ពេលកំពុងប្រឡងបាក់ឌុប តើសិស្សគួរធ្វើវិញ្ញាសាបែបណាមុន?
Loading...
Photo credit: The Phnom Penh Post
នៅសល់រយៈពេលប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃឡើងជ្រុញហើយ។ ដោយសារការប្រលងនេះធំ សិស្សអាចទទួលរងសម្ពាធខ្លាំង ជាពិសេសពីអារម្មណ៍រំភើប ភ័យអររបស់ខ្លួន។ ម្យ៉ាង ការប្រលងមានរយៈពេលកំណត់ ដូច្នេះ តើសិស្សគួរប្រលងបែបណាទើបឲ្យមានប្រសិទ្ធិភាព និង បានទាន់ម៉ោងល្អ? ខាងក្រោមគឺជាវិធីសាស្ត្រមួយចំនួនអាចជួយសិស្សឆ្លងកាត់ម៉ោងប្រលងមួយៗ។
1. ពេលប្រលងត្រូវមាននាឡិកានៅក្បែរខ្លួន
ការប្រលងមានពេលកំណត់ ហើយអ្នកត្រូវតែប្រគល់ក្រដាសចម្លើយរបស់អ្នកពេលដល់ម៉ោង ទោះបីជាធ្វើមិនទាន់រួចក៏ដោយ។ នៅពេលអ្នកមានម៉ោងក្បែរខ្លួន អ្នកអាចមានលទ្ធភាពវាស់វែងពេលវេលាពីការធ្វើវិញ្ញាសារបស់អ្នក។ ធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការបែងចែកម៉ោងធ្វើចម្លើយ តែនឹងអាចធ្វើឲ្យអ្នកប្រលងចប់រួចរាល់ដោយជោគជ័យផង។
2. បើមានអារម្មណ៍ភ័យពេលប្រលង
វាជារឿងធម្មតា ដែលអ្នកអាចមានអារម្មណ៍រំភើប ភ័យអរសម្រាប់វិញ្ញាសាប្រលងខាងមុខ។ បើសិនអ្នកមានអារម្មណ៍បែកញើសដៃ ឬ ភ័យញ័រ អ្នកគួរធ្វើអារម្មណ៍ឲ្យនឹងនរ ដកដង្ហើមឲ្យវែងៗ ។ អ្នកអាចក្តាប់ដៃឲ្យណែន ឬ ច្របាច់ដៃទាំងសងខាង ដើម្បីឲ្យវាឈប់ញ័រ និងធ្វើឲ្យអ្នកមានស្មារតីឡើងវិញផង។ អ្នកក៏អាចរំងាប់អារម្មណ៍ដោយការបិទភ្នែក សមាធិ ១ ទៅ ២ នាទី ដើម្បីឲ្យស្ងប់ និងបាត់រំភើប។
3. កុំភ្លេចដាក់ឈ្មោះនិងលេខបន្ទប់
រឿងដំបូងដែលអ្នកត្រូវធ្វើពេលទទួលបានក្រដាសវិញ្ញាសានោះ គឺត្រូវដាក់ឈ្មោះ លេខបន្ទប់ លេខតុ ឲ្យបានត្រឹមត្រូវ។ ការបំពេញឈ្មោះ លេខតុ បន្ទប់ នេះ ពិតជាសំខាន់ណាស់ ព្រោះបើមិនបានធ្វើបែបនេះទេ អ្នកអាចប្រឈមនឹងការបាត់បង់ពិន្ទុ ឬ ធ្លាក់មុខវិជ្ជានោះ។ ដូច្នេះ កុំភ្លេចឲ្យសោះ។
4. ចំណាយពេល១ទៅ ២ នាទី មើលលើវិញ្ញាសាទាំងមូល
បន្ទាប់ពីបំពេញឈ្មោះ អ្នកត្រូវងាកមកធ្វើវិញ្ញាសាម្តង។ តាមធម្មតា អ្នកគួរចំណាយពេលបន្តិចក្នុងការមើលត្រួសៗលើវិញ្ញាសាដែលអ្នកនឹងធ្វើនោះ។ ការធ្វើបែបនេះធ្វើឲ្យអ្នកមានគំនិតអំពីវិញ្ញាសាទាំងមូល ជាពិសេសស្វែងយល់ថាសំនួរ ឬ លំហាត់ណាដែលអាចធ្វើបាន ហើយមួយណាមិនទាន់អាចគិតឃើញ។
5. កុំធ្វើលំហាត់ ឬ ឆ្លើយសំនួរពីលើចុះក្រោម
ក្រោយមើលដឹងពីស្ថានភាពវិញ្ញាសាប្រលងហើយ អ្នកត្រូវគូសចំណាំថាលំហាត់ឬសំនួរណាដែលស្រួល អាចយកពិន្ទុបានមុន។ ទោះបីជាលំហាត់ស្រួលនោះមានពិន្ទុតិច តែអ្នកគួរធ្វើវាមុន ដើម្បីឲ្យបា្រកដថា អ្វីដែលអាចធ្វើបាន គឺធ្វើរួចរាល់។ បើរវល់តែធ្វើលំហាត់ពិន្ទុច្រើនមុន ហើយជាប់គាំង ដល់ម៉ោង ហើយមិនបានទៅធ្វើឯលំហាត់ស្រួល អ្នកនឹងអាចបាត់ទាំងពិន្ទុធំ ទាំងពិន្ទុតូច។
6. កុំគាំងនៅមួយកន្លែង
នេះមានន័យថា បើសិនជាអ្នកធ្វើលំហាត់ណាមួយ ហើយទាក់ធ្វើមិនចេញ អ្នកគួរចំណាយពេលបន្តិចបានហើយដើម្បីគិតលើវា។ បើសិនជាគិតមិនចេញទេ អ្នកគួរទុកវាចោលសិន រួចទៅរកធ្វើលំហាត់ណាដែលអាចធ្វើបានវិញល្អជាង។ ការធ្វើបែបនេះគឺដើម្បីឲ្យអ្នកបានចំណេញពេលវេលា។ បើនៅតែគាំងមួយកន្លែង អ្នកអាចធ្វើមិនហើយ នៅដល់ម៉ោងប្រមូលវិញ្ញាសា អាចធ្វើឲ្យខាតពិន្ទុ។
7. មើលឡើងវិញពេលធ្វើចប់
សម្រាប់អ្នកដែលមានលទ្ធភាពធ្វើវិញ្ញាសារួចមុនម៉ោង អ្នកគួរប្រើពេលនោះមើលចម្លើយរបស់អ្នកឡើងវិញ។ អ្នកគួរមើលក្រែងលោអ្នកមានសរសេរច្រលំអក្សរ សរសេរច្រឡំសញ្ញា ប្រើរូបមន្តគណនាលំហាត់ខុស ឬ គិតលេខខុសជាដើម។ បើមានបញ្ហាពិតមែន អ្នកនឹងមានពេលកែរតម្រូវវាវិញ។
បញ្ជាក់៖ អ្នកគួរអនុវត្តន៍ដំណាក់កាលទាំងនេះពេលប្រលងទើបជាការល្អ៕
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments