ព័ត៌មានថ្មីបំផុត

អាហារ​ដែល​​គួរ​ញ៉ាំនៅ​ពេល​មានអារម្មណ៍​តាន​តឹង​

Loading...
ជីវិត​តែង​តែ​មាន​ពេល​សប្បាយ​និង​កើត​ទុក្ខជា​និច្ច ហើយ​ជួន​កាល​ភាព​តាន​តឹង​ក៏​ងាយ​កើត​ឡើង​ដែរ។ អារម្មណ៍​របស់​មនុស្ស​តែ​រេរទៅ​រេរ​មក ដែល​ជួន​កាល​យើង​ក៏​ពិបាក​គ្រប់​គ្រង​អារម្មណ៍​មួយ​នោះ​បាន​ដែរ។ តើ​អ្នក​គួរ​ធ្វើ​អ្វី​នៅ​ពេល​ដែល​ជួប​ប្រទះ​រឿង​បែប​នោះ? តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​មែន​ដែរ​ទេ? ពិត​ណាស់ ពេល​ដែល​តាន​តឹ​ង​ក្នុង​ចិត្ត ការ​ញ៉ាំ​អាច​ជួយ​បាន។ តើ​អ្នក​ដឹង​ថា​អ្នក​គួរ​ញ៉ាំ​អី​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ល្អ​វិញ​បាន​ទេ? ខាង​ក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​អារម្មណ៍របស់​អ្នក​បាន។


1. សូកូឡា​ពណ៌​ខ្មៅ
សូកូឡា​ ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជារបស់ដែល​ជួយ​អារម្មណ៍​របស់​អ្នក។ វា​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ប្រសើ​រឡើង និង​អាច​ត្រឡប់​មក​ជា​ធម្មតា​វិញ​ផង ព្រោះ​វា​មាន​សារធាតុ​ដែល​ផ្អាក​អារម្មណ៍ឈឺចាប់ និង តានតឹង​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ តាម​ធម្មតា សូកូឡា​ពណ៌ខ្មៅ​នេះ មិន​មែនតែ​ត្រូវបាន​គេញ៉ាំ​ពេលមាន​អារម្មណ៍​តាន​តឹង​ទេ តែ​ពេល​គេ​ភ័យ ពេល​មាន​ការរំភើប​ឬ​ភ្ញាក់​ផ្អើល​ខ្លាំង ឬ ពេល​មាន​របួស ក៏​គេ​ញ៉ាំ​ដែរ។ វា​ពិត​ជា​ជួយ​បាន​ច្រើន​ណាស់។

2. នំ​ខេក
សម្រាប់​មនុស្ស​មួយ​ចំនួន គេ​ញ៉ាំ​នំ​ខេក​នៅ​ពេល​ដែល​គេ​មាន​អារម្មណ៍​មិនល្អ។ សារជាតិ​ផ្អែម ក្លិន​ឈ្ងុយ​ ពី​នំ​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​ធូរស្រាល​ពី​ការគិត​ច្រើន។ ម្យ៉ាង​ទៀត ពេល​ខ្លះ ពេល​អ្នក​ស្រ្តេស តាន​តឹង អស់​កម្លាំង និង​ឈឺ​ក្បាល​តិចៗ​ផង​នោះ វា​អាច​បណ្តាល​មក​ពី​អ្នក​ញ៉ាំជាតិ​ស្ករ​មិន​បាន​គ្រប់​គ្រាន់​ពេល​ថ្មីៗ​នេះ ហេតុ​នោះ​ពេល​ញ៉ាំ​ទៅ​ក៏​អាច​ឲ្យ​ស្រស់​ស្រាយ​ដែរ។

3. ទឹក​ក្រឡុក​ត្រជាក់ៗ
ជួន​កាល ពេល​ញ៉ាំ​ផ្លែ​ឈើ អ្នក​គិត​ថា​មិន​សូវ​ឆ្ងាញ់ និង ផ្តល់​កម្លាំង​ឲ្យ​ប៉ុន្មាន​ទេ។ តើ​អ្នក​ធ្លាប់​ដែល​សាក​យក​ផ្លែ​ឈើ​ទាំង​នោះ​យក​មក​ក្រឡូក​ចូល​គ្នា ហើយ​ដាក់​ទឹកកក​តិច​ៗ​ទេ? តាម​ពិត​ទៅ ពេល​តាន​តឹង អ្នក​មាន​អារម្មណ៍​ថា​កម្តៅ​ក្នុង​ខ្លួន​មាន​ខ្ពស់ ហើយ​អ្នក​ក៏​ចង់​ញ៉ាំ​របស់​ត្រជាក់ៗ ហើយ​បើ​អ្នក​បាន​ញ៉ាំ​ទឹក​ផ្លែឈើ​ក្រឡុក អ្នក​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយភាព​តាន​តឹង​បាន​មួយ​កម្រឹត តែ​ក៏​ញ៉ាំ​ដើម្បី​សុខភាព​ទៀត​ផង។

4. ការ៉េម
សម្រាប់​អ្នក​ចូល​ចិត្ត​ការ៉េម វា​មិន​មែន​ជា​ការ​ប្លែក​ទេ​ដែល​បាន​ឃើញ​វា​នៅ​ក្នុង​អត្ថបទ​នេះ។ ពិត​ណាស់ ការ៉េម​មិន​មែន​គ្រាន់​តែ​ជាអាហារឬ​បង្អែម​ធម្មតា​ទេ វា​មាន​ផ្ទុក​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​បង្កើន​ភាព​ស្រស់​ស្រាយ​ដល់​អ្នក។ ត្រជាក់​ៗ បូក​ថែម​ជា​មួយ ​រស់​ជាតិ​ឆ្ងាញ់ទៀត ការ៉េម​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​ មិន​ថា​ពេល​មាន​អារម្មណ៍​តាន​តឹង ឬ សប្បាយ​ចិត្ត។

5. ស្រា
សារជាតិ​អាល់​កុល​ដែល​មាន​ក្នុង​ស្រា​ទំពាំង​បាយ​ជូរ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​ធ្លាក់​ចុះ ហើយ​ក៍​កាត់​បន្ថយភាព​តា​ន​តឹង​ផង​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​មិន​គួរ​ញ៉ាំ​វា​ច្រើន​ពេល​ដែរ។ អ្នក​អាច​ញ៉ាំ​វា​ឲ្យ​មាន​របៀប កុំ​ឲ្យ​ដល់​ស្រវឹង បាត់​បង់​ស្មារតី​អី។

6. អាហារ​ហឹរ​ៗ
សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​ហឹរ នេះ​ជា​ជម្រើស​ដ៏​ប្រសើរ។ អាហារ​ហឹរ មិន​សូវជា​ផ្តល់​គុណ​សម្បត្តិ​ល្អ​ដល់​សុខភាព​អ្នក​ទេ តែ​វា​អាច​ជួយ​ដល់​អារម្មណ៍​របស់​យើង​បាន​ខ្លះ។ ធ្លាប់​មាន​គេ​ថា រស់​ជាតិ​ហឹរ​បង្កើន​រស់​ជាតិ​របស់​អាហារ។ ពេល​អ្នក​អារម្មណ៍​មិន​សូវ​ល្អ អ្នក​ប្រហែល​ជា​ចង់​ស្វែង​រក​អ្វី​ញ៉ាំ ហើយ​ បើ​បានអាហារ​ហឹរ​បន្តិច​ពិតជា​ល្អ។ បើ​មិន​ជឿ សាក​មើល​ម្តង​ទៅ។
 ​
ដោយ៖ ហ៊ាង សុគន្ធារី

No comments