ព័ត៌មានថ្មីបំផុត

ធ្លាប់​ទេ​ មួយ​ខែ​មក​រដូវ​២ដង​?​ ដឹង​អត់​ថា​មក​ពីអី?​

Loading...
វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​សម្រាប់​ស្ត្រី​ពេញវ័យ​ដែល​ត្រូវ​មក​រដូវ​ជា​មធ្យម​ពី ២១ ទៅ ៣៥​ថ្ងៃ​ម្តង ហើយ​សម្រាប់​ស្ត្រី​វ័យ​ជំទង់​វិញ អាច​នឹង​មាន​វដ្ត​រដូវ​ពី ២១ ទៅ​៤៥​ថ្ងៃ​ឯណោះ​។ ប៉ុន្តែ​ស្ត្រី​ម្នាក់ៗ​តែងតែមាន​លក្ខណៈ​ខុសៗ​គ្នា ហើយ​វដ្ត​រដូវ​ពួកគេ​ក៏​ខុសគ្នា​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ដែរ​។ ឧទាហរណ៍ ក្នុង​ខែ​ខ្លះ វដ្ត​រដូវ​អាច​នឹង​មាន​រយៈពេល​យូរ ឬ​រយៈពេល​ខ្លី​ជាង​ខែ​មុនៗ ឬ​អាច​ចាប់ផ្តើម​លឿន​ជាង ឬ​យូរ​ជាង​ខែ​មុនៗ​។


 ពេលខ្លះ​អ្នក​អាច​នឹង​មក​រដូវ​រហូត​ដល់​ពី​រដង​ក្នុង​រយៈពេល​មួយ​ខែ​ក៏មានដែរ​។
បើសិនជា​វដ្ត​រដូវ​មាន​រយៈពេល​ខ្លី អ្នក​អាច​នឹង​មក​រដូវ​ដំបូង​នៅ​ដើមខែ និង​ម្តងទៀត​នៅ​ចុងខែ ហើយ​នេះ​គឺជា​អ្វី​ដែល​ធម្មតា និង​មិនបាច់​បារម្ភ​ឡើយ​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈធ្លាក់​ឈាម​តាម​ទ្វារមាស​ផ្សេង​ពី​ការ​មក​រដូវ ហើយ​សង្ស័យ​ថា​អ្នក​កំពុង​តែ​មក​រដូវ​ម្តងទៀត រឿង​ដំបូង​ដែល​គួរ​ធ្វើ​គឺ ចូរ​ស្វែងយល់ថា​តើ​វា​គឺជា​ឈាមរដូវ​ឬ​មិនមែន​ទេ​។

ការធ្លាក់​ឈាមរដូវ​កាន់តែ​ច្រើន​អាច​កើតឡើង​ដោយសារតែ​វដ្ត​រដូវ​មាន​រយៈពេល​ខ្លី ឬ​អាច​ដោយសារតែ​បញ្ហា​សុខភាព​ណាមួយ​ដែល​នាំ​ឲ្យ​ធ្លាក់​ឈាម​តាម​ទ្វារមាស​។

បើសិនជា​វដ្ត​រដូវ​ស្រាប់តែ​មាន​រយៈពេល​ខ្លី​ជាង​មុន​ភ្លាមៗ វា​អាច​ដោយសារតែ​បញ្ហា​ដូច​ខាងក្រោម​នេះ​៖
•​    ​មិន​មាន​ការ​ជ្រុះ​អូ​វ៉ុល​
•​    ​ក្រពេញ​ទី​រ៉ូ​អ៊ីតផលិត​អ័រម៉ូន​ច្រើនពេក​
•​    ​ក្រពេញ​ទី​រ៉ូ​អ៊ីតផលិត​អ័រម៉ូ​នតិ​ច​ពេក​
•​    ​ចាប់ផ្តើម​រ៉ាំ​ង​រដូវ​
•​    ​ពេញវ័យ​
•​    ​មាន​ដុំ​សាច់​ក្នុង​ស្បូន ឬ​គីស​ក្នុង​ស្បូន​
•​    ​ស្ត្រេ​ស​
•​    ​ស្រក​ទម្ងន់ ឬ​ឡើង​ទម្ងន់​ខ្លាំង​
•​    ​ប្រើ​ថ្នាំ​ពន្យា​កំណើត​
•​    ​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​

បើសិន​ជា​អ្នក​ធ្លាប់​តែ​មក​រដូវ​ទៀងទាត់ ហើយ​នៅ​សុខៗ​ស្រាប់តែ​ផ្លាស់ប្តូរ​វដ្ត​រដូវ​ភ្លាមៗ​មកពីរ​ដង​ក្នុង​មួយខែ វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​ដែរ​។ បញ្ហា​សុខភាព​មួយចំនួន​ដែល​អាច​បណ្តាលឲ្យ​ធ្លាក់​ឈាម និង​ច្រឡំ​នឹង​ការ​មក​រដូវ​ដែរ​នោះ​មានដូចជា​៖
•​    ​ការ​មាន​ផ្ទៃពោះ ដែល​បណ្តាលឲ្យ​ធ្លាក់​ឈាមតក់ៗ​ដែរ​
•​    ​ជំងឺ​កាមរោគ​ដែល​បណ្តាល​ឲ្យ​ហូរ​ទឹករំអិល និង​ធ្លាក់ឈាម​តាម​ទ្វារមាស​
•​    ​ការ​រលូត​កូន​អាច​បណ្តាលឲ្យ​ធ្លាក់​ឈាម​តាម​ទ្វារមាស​ខ្លាំងក្លា​។​

បើសិនជា​អ្នក​មាន​គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​គី​ស ឬ​ដុំ​សាច់​ក្នុង​ស្បូន ឬ​ឆាប់​រ៉ាំ​ង​រដូវ អ្នក​ក៏​កំពុងតែ​ប្រឈម​នឹង​បញ្ហា​មក​រដូវ​ពីរដង​ក្នុង​មួយ​ខែ​ដែរ​។ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​៖
•​    ​ធ្លាប់​មាន​ការឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម​ដែល​មិន​ព្រម​បាត់​ទៅ​វិញ​ក្រោយ​នៅ​រយៈពេល​ពីរ​ថ្ងៃក្រោយ​
•​    ​មក​រដូវ​ច្រើនៗ​
•​    ​មានការ​ហូរឈាម ឬ​ធ្លាក់​ឈាម​តក់ៗ​នៅ​ចន្លោះ​ពេល​មក​រដូវ​ដែល​វា​ច្រើនតែ​ច្រឡំ​នឹង​ការ​មក​រដូវ​ដែរ​
•​    ​មាន​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​
•​    ​ឈឺចាប់​បែប​រមួល​ក្នុង​ពេល​មក​រដូវ​កាន់តែខ្លាំង​
•​    ​សម្គាល់​ឃើញ​កំណក​ឈាមខ្មៅៗ​ធ្លាក់​ក្នុង​ពេល​មក​រដូវ​៕

ប្រភពអត្ថបទ៖ Health.com.kh

No comments