ព័ត៌មានថ្មីបំផុត

ញ៉ាំ​មី​ច្រើន​ ដឹង​អត់​ថា​មហន្ត​រាយ​កម្រិត​ណា?​

Loading...
មីឆុង​ភ្លាម គឺជាអាហារពេញនិយម​ក្នុង​ចំណោម​យុវវ័យ ពិសេស​អ្នក​ដែល​មិន​សូវ​មាន​ថវិកា អ្នក​ខ្ជិល​ធ្វើ​ម្ហូប ឬ អ្នក​រវល់​ខ្លាំង​គ្មាន​ពេល​ញ៉ាំ។ ពិត​ណាស់ មីឆុងភ្លាម​នេះ មាន​រសជាតិ​ច្រើន​យ៉ាង មាន​រសជាតិ​ឆ្ងាញ់ ហើយជាពិសេស​ទៀត​នោះ គឺចំណាយពេល​តិចក្នុង​ការ​ចំអិន និង ញ៉ាំ​បាន​ភ្លាម​ៗ។ តើ​អ្នកចូល​ចិត្ត​ញ៉ាំ​មីទេ? តើ​អ្នក​ដឹង​ថា​វា​បានប៉ះពាល់​បែប​ណា​ខ្លះ​ចំពោះ​សុខភាព​អ្នក​ទេ? អត្ថបទ​ខាង​ក្រោម​នេះគឺជា​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​កើត​ពី​ការ​ញ៉ាំ​មី។





មីឆុង​ភ្លាម ជា​អាហារ​ដែល​ត្រូវ​បាន​គេ​ផលិត​ដើម្បី​រក្សា​ទុក​ឲ្យ​បាន​រយៈពេល​យូរ។ ដូច្នេះ ពេល​ផលិត គេ​មាន​ដាក់​សារធាតុ​ទៅ​ក្នុង​មី​ទាំង​នោះ ដែល​មាន​ដូចជា ពណ៌អាហារ រស់ជាតិ សារធាតុ​រក្សាមីឲ្យ​បាន​យូរ ហើយ​ក៏​មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​ញៀន​ផង​ដែរ។

វេជ្ជបណ្ឌិត​ជំនាញ​នៅមន្ទីពេទ្យ Madan Mohan Malviya, New Delhi បាន​បញ្ជាក់​ប្រាប់​ថា ភាគ​ច្រើន រោង​ចក្រ​ផលិត​មី ប្រើ monosodium glutamate (MSG) ក៏ដូចជា tertiary-butyl hydroquinone(TBHQ) គឺជា​សារធាតុ​គីមី​ម្យ៉ាង​ចេញ​ពី​រោង​ចក្រប្រេង​ម៉ាស៊ីន ប្រើ​សម្រាប់​បង្កើន​រសជាតិ និង រក្សា​ទុក​ឲ្យ​បាន​យូរ។ សារធាតុគីមីទាំងនេះអាច​បរិភោគ​បាន​ដោយ​មាន​កម្រិត ហើយបើ​បរិភោគ​ច្រើនឬ​ទៀង​ទាត់ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។

យោង​តាម​ការ​សិក្សារបស់ប្រទេស​កូរ៉េ​ខាង​ត្បូង ដែលសិក្សា​ពីផល​ប៉ះពាល់​របស់​មីឆុងភ្លាមលើ​សុខភាព យើង​ដឹង​ថា ទោះ​បីជា មី មាន​រសជាតិ​ឆ្ងាញ់ និង​ ស្រួល​រក​បរិភោគ តែវាភាគ​ច្រើន មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​រាង​កាយ តិច​ណាស់ មាន​កាឡូរី​ខ្ពស់ មាន​ជាតិ​សូដ្យូម​ខ្ពស់ ព្រម​ទាំង​សំបូរ​សារធាតុ​ខ្លាញ់​ ​ធ្វើ​ឲ្យ​ធាត់ទៀត​ផង​ ។

ការសិក្សា​នេះ​សន្និដ្ឋាន​ថា ការញ៉ាំ​មីឆុង​ភ្លាម មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ញ៉ាំមាន​ជំងឺធាត់ តែ​អាច​ប្រឈម​នឹង​ជំងឺជា​ច្រើន​ដូចជា ជំងឺ​លើស​ឈាម ជំងឺទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង ជំងឺ​ផ្សេងៗទៀត។

ម្យ៉ាង​ទៀត តើ​អ្នក​ដឹង​ថា ពេល​ចូល​ដល់​ក្នុង​ក្រពះ មី​នឹង​ទៅជា​យ៉ាង​ណា​ទេ? នៅ​ឆ្នាំ ២០១៣ ក្រុម​វេជ្ជបណ្ឌិត​អាមេរិកបាន​ធ្វើ​ការ​ពិសោធន៍ទៅលើ​ការ​រំលាយ​អាហារ​នៅ​ពេល​យើង​ញ៉ាំ​មី​ចូល​ទៅ។ លទ្ធផល​បង្ហាញថា ក្រពះ​របស់​មនុស្ស​យើង​ត្រូវ​ធ្វើ​ការ​ប្រមាណ ២ ម៉ោង ទើប​អាចរំលាយ​និង​បំបែក​មី​ឲ្យ​ជា​សមាសធាតុ​តូចៗ​បាន។ មីភាគ​ច្រើន​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​រំលាយ​អាហារ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្អល់​ពោះ ឬ ឈឺពោះជា​រឿង​ធម្មតា។

បើ​អ្នក​ចង់​ញ៉ាំ​មី​ អ្នក​គួរ​ញ៉ាំ​វា តែ​ម្តង ឬ ពីរ ដង​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍ កុំ​ឲ្យ​ញឹក​ញាប់​ពេក ការពារ​កុំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព។​

ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments