ព័ត៌មានថ្មីបំផុត

ដឹងទេថា កាកសំណល់ថង់ប្លាស្ទិកប៉ះពាល់ធ្ងន់ធ្ងរកម្រិតណា?

Loading...
ថង់ប្លាស្ទីកគឺជាផលិតផលដ៏ពេញនិយមមួយប្រភេទសម្រាប់​មនុស្សទូទៅ​ដោយរាប់បញ្ចូល​ទាំងប្រជាជនកម្ពុជាផងដែរដែលតែងតែប្រើប្រាស់សំរាប់ការវេចខ្ចប់ជារឿយៗ ហើយអត្រា កំណើននៃការប្រើប្រាស់នេះ ក៏បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះថា​ថង់ប្លាស្ទិក​គឺជាផលិត​ផលដែលអាចប្រើប្រាស់បានច្រើនយ៉ាង​ទៅតាម​តម្រូវការ​ផ្សេងៗរបស់​យើងដោយ​វាអាច​ផ្ទុកមិនថារបស់ដែល​ក្តៅ​ ជាតិគីមី​ ឬវត្ថុរាវក៏ដោយក៏មិនមានបញ្ហាចោទនោះទេ ហើយ​អ្វី​ដែល​ពិសេសនោះ គឺតម្លៃរបស់វាថោកបំផុតនៅលើទីផ្សារបើធៀបទៅនឹងរបស់ដទៃ ដែល​ជាមូល​ហេតុ​នាំអោយមនុស្សគ្រប់គ្នាតែងតែប្រើប្រាស់វា។​



ទោះបីជាផលិតផលថង់ប្លាស្ទិកបានផ្តល់ផលប្រយោជន៍ដល់មនុស្សច្រើនយ៉ាងណាក៏ដោយ ក៏វានៅតែជាបញ្ហាដែលមនុស្សគួរដោះស្រាយជាចាំបាច់ផងដែរ ព្រោះថាថង់ប្លាស្ទិក​គឺជាកត្តា​សំខាន់​ដែលបានបំផ្លាញ់បរិស្ថាន​ សត្វ​ ជំរកសត្វ​ឬសូម្បីតែមនុស្សបន្តិចម្តងៗ ​ជារៀងរាល់ថ្ងៃ​ដោយ​សារ​តែវាត្រូវចំណាយពេលយ៉ាងតិច​ ៥០០​ ទៅ​ ១០០០ឆ្នាំ​ដើម្បីបំបែក​រលាយ​ទៅជា​ល្បាយ​តូចៗ។​

បើយោងទៅតាមវេបសាយ Animalsaustralia ដែលជា​គេហទំព័រ​របស់អង្គការ​ការពារ​សត្វព្រៃ​សំខាន់បំផុត​ប្រចាំប្រទេសអូស្ត្រាលីបានបង្ហាញថា យ៉ាង​ហោច​ណាស់​មានសត្វ​ជាងមួយ​សែន​ក្បាល​​បានស្លាប់ជារៀងរាល់ឆ្នាំដែលបង្កដោយសំណល់ថង់ប្លាស្ទិក​។​



ដោយសារតែសត្វទាំងនោះគិតថា ថង់ប្លាស្ទិកគឺជាចំនីរបស់វាហើយក៏ស៊ីចូលទៅក្នុងពោះ ដែលបណ្ដាលអោយកើតមានបញ្ហាផ្សេងៗដូចជា​ ការទាក់ជាប់នៅក្នុងបំពង់ក នាំអោយស្ទះខ្យល់ដកដង្ហើមឬទោះបីជាវាធ្លាក់ចូលទៅដល់ក្រពះក៏ដោយ ក៏មិនអាចរំលាយដូចចំណីអាហារផ្សេងៗបានដែរ ដែលនាំអោយកកស្ទះពេញនៅក្នុងក្រពះ និងមួយចំនួនទៀតបានរុំទាក់ជាប់ដោយថង់ប្លាស្ទិក រហូតដល់ស្លាប់តែម្ដង ហើយភាគច្រើនវាតែងតែកើតឡើងលើសត្វដែលរស់នៅក្នុងទឹក។​


លើសពីនេះទៅទៀតជម្រករបស់សត្វ​ក៏ជាកត្តា ដែល រង ផល ប៉ះ ពាល់ ពី សំណល់ ថង់ ប្លាស្ទិក ដូចគ្នាផងដែរ​ព្រោះថាសត្វមួយចំនួនមានញាណ និងការគិតខ្ពស់​ដូចមនុស្សដែល​ត្រូវការ​កន្លែង​ស្អាត​ និងសុវត្ថិភាពដើម្បីរស់នៅដូចគ្នាឧទាហរណ៍ព្រៃលិចទឹក ដែលជា​ជម្រកដ៏​សំខាន់​សម្រាប់​សត្វ​ជា​ដើម​ បើទីនោះគ្របដណ្ដប់ទៅដោយ​សំណល់​ប្លាស្ទីក​បាត់ទៅ​ហើយសត្វទាំង​អស់​ក៏មិន​អាច​រស់​នៅក្នុងជម្រកដែលពោរពេញទៅដោយការបំពុលបានដូចគ្នា​ ដូច្នេះ​ពួកវា​នឹងបំលាស់​ទី​ដើម្បីស្វែងរកជម្រកផ្សេងទៀត​ ចុះបើ​សិនគ្រប់​កន្លែង​ទាំងអស់​សុទ្ធតែ​រងការ​បំពុល​បែបនេះតើពួកនិងត្រូវទៅរស់នៅកន្លែងណាហើយរស់នៅដោយបែបណា?​



ក្រៅពីនេះបរិស្ថានក៏ជាកត្តាមួយដ៏គួរអោយព្រួយបារម្ភដែលរងការប៉ះពាល់ពីសំណល់ថង់ប្លាស្ទីកផងដែរ។​ ដូចដែលយើងបានដឹងស្រាប់ហើយថាមុននិងឈានទៅដល់ផលិតផលសម្រេច​ ថង់ប្លាស្ទីកត្រូវឆ្លងកាត់ការផលិតជាច្រើនដំណាក់កាល ហើយអំឡុងពេលផលិតនេះផងដែរ វាបានបន្សល់នូវការបំពុលជាច្រើនទៅកាន់បរិស្ថានដូចជា​ ផ្សែងដែលពោរពេញទៅដោយជាតិគីមី ហោះចេញពីរោងចក្រផលិតថង់ប្លាស្ទីកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅកាន់ស្រទាប់បរិយាកាស​ ឬកាក់សំណល់រាវដែលលាយឡំជាមួយនិងសារធាតុគីមីនេះបានហូរចូលទៅក្នុងប្រភពទឹកដែលនាំអោយមានកាបំពុលទាំងនៅក្នុងទឹកនិងបរិយាកាសនេះជាដើម។​



នៅពេលដែលបរិស្ថាននិងសត្វរងការបំពុលពីសំណល់ថង់ប្លាស្ទីកបែបនេះ​ មនុស្សយើងនេះឯងដែលជាអ្នករងការប៉ះពាល់ខ្លាំងបំផុតព្រោះថាអ្នកគ្រប់គ្នាសុទ្ធតែត្រូវការគ្រប់យ៉ាងទាំងនេះដើម្បីរស់មិនថាការទទួលទានប្រចាំថ្ងៃឬការដកដង្ហើមក៏ដោយវាសុទ្ធតែសំខាន់ដែលមនុស្សមិនអាចខ្វះបាន។

វាគឺជារឿងដែលលំបាកមួយដើម្បីអោយប្រជាជនកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកព្រោះថាអ្នកគ្រប់គ្នានៅតែគិតថាការប្រើប្រាស់វាអាចជួយកាត់បន្ថយការចំណាយក្នុងអាជីវកម្មរបស់ពួកគេបានច្រើនទោះបីជាបានដឹងនិងយល់អំពីផលប៉ះពាល់ដល់ច្រើននេះរួចហើយក៏ដោយ។ អ្នកត្រូវគិតថាអ្វីគ្រប់យ៉ាងគឺត្រូវចាប់ផ្ដើមពីខ្លួនអ្នកទោះបីជាបន្តិចបន្តួចក៏ដោយក៏វាជាការជួយមួយសម្រាប់សង្គមជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ។

អត្ថបទដោយ៖ ជុំ រស្មី

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments