ព័ត៌មានថ្មីបំផុត

រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ទុក​ជា​អាថ៌​កំបាំង​

Loading...
ពិត​ណាស់ ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ មាន​រឿង​រ៉ាវជា​ច្រើន​បាន​កើត​ឡើង។ រឿង​ខ្លះជា​រឿង​អាច​ប្រាប់​គេ​បាន ហើយ​រឿង​ខ្លះ​ទៀត​មិន​អាច​ឲ្យ​គេ​ដឹង​បានទេ។ តើ​អ្នក​បាន​ដឹង​ពី​រឿង​រ៉ាវ​ទាំង​នោះ​ទេ? វា​មិន​មែន​ជា​រឿង​គួរ​ធ្វើ​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​ប្រាប់​រឿង​រ៉ាវ​ជីវិត​របស់​អ្នក​ទៅ​អ្នកផ្សេង ព្រោះ​ថា មាត់មនុស្ស​វែង​ជាង​ផ្លូវ​ទៅ​ទៀត។ ខាង​ក្រោម​នេះ​គឺជា​រឿង​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​បង្ហើប​ឬ​ប្រាប់​អ្នក​ដទៃ​ឲ្យ​បាន​ដឹង។


1. គោល​ដៅឬ​គម្រោង​របស់​អ្នក
គោល​ដៅ និង​គម្រោង​ណា​មួយ​គួរ​តែ​កុំ​ឲ្យ​លេច​ចេញ​ទៅ​ក្រៅ បើ​អ្នក​មិន​ទាន់​បាន​សម្រេច​វា​នៅ​ឡើយ​ទេនោះ។ កាល​ណា​អ្នក​ប្រាប់គេ​ពី​គម្រោង​ការ​របស់​អ្នក អ្នកដទៃ​ដែល​បាន​ដឹង​អាច​លួច​យក​គំនិត​នោះ ហើយ​ធ្វើ​ការ​លើ​វា​បាន​ល្អ​ជាង​ដែល​អ្នក​ម្ចាស់​គំនិត​ធ្វើ​ទៅទៀត។ បើ​សិន​ជា​វា​កើត​ឡើង អ្នក​ប្រហែល​នឹង​ត្រូវ​សោក​ស្តាយ និង បន្ទោស​ខ្លួន​ឯងជា​មិន​ខាន។

2. រឿង​បញ្ហាគ្រួសារ
រឿង​ក្នុង​គ្រួសារ​គឺជា​រឿង​ដែល​គួរ​តែ​លាក់​កំបាំង​ឲ្យ​បាន​ល្អ​បំផុត។ ក្នុង​គ្រួសា​របស់​ម្នាក់​ៗ​ពិតជា​មាន​រឿង​ល្អ និង រឿង​អាក្រក់​កើត​មាន​ឡើង​ជា​ធម្មតា តែ​អ្វី​ដែល​សមាជិក​គ្រួសា​ម្នាក់​ៗ​គួរ​ធ្វើ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​រឿង​ចេញ​ទៅ​ក្រៅ។ បើ​សិន​ជា​វា​កើត​ឡើង វា​មិន​ត្រឹម​តែ​អាច​ប៉ះ​ពាល់​កិត្តិយស​គ្រួសា​រទេ តែ​អ្នក​ដទៃ​ក៏​អាច​កាត់​ក្តី​មនុស្ស​ក្នុង​គ្រួសារ​ទាំង​មូល​បាន​ផង។

3. ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក
ការ​ប្រាប់​អ្នក​ដទៃ​ពី​រឿង​រ៉ាវ​មួយ​ចំនួន​របស់​អ្នក ជា​ការ​មិន​គួរ​ឲ្យ​ធ្វើទេ ជា​ពិសេស​ទម្លាប់​ប្រចាំ​ថ្ងៃ។ ជួន​កាល​វា​មិន​មែន​ជា​ការ​ចាំ​បាច់​អ្វី​នោះ​ទេ​ដែល​ត្រូវ​ឲ្យ​អ្នក​ដទៃ​មក​ដឹង​ពី​យើង​ច្រើន​ពេក។ ជួនកាល​វា​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​ផង​ដែរ។ ឧទាហរណ៍ បើ​អ្នក​ប្រាប់​គេ​ថា​អ្នក​ចេញ​ពី​ផ្ទះ​នៅ​ពេល​ណា ចូល​ផ្ទះ​ពេល​យប់​បែប​ណា អ្នក​អាច​នឹង​ត្រូវ​គេ​​តាម​ដាន​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ ហើយ​ក៏អាច​នាំ​ទៅ​ការ​លួច​ប្លន់​ផង​ដែរ។

4. ការ​ធ្វើ​អំពើ​ល្អ​របស់​អ្នក
អ្នក​មិន​គួរ​ចែក​រំលែក​ពី​រឿងដែល​អ្នក​ធ្វើ​ល្អ ឬ ការ​ចូល​រួម​សប្បុរសធម៌អ្វីទេ។​ ការ​ពិត​ដែល​ល្អ​បំផុត​នោះ​គឺថា អ្នក​ធ្វើ​អំពើ​ល្អ​ដោយ​មិន​ចង់បាន​អ្វីជា​ការ​តប​ស្នង​មក​វិញ។ បើ​កាល​ណា​អ្នក​ដើរ​បា្រប់​គេ​ពី​ការ​ធ្វើ​អំពើ​ល្អ​របស់​អ្នក​នោះ វា​អាច​នាំ​ឲ្យ​គេ​គិត​ថា​អ្នក​ធ្វើ​គ្រាន់​តែ​ចង់​បាន​មុខមាត់ ចង់​ឲ្យ​គេ​បាន​ដឹង ហើយបើ​អ្នក​ផ្សព្វផ្សាយ​ប្រាប់​អ្នក​កាសែត​ទៀត​នោះ អ្នក​ផ្សេង​នឹង​កាន់​តែ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​អ្នក​ទៀត។

5. ការគិត​របស់​អ្នក​ (ជា​លក្ខណៈឯកជន​ខ្លាំង)
ការគិតទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​ពិសេសណា​មួយ​មិន​គួរ​ឲ្យ​អ្នក​ប្រាប់​ដល់​គេ​ទេ ជាពិសេស​ជំនឿរបស់​អ្នក។ មាន​ការ​គិត​ខ្លះ នៅ​ពេល​ដែល​អ្នក​ប្រាប់​គេ អាច​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​ស៊ីជំរៅ និង ការ​ប្រកែក​គ្នា​ផង។ ទោះជា​យ៉ាងណា អ្នក​គួរព្យាយាម​រៀន​យល់​ពី​ការ​គិត​មួយ​ៗ ថា​តើវា​មាន​ផល​វិជ្ជមាន​ ឬ អវិជ្ជមាន​បែបណា​ខ្លះ។

ប្រភព៖ Power of Positivity
ឈ្មោះ៖ ហ៊ាង សុគន្ធារី​

No comments