ព័ត៌មានថ្មីបំផុត

​រៀន​​មុន​​ប្រលង​​បែប​ណា​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ជាពិសេស​ប្រលង​បាក់​ឌុប​

Loading...
រដូវ​នេះ​ជា​រដូវ​ជិត​ដល់​ពេល​បិទ​វគ្គ​សិក្សា ហើយ​សិស្សានុសិស្ស​ជា​ច្រើន​ដែរ​ដែល​កំពុង​ត្រៀម​ខ្លួន​ប្រលង ឬ កំពុង​តែ​ប្រលង​បញ្ចប់​ឆ្នាំ។ ក្នុង​នោះ​ដែរ សិស្សា​នុសិស្ស​ថ្នាក់​ទី ១២ កំពុង​តែ​ត្រៀម​ខ្លួន​យ៉ាង​ស្វិត​ស្វាញ​សម្រាប់​ការ​ប្រលង​សញ្ញាបត្រ​នៅ​ពេល​ខាង​មុខ។ ពិត​ណាស់ ការ​ប្រលង​សញ្ញាបត្រ​ទុតយភូមិ​នេះមួយ​ឆ្នាំមាន​តែ​ម្តង​ប៉ុណ្ណោះ ហើយ​សិស្ស​មួយ​ចំនួន​ក៏​ចង់​បាន​និទ្ទេស​ល្អ​ទៀត។ តើ​សិស្ស​ថ្នាក់​ទី ១២ ទាំង​ឡាយ​កំពុង​តែ​ប្រឹង​រំឮក​មេរៀន​ឬ? តើ​ដឹង​ទេ​ថា​ត្រូវ​មើល​មេរៀន​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធិភាព? ខាង​ក្រោម​គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន។​




1. រៀប​ចំកាល​វិភាគ​រៀន​ឲ្យ​បាន​ត្រឹម​ត្រូវ និង ទៀង​ទាត់
ពិត​ណាស់ វិញ្ញាសា​ប្រលង​បាក់ឌុប​មាន​ច្រើន ទាំង​ផ្នែក សង្គម និង​ វិទ្យាសាស្ត្រ។ សិស្ស​ត្រូវ​ចេះ​ចាំ​ឲ្យ​ច្បាស់ ទាំង​មុខ​វិជ្ជា​មេរៀន និង មុខ​វិជ្ជា​លំហាត់។ សិស្ស​គួរ​បែង​ចែក​ពេល​វេលា​រៀនឲ្យ​បាន​ច្បាស់​លាស់ និង ទៀង​ទាត់​សម្រាប់​មុខវិជ្ជា​មួយៗ។ អ្នក​គួរ​ដាក់​ម៉ោង​រៀន​ ១ ម៉ោង​ៗសម្រាប់​មុខ​វិជ្ជា​មួយៗ ក្នុង​ពេល​ដែល​ទំនេរ​ឬ​ពេល​យប់។ បើ​អ្នក​កំណត់​ម៉ោង​ណាសម្រាប់​មុខ​វិជ្ជា​ណា អ្នក​គួរ​រៀន​បែប​នោះ​រាល់​ថ្ងៃ ព្រោះ​វា​អាច​ជួយ​ឲ្យ​ខូរ​ក្បាល​ស្រប​បាន​ល្អ​នឹង​ពេល​វេលា​រៀន។

2. គូស​ចំណាំ
មុន​ពេល​រៀន អ្នក​គួរ​មាន​កំណត់​ត្រា​មួយ​ដែល​មាន​បញ្ជី​មេរៀន​ទាំង​អស់​ដែល​អ្នក​ត្រូវ​មើល។ ក្រោយ​ពី​ធ្វើ​បញ្ជី​នេះ​ហើយ អ្នក​គួរ​មើល​វា​ម្តង​មួយៗ ហើយ​គូស​វា​ចោល​ម្តង​មួយៗ ពេល​ដែល​អ្នក​មើល​វា​ហើយ និង ចេះចាំ​បាន​ល្អ​ហើយ។ ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ពី​លទ្ធផល​ដែល​ខ្លួន​បាន​ធ្វើហើយ ព្រម​ទាំង​មាន​កម្លាំង​ចិត្ត​រៀន​ឲ្យ​អស់​ទៀត។

3. មាន​ការ​សម្រាក​ លំហែរ​ខួរ​ក្បាល​ផង
ពិត​ណាស់ ទោះ​បី​អ្នក​ចង់​បង្ខំ​ខ្លួន​ឯង​ឲ្យ​រៀន​ប៉ុណ្ណា អ្នក​ត្រូវ​តែ​ឲ្យ​ពេល​ដល់​​ខួរ​ក្បាល​របស់​អ្នក​ផង។ អ្នក​គួរ​បែង​ចែក​ពេល​បន្តិច​នៅ​ចន្លោះ​ម៉ោង​រៀន​មួយៗសម្រាប់​សម្រាក​ផង ដូចជា​ ៥ ទៅ​ ១០​ នាទីដើម្បី​ឲ្យ​អ្នក​ទទួល​អារម្មណ៍​ស្រស់​ស្រាយឡើង​វិញ​ ព្រម​ទាំងជៀសវាង​មិន​ឲ្យ​មាន​អាការ​ឈឺ​ក្បាល​ទៀត​ផង។ ​ ​រៀន​យូរ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​បាត់​បង់​សមាធី និង​ងងុយ​ផង។

4. រៀប​ចំ​កន្លែង​រៀន​ឲ្យ​បាន​រៀប​រយ និង ស្រលះ
ការរៀប​ចំ​តុ​សម្រាប់​រៀន​បាន​ស្រលះ និង​មាន​របៀប​ពិតជា​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​អ្នក​មាន​ប្រសិទ្ធិភាព​ណាស់។ ពេល​តុ​ស្រលះ អ្នក​មាន​អារម្មណ៍​ថា មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​អ្នក​សរសេរ ឬ ទុក​របស់​ផ្សេងៗ​បាន​ប្រសើរ ជា​ពិសេស​សៀវភៅ​ផ្សេងៗ​ដែល​អ្នក​កំពុង​មើល។ ម្យ៉ាង​ទៀត ពេល​តុ​មាន​របៀប អ្នក​មិន​មាន​បញ្ហា​ក្នុង​ការ​រក​សៀវភៅ​ឬឯក​សារ​ដែល​ត្រូវ​ការ ព្រោះ​បើតុ​រញ៉េ​រញ៉ៃ រក​ឯកសារ​មិន​បាន អ្នក​នឹង​មាន​អារម្មណ៍​មួរ​ម៉ៅ ខឹង និង​បាត់​បង់​សមាធី​រៀន​មួយ​រំពេច។

5. ចេះ​ឲ្យ​រង្វាន់​ដល់​ខ្លួនឯង​
នេះ​មាន​ន័យ​ថា អ្នក​គួរ​កំណត់​គោល​ដៅ​ឲ្យ​បាន​ច្បាស់ថា អ្នក​ត្រូវ​រៀន​ឲ្យ​បាន​ចប់​ប៉ុណ្ណា ហើយ ​សន្យា​ជា​មួយ​ខ្លួន​ឯង​ថា ​នឹង​ធ្វើ​អ្វី។ រង្វាន់​ដែល​អ្នក​ឲ្យ​ខ្លួន​ឯង​នៅ​ពេល​បំពេញ​បេសកកម្ម​រំឮក​មេរៀន​ហើយ​នោះ​អាច​មាន​ដូចជា ទៅ​ទិញ​អីវ៉ាន់ ទៅញ៉ាំ​អាហារ​ឆ្ងាញ់ៗ ទៅ​មើល​កុន ទៅ​ដើរ​លេង ឬ ក៏​ទៅ​ញ៉ាំ​ការ៉េម។ ធ្វើ​បែប​នេះ អ្នក​នឹង​មាន​កំលាំង​ចិត្ត​បន្ត​ការ​រៀន​ទៀត ព្រោះ​ថា​អ្នក​ដឹង​ក្នុង​ចិត្ត​ហើយគឺ​បន្ទាប់ពី​នេះ​ទៅ អ្នក​នឹង​ធ្វើ​អ្វី។

6. ញ៉ាំអាហារ​ដើម្បី​សុខភាព
ក្នុង​រយៈពេល​ត្រៀម​ខ្លួន​ប្រលង​នេះ អ្នក​គួរ​ញ៉ាំ​អាហារ​ណា​ដែល​ជំនួយ​ដល់​រាង​កាយ ជា​ពិសេស​ជំនួយ​ខួរក្បាល និង ភ្នែក។ អ្នក​មិន​គួរ​ញ៉ាំ​អាហារ​កំប៉ុង ឬ អាហារ fast food ច្រើន​ទេ ព្រោះ​វា​មិន​សូវ​ល្អ​ដល់​សុខភាព​ប៉ុន្មាន។ គួរ​ញ៉ាំ​បន្លែ និង ផ្លែឈើឲ្យ​បាន​ច្រើន និង​ញ៉ាំអាហារ​ឲ្យ​ទៀង​ទាត់​ផង។

7. សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់
មិន​មែន​ថា ខំ​ប្រឹង​រៀន អ្នក​ត្រូវ​រៀន​ដល់​យប់​ជ្រៅ ឬ ជាង​ពាក់​កណ្តាល​យប់​អី​នោះ​ទេ។ ពិត​ណាស់​អ្នក​គួរ​បែង​ចែក​ពេល​វេលា​ឲ្យ​បាន​ល្អ ពិសេស​ពេល​គេង ព្រោះ​ថា​បើ​គេង​មិន​គ្រប់ ពេល​ភ្ញាក់​ឡើង​មាន​អារម្មណ៍​មិន​ល្អ ធីង​ធោង និង​គ្មាន​សមាធិ​ទេ។ ពេល​គេង​គ្រប់គ្រាន់ ក្រោក​មក​អារម្មណ៍​ល្អ ការ​សិក្សា​ក៏​ល្អ​ដែរ។ ហេតុ​នេះ អ្នក​គួរ​លៃ​ពេល​យ៉ាង​ណា​គេង​ឲ្យ​បាន​ ៨ ម៉ោង ឬ យ៉ាង​តិច​ក៍​ ៦​ ម៉ោង​ដែរ។

អត្ថបទដោយ៖ ហ៊ាង សុគន្ធារី

No comments