់​អ្នក។​


2. អនុវត្តន៍​ការ​និយាយ​ជា​ញឺក​ញាប់

បន្ទាប់​ពី​ដឹង​ថា​ត្រូ​វ​និយាយ​ពី​អ្វី​ហើយ អ្នក​គួរ​ហាត់​និយាយ​ខ្លួន​ឯង​បន្ត​ទៀត។ បើ​សិន​ជា​អ្នក​ត្រូវ​និយាយ​ជា​ភាសា​ដើម​របស់​អ្នក វា​មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេព្រោះអ្នក​ស៊ាំ​នឹង​ឃ្លា​ ប្រយោគរួច​ហើយ តែ​បើ​និយាយ​ជា​ភាសា​បរទេស អ្នក​ត្រូវ​ហាត់​និយាយ​ឲ្យ​បាន​ច្រើន​បន្តិច។ ការ​ហាត់ទៅ​មក​ទៅ​មក​នេះ អាច​ជួយ​ឲ្យ​អ្ន​ក​មាន​អារម្មណ៍ស៊ាំ​ទៅ​នឹង​វេទិកា នឹង​មិន​សូវ​ភ័យ​ពេលឡើង​និយាយមែន​ទែន។


3. ញ៉ាំ​ទឹក​មុន​ពេល​ឡើង​និយាយ

មុន​ពេល​ឡើង​និយាយ អ្នក​អាច​មាន​អារម្មណ៍​ភ័យ ញ័រ​ដៃ​ញ័រ​ជើង។ នៅ​ពេល​នោះ អ្នក​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើនដើម្បី​ឲ្យ​អារម្មណ៍​របស់​អ្នក​បាន​ស្ងប់​ខ្លះ។ មិន​មែន​តែ​ប៉ុណ្ណោះទេ ហេតុ​ផល​មួយ​ទៀត​ដែល​អ្នក​គួរ​ញ៉ាំ​ទឹក​ព្រោះ​ថា អ្នក​ត្រូវ​និយាយ​រយៈ​ពេល​យូរ ដូច​នេះ ទឹក​អាច​ជួយ​ផ្សើម​បំពង់​កររបស់​អ្នក​បាន​យូរ ជួយ​ឲ្យ​អ្នក​និយាយ​បាន​ល្អ មិន​បែក​សំឡេង មិន​ឈឺ​ក។


4. ធ្វើ​កាយ​វិការ​បង្ហាញ​ពី​ទំនុក​ចិត្ត

ការ​ធ្វើ​កាយ​វិការ​ពេល​ឡើង​និយាយ​គឺជា​រឿង​សំខាន់​ណាស់។ អ្នក​មិន​គួរ​ឈរ​ទ្រឹង ស្ងៀម​មិន​មាន​កាយ​វិការ​ទេ ព្រោះ​វា​អាច​ឲ្យ​អ្នក​ស្តាប់​ងាយ​ធុញ​ទ្រាន់។ បើ​ធ្វើ​កាយ​វិការ ក៏​មិន​ឲ្យ​ច្រងេង​ច្រងាង​ដែរ។ អ្នក​គួរ​ឈរ​ ធ្វើ​ខ្លួន​ឲ្យ​ត្រង់​ កុំ​ផ្អែក​ខ្លួន​ជាមួយ​របស់​ណា​មួយ ហើយ​ក៏​កុំ​ច្រត់​ដៃ​លើ​របស់​អ្វី​មួយ​ទៅ​វិញ​ទៅ​មក​ដែរ។ ដៃ​របស់​អ្នក​គួរ​ដាក់​ស្របនឹង​ខ្លួន ហើយរវាង​ពី​កែង​ដៃទាំង​ពីរ​ទៅ អ្នក​អាច​ធ្វើ​កាយ​វិការ​ទៅ​មក​បាន​។


5. ធ្វើ​ឲ្យ​អ្នក​មើល​ចូល​រួម​ជា​មួយ

ការ​ធ្វើ​ឲ្យ​អ្នក​មើល​ចាប់​អារម្មណ៍​ និង​ស្តាប់​ពិត​ជា​រឿង​សំខាន់។ អ្នក​គួរ​មើល​ទៅអ្នកទស្សនា​របស់​អ្នក​ជានិច្ចដើម្បី​ឲ្យ​ពួក​គេ​ប្រុង​ប្រៀប​ស្តាប់ និង​មើល​មក​យើង​វិញ។ ក្រៅ​ពី​នេះ ដើម្បី​កុំ​ឲ្យ​បរិយាកាស​ការ​និយាយ​មាន​ភាព​អួរអាប់​ អ្នក​គួរ​សួរ​សំនួរ​ទៅ​អ្នក​ទស្សនា ឬ​និយាយ​អ្វី​កំប្លែង​ៗ​ខ្លះ​ឲ្យ​ពួក​គេ​សើច។


ដោយ៖ ហ៊ាង សុគន្ធារី

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments