ព័ត៌មានថ្មីបំផុត

តើ​​ត្រូវ​​ធ្វើ​​ដូច​​ម្តេច​​នៅ​​ពេល​​គ្រុន​​ផ្តា​​សាយ​​ម្តងៗ​​

Loading...
គ្រុន​ក្តៅ ឬ ផ្តាសាយ គឺជា​ជំងឺ​ដែល​ងាយ​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នកចុះ​ខ្សោយ បញ្ហា​អាកាសធាតុ ហើយ​ឬជួន​កាល​អាច​បង្ក​មក​ពី​ភាព​តាន​តឹង​ផង​ដែរ។ នៅ​ពេល​គ្រុន​ភ្លាម​ៗ អ្នក​មាន​អារម្មណ៍​ល្ហិត​ល្ហៃ ធីង​ធោង និង​គ្មាន​កម្លាំង​ទេ។ ក្នុង​ករណី​នេះ​ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ម៉េច? តើ​អ្នក​នឹង​លេប​ថ្នាំ ហើយ​ចាំ​ឲ្យ​បាត់​គ្រុន? ខាង​ក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែរ​អ្នក​គួរ​ធ្វើ​ពេល​គ្រុន​ឡើង។




1. ផឹក​ទឹក​ឲ្យ​បាន​ច្រើន
នៅ​ពេល​អ្នក​មិន​ស្រួល​ខ្លួន អ្នក​ប្រាកដ​ជា​គ្មាន​អារម្មណ៍​នឹក​នារក​អាហារ​ញ៉ាំ​ទេ។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា អ្នក​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ​ព្រោះវា​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​ផ្ទុកជាតិ​ទឹក​បានគ្រប់​គ្រាន់ ជា​ពិសេស​ពេល​អ្នក​គ្រុន​នេះឯង។

2. គេងឲ្យ​បាន​​មួយ​ម៉ោង ឬ ពីរ​ម៉ោង លើសដែល​អ្នក​ធ្លាប់​គេង
មួយ​ទៀត ពេល​អ្នក​គ្រុន រាង​កាយ ទាំង​មូ​ល​របស់​អ្នក​ហាក់​គ្មាន​កំលាំង​ឲ្យ​អ្នកទៅ​ធ្វើ​ការ ឬ​គិត​ច្រើន​នោះ​ទេ។ ដូច្នេះ ពេល​នោះ​អ្នក​គួរ​គេង​បាន​១​ម៉ោង ដើម្បី​រក​កម្លាំង​មក​វិញ។ បើ​អ្នក​រវល់​ខ្លាំង​ នឹង​មិន​មាន​ពេល​គេង​ពេល​ឈឺ​នេះ ក្រោយ​ទៅ​អ្នកគួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​ពិសេស​កុំ​ចូល​គេង​យប់​ពេក។

3. ញ៉ាំ​ស៊ុប
ស៊ុប ជា​ពិសេស​ ស៊ុប​មាន់​តែង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ឡើង​ពី​គ្រុន។ ជួន​កាល​រសជាតិ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញដែរ។

4. ងូត​ទឹក
វិធី​ម្យ៉ាង​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្វាង​ពី​គ្រុន​នោះ​គឺ ការងូតទឹក ជា​ពិសេស​ទឹក​ក្តៅ​អ៊ុនៗ។ វា​ជួយ​អ្នក​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល​និង​ស្រស់​បស់​ឡើង។

5. ញ៉ាំ​អាហារ​ហឹរ
បើ​សិនជា​អ្នក​ចូល​ចិត្ត​ញ៉ាំ​របស់​ហឹរ អ្នក​គួរ​ញ៉ាំ​វា​ពេល​អ្នក​គ្រុន។ ពិត​ណាស់ មាន​រសជាតិ​ឆ្ងាញ់ ព្រម​ទាំង​ជួយ​ឲ្យ​ច្រមុះ​របស់​អ្នក​ឈប់​តឹង​ទៀត​ផង។ សារជាតិ​ហឹរ​ធ្វើ​ឲ្យ​អ្នក​ស្រួល​ដក​ដង្ហើម និង​មាន​អារម្មណ៍​ល្អ។

6. ធ្វើ​លំហាត់​ប្រាណ​តិចៗ
ពិត​ណាស់ ពេល​អ្នក​ឈឺ​ អ្នក​គ្មាន​កម្លាំងឯណា​ទៅ​ហាត់បា្រណ​ទេ។ ទោះជា​យ៉ាង​ណា​ក៍​ដោយ អ្នក​គួរ​ហាត់​ប្រាណ​តិច​ៗ​ដើម្បី​ឲ្យ​សាច់​ដុំ​របស់​អ្នក​ដើរ​បាន​ស្រួល និង មាន​អារម្មណ៍​ល្អ។ អ្នក​មិន​គួរ​ហាត់​ប្រាណ​ធ្ងន់ៗ​ទេក្នុង​កំឡុង​ពេល​នេះ គួរ​ធ្វើ​តិចៗបាន​ហើយ ជៀសវាង​គ្រុន​រើ​ឡើង​វិញ។

ដោយ៖ ហ៊ាង សុគន្ធារី
 (ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520) 

No comments