ព័ត៌មានថ្មីបំផុត

ជីវិត​អតីត​​សមាជិក​​ក្រុម​​ Linkin Park ម្នាក់​នេះជូរចត់​នឹក​ស្មាន​មិន​ដល់!​

Loading...
អ្នកចម្រៀងជួរមុខក្នុងក្រុមតន្រ្តីរ៉ក Linkin Park លោក Chester Bennington គឺជាបុគ្គលមួយរូបដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើន ទម្រាំតែលោកអាចទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងពីសំណាក់ប្រជាជនអាមេរិច ក៏ដូចជាក្រុមអ្នកគាំទ្រតន្រ្តីរ៉កផងដែរ។



កើតនៅថ្ងៃទី ២០ មីនា ឆ្នាំ ១៩៧៦ Chester ជាកូនទោលក្នុងគ្រួសារដែលម្ដាយជាគិលានុបដ្ឋាកយិការ និងឳពុកជាមន្រ្តីប៉ូលីសស៊ើបអង្កេត។ ដោយសារតែមានវិបត្តគ្រួសារព្រោះម្ដាយឳពុកបានលែងលះគ្នានៅពេលដែលលោកមានវ័យ ១១ ឆ្នាំ បូករួមទាំងលោកត្រូវបានធ្លាក់ខ្លួនជាជនរងគ្រោះក្នុងករណីបៀតបៀនផ្លូវភេទ តារារ៉ក់រូបនេះ បានយកការប្រើប្រាស់គ្រឿងញៀនដើម្បីបំបាត់ភាពតានតឹងចិត្ត ហើយលោកក៏បន្តប្រើប្រាស់ថ្នាំទាំងនោះជាប់ជានិច្ច។

Chester Bennington ខិតខំស្វែងរកការងារក្រៅម៉ោង ដែលអាចអោយកាត់មានលទ្ធភាពទិញថ្នាំញៀនប្រចាំថ្ងៃបាន។ គាត់បានចាប់ផ្ដើមចូលធ្វើការជាអ្នករត់តុនៅហាងលក់អាហារមួយគឺ Burger King និងចាប់ផ្ដើមបង្វឹកខ្លួនឯងជាមួយនឹងចម្រៀង ដើម្បីកាត់បន្ថយភាពស្មុគស្មាញដែលខ្លួនកំពុងជួបប្រទះ។

Bennington បានប្រឡូកចូលទៅក្នុងវិស័យចម្រៀងរ៉ក់ចាប់តាំងពីឆ្នាំ ១៩៩៣ មកជាមួយនឹងក្រុមតន្រី្តដំបូងដែលមានឈ្មោះថា Sean Dowdell and His Friends? ហើយមួយឆ្នាំក្រោយមកទៀត គាត់បានចូលរួមជាមួយក្រុមតន្រ្តីរ៉កមួយផ្សេងទៀតដែលហៅថា Grey Daze តែគាត់បានចាកចេញពីក្រុមនៅឆ្នាំ ១៩៩៨។

ជីវិតជាតន្រ្តីករចម្រៀងរ៉ក ជាការប្រកួតប្រជែងមួយសម្រាប់រូបលោកដែរ ព្រោះក្រុមតន្ត្រីដែលលោកបានចូលរួម គឺមិនមានកិច្ចកុងត្រាជាមួយក្រុមហ៊ុនណាមួយនោះទេ តែជាប្រភេទក្រុមតន្រី្តថ្មីៗ តាមផ្លូវតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកក៏មិនបានបោះបង់ចោលនូវចំណង់ចំណូលចិត្តរបស់ខ្លួន ដោយ Chester បានចូលរួមជាចំណែកមួយរបស់ក្រុមតន្រ្តី Xero ដែលទើបតែនឹងបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តែមិនសូវទទួលបានប្រជាប្រិយភាពនោះទេ។ Chester Bennington បានចូលរួមជាមួយនឹងក្រុមនេះដោយសារតែ សមាជិក២រូបរបស់ក្រុមបានចាកចេញ ទើបរូបលោកត្រូវបានជ្រើសរើសជាអ្នកចម្រៀងប្រចាំក្រុម ហើយបានប្ដូរឈ្មោះក្រុមពី Xero ទៅជា Hybrid Theory ក្រោយពីបានទទួលការគាំទ្របោះសម្លេងពីសំណាក់អ្នកគាំទ្រច្រើនជាងមុន។

ក្រុមតន្រ្តីរ៉កនេះ បានព្យាយាមពង្រីកខ្លួន និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញជាបណ្ដើរៗ​ជាមួយនឹងអាល់ប៊ុមថ្មីរបស់ពួកគេ គឺ Hybrid Theory ហើយបានឈានខ្លួនទៅកាន់ការប្រកួតប្រជែងទទួលបានចំនាត់ថ្នាកលេខ៦នៅលើ Billboard និងទទួលបានជ័យលាភីជាអាល់ប៊ុមចម្រៀងដែលលក់ដាច់បំផុតប្រចាំឆ្នាំថែមទៀតផង។

ជីវិតរបស់ Chester Bennington ក៏មានការប្រែប្រួលខ្លាំង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនអាមេរិច។ តារារូបនេះ ក៏ជាអ្នកដែលនាំអោយ ក្រុម Hybrid Theory ដែលក្រោយមកបានប្ដូរឈ្មោះជាថ្មីម្ដងទៀតទៅជា Linkin Park នៅឆ្នាំ ២០០០ ទទួលបានលទ្ធផលល្អផងដែរ។ លោកបានចូលរួមនិពន្ធ និងពាំនាំនូវភាពអស្ចារ្យនាំចម្រៀងរកទៅកាន់ពិភពលោក ហើយបទចម្រៀងរបស់ក្រុមនេះចំនួន ១០ បទដែលទទួលបានការគាំទ្រខ្លាំងក្នុងវិស័យចម្រៀង។

នៅពេលដែលមានការជជែកពីតន្រ្តីរ៉ក ក្រុមតន្រ្តី Linkin Parkបាននិពន្ធចម្រៀងដែលល្បីៗទាំងនោះ ហើយទទួលបានកេរ្តិ៍ឈ្មោះនៅលើ Billboard ជាច្រើនលើក ដែលក្នុងនោះមាន Waiting for the End នៅឆ្នាំ ២០១០ បទ Burn It Down នៅឆ្នាំ ២០១២ បទ Somewhere I Belong នៅឆ្នាំ ២០០៣ បទ Breaking the Habit នៅចុងឆ្នាំ ២០០៣ បទ Numb/Encore នៅឆ្នាំ ២០០៤ បទ Shadow of the Day នៅឆ្នាំ ២០០៧ បទ New Divide នៅឆ្នាំ ២០០៩ បទ What I’ve done នៅឆ្នាំ ២០០៧ បទ Numb នៅឆ្នាំ ២០០៣ និង បទ In the End នៅឆ្នាំ ២០០១។


យ៉ាងណាក៏ដោយ Chester Bennington បានបង្កើតក្រុមតន្ត្រីរបស់ខ្លួនឯងផ្ទាល់ក្នុងឆ្នាំ ២០០៩ មានឈ្មោះថា Dead by Sunrise តែអ្វីដែលគួរអោយសោកស្ដាយបំផុត លោកបានសម្រេចចិត្តធ្វើអត្តឃាត នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ២០១៧នេះ ដោយមានការលើកឡើងតាមរយៈ ទស្សនាវដ្ដី TMZ ដោយសារតែលោកកើតជម្ងឺបាក់ទឹកចិត្ត។ Chester បានធ្វើអត្តឃាតក្នុងគេហដ្ឋានរបស់លោកផ្ទាល់ក្នុងរដ្ឋ Los Angeles ក្នុងវវ័យ ៤១ ឆ្នាំ។

អត្ថបទដោយ៖ ម៉ៅ ធានី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments