ព័ត៌មានថ្មីបំផុត

តើ​ការ​ខ្វាយ​ខ្វល់​ពី​រូប​រាង​​នឹង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្តអ្នកដូចម្តេចខ្លះ?

Loading...
រូបរាង​ និង សម្រស់ បាន​ក្លាយជា​បញ្ហា​ចោទ​មួយ​នៅក្នុង​សង្គម​សព្វ​ថ្ងៃ ជា​ពិសេស​សង្គម​ក្មេង​វ័យ​ជំទង់។ សព្វ​ថ្ងៃ ស្តង់​ដារ​សម្រស់បាន និង​កំពុង​តែ​ទាម​ទារ​ឲ្យ​យុវវ័យ​ភាគ​ច្រើន​ដើរ​តាម។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ធាត់​ពេក មិន​ស្លីម មាន​ភ្នែក​តូច​ពេក ឬមាន​ច្រមុះ​មិន​ស្អាត ស្បែក​មិន​ស មិន​ខ្ពស់ ឬ មុខ​មិន​រលោង​ ឬ មាន​សុដន់មិន​ស្អាត​ជា​ដើម។ បើ​មនុស្ស​ប្រុស​វិញ​គឺ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណាឲ្យ​ខ្ពស់ មាន​សាច់ដុំ...។ 






រា​ល់​ព្រឹក អ្នក​ខ្លះ​ក្រោក​ពី​គេង មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់ ហើយ​ក៍​ចាប់ផ្តើម​មិន​ពេញ​ចិត្ត​រូប​រាង​ខ្លួន​ឯង ពិបាក​ចិត្ត និង មាន​អារម្មណ៍​រវើ​រវាយ​​។ អ្នក​ខ្លះ​ក៏​ត្រូវ​បាន​អ្នក​នៅ​ជុំវិញ​ខ្លួន​បង្អាប់​ថា​មិន​ស្អាត ហើយ​ក៏​ចាប់ផ្តើម​តូច​ចិត្ត ចាប់​ផ្តើម​ចង់​កែ​ប្រែ​រូប​រាង​ខ្លួន​ឯង​ភ្លាម។ រឿង​ទាំង​អស់​នេះ​បាន​កើត​ឡើង​មិន​តិច​ទេ​ចំពោះ​យុវវ័យឈាម​រាវ និង ក្មេង​ជំទង់​នៅ​ក្នុង​វ័យ​លូត​លាស់។ ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ផ្លួវ​ចិត្ត​បំផុត។

ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​កន្លង​មក បង្ហាញថា​ មនុស្ស​ស្រី ៨ ក្នុង​ចំណោម ១០​ នាក់ មិន​​ពេញ​ចិត្ត​នឹង​​រូប​រាង និង សម្រស់​របស់​ពួក​គេ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នោះ​ទេ? បើ​ធ្លាប់ តើ​អ្នក​សង្កេត​ឃើញ​ថា​វា​បាន​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក?

ការសិក្សា​របស់ Bradley Hospital and Brown Medical School បាន​ឲ្យ​ដឹង​ថា យុវជន​ភាគ​ច្រើន​ ​មិន​ពេញ​ចិត្ត​ចំពោះ​រូប​រាង ទម្រង់​មុខ ទំងន់ និង រាងខ្លួន​ឯង។ អ្នក​ទាំង​នោះ ​ប្រឈម​ខ្ពស់​ទៅ​នឹង​ ភាព​តានតឹង​ផ្លូវ​ចិត្ត និង ការ​ព្រួយ​បារម្ភ​លើស​កំរិត។ ដំបូង នៅ​ពេល​ដែលពួក​គេ​ចាប់​ផ្តើម​គិត និង មិន​សប្បាយ​ចិត្ត​នឹង​រូប​រាង​របស់​ខ្លួន ពួកគេ​នឹង​មាន​អារម្មណ៍ពិបាកចិត្ត និង​អត់​ចិត្ត​ចំពោះ​ខ្លួន​ឯង។ អារម្មណ៍ទាំង​អស់​នោះ នឹង​ក្លាយ​ជា​ធ្ងន់​ធ្ងរទៅៗ ហើយ​ក៏អាច​​វិវត្តន៍ទៅ​រក​ជំងឺផ្លូវចិត្ត។ គេ​គិត​ច្រើន ចង់​ធ្វើ​យ៉ាង​ណា​ដើម្បី​កែ​ប្រែរូប​រាង​របស់​ខ្លួន ហើយ​ក៏​ឈានទៅ​ដល់​ការ​សាក​ល្បង​ទម្លាប់​ផ្សេង​ៗ​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដូចជា​ញ៉ាំអាហារ​មិន​បាន​ត្រឹម​ត្រូវជាដើម​។

ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​មិន​ពេញ​ចិត្ត​លើ​រូប​រាង​ខ្លួន​ឯង​ បាន​ធ្វើ​ឲ្យ​យុវជន​មិនសូវ​មាន​ទំនុក​ចិត្តលើ​ខ្លួន​ឯង។ ឧទាហរណ៍​ មនុស្ស​ស្រី​តែង​តែ​ជា​អ្នក​ដែល​ចង់​បាន​ការ​ចាប់​អារម្មណ៍ពី​មនុស្ស​ផង​គ្នា ​ពេល​ទៅ​ដើរលេង ឬ ទៅជប់​លៀងគឺតែង​តែ​ចង់​ធ្វើ​ខ្លួន​ឯង​​ស្អាត លេច​ធ្លោ។ តែ​នៅ​ពេល​ដែលមិន​ពេញ​ចិត្ត​រូប​រាង​ខ្លួនឯង​បែប​នេះ គេ​ចាប់​ផ្តើម​មាន​អារម្មណ៍​បារម្ភ ស្ទាក់​ស្ទើរ ក្នុង​ការ​ចូល​រួម ការ​បង្ហាញ​ខ្លួន។ គេ​ចាប់​ផ្តើម​ខ្លាច​ពី​ពាក្យ​គេ​ថា ដោយ​មិន​ជឿជាក់​លើ​ខ្លួន​ឯង។

ទាំង​អស់នេះ គ្រាន់​តែជា​មួយ​ផ្នែក​តូច​ដែល​ទាក់​ទង​ជា​មួយ ស្តង់ដារ​សម្រស់ និង​ ភាព​ស្រស់​ស្អាត របស់​មនុស្ស​ក្នុង​យុគ​សម័យ​នេះទេ។ វា​បាន​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​គិត ខ្វល់​ខ្វាយ និងជួន​កាល​អាច​ឈាន​ដល់​ជំងឺធ្លាក់​ទឹក​ចិត្ត បាត់​បង់​ភាព​ជឿជាក់​ ហើយ​ មាន​ច្រើន​ទៀត​។

ហេតុ​នេះ តើយុវវ័យ​ត្រូវ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត? តើ​ពួក​គេ​គួរ​តែ​ឈប់​គិត​ពី​រឿង​សម្រស់​ឬ​យ៉ាង​ណា? សូម​ផ្តល់​យោបល់​ខ្លះ​ៗ​តាម​រយៈ​ comment ខាង​ក្រោម​ផង។

ដោយ៖ ហ៊ាង សុគន្ធារី 

No comments