ព័ត៌មានថ្មីបំផុត

វេយ្យាករណ៍​ខ្មែរ​អំពី​ របាទ,​អស្តា,​ទណ្ឌ​ឃាត​,រះ​មុខ​

Loading...
សម្រាប់អត្ថបទមួយនេះយើងនឹងបង្ហាញលោកអ្នកអំពីវណ្ណយុត្តិចំនួនបួនបន្ថែមទៀត ដែលមានដូចជា របាទ,អស្តា,ទណ្ឌឃាត,រះមុខ។




១. របាទ (៌)
វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្ក្រឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។

២. អស្តា (៏)
វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ...។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​... ឱហ្ន៏ នុ៎ះហ្ន៏ ។

៣. ទណ្ឌឃាត ឬ​បដិសេធ (៍)

វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្ក្រឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍...។

៤. វិសជ៌នី ឬរះមុខ (ះ)

គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។

អត្ថបទដោយ៖ ជុំ រស្មី - ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments