តើអ្នកធ្លាប់មានណាត់ជាលើកដំបូងទេ? តើជាមួយអ្នកណាដែរ មានចាំទេ? តើអ្នកមានអារម្មណ៍បែបណាពេលគេសុំណាត់? ពិបាកចិត្ត ឬ សប្បាយចិត្ត? បើអ្នកជាស្រី តើអ្នកស្នើសុំណាត់ជូបនៅទីណា ហេតុអ្វី? តើអ្នកទៅទីណាដែរនៅពេលនោះ? ពិតណាស់ ពេលពេញវ័យ មនុស្សតែងមានភាពពេញចិត្តគ្នាទៅវិញទៅមក។ ពេលមានអារម្មណ៍ពេញចិត្តគ្នាខ្លះៗហើយ ពួកគេក៏ចាប់ផ្តើមសុំណាត់ជូបគ្នាតែពីរនាក់ បង្កើនទំនាក់ទំនងគ្នា។ តើអ្នកគួរទៅទីណា? កន្លែងណាដែលសមរម្យសម្រាប់ការណាត់ដំបូង? ខាងក្រោមគឺជាកន្លែងមួយចំនួនដែលអ្នកគួរទៅ។
1. នៅក្នុងហាងកាហ្វេ
នេះគឺជាជំរើសសម្រាប់នារីណាដែលមានអារម្មណ៍មិនសូវស្រួល ពេលណាត់ដំបូង។ នេះមានន័យថា ជូនកាល ស្រ្តីមិនសូវពេញចិត្តនឹងការហៅណាត់ពីបុរសទេ តែគេមិនចង់បដិសេធ។ ទៅហាងកាហ្វេ មិនដូចជាកន្លែងញ៉ាំអីដទៃទៀត ព្រោះថា វាអាចចំណាយពេលតិចក្នុងការកម្ម៉ុង និង ញ៉ាំ។ ដោយសារពេលតិចនេះ គេអាចប្រើវាជាលេសសម្រាប់ចាកចេញមុនបាន។
2. នៅក្នុងហាងសៀវភៅ
មនុស្សស្រីភាគច្រើន ចូលចិត្តសៀវភៅណាស់។ ការនាំមនុស្សស្រីទៅហាងសៀវភៅ គឺជាអ្វីដែលគេពេញចិត្តបំផុត។ ម៉្យាង ទៅហាងសៀវភៅ អ្នកនឹងមិនបារម្ភខ្លាចគ្មានអ្វីនិយាយគ្នា ព្រោះថាការនិយាយពីការអានសៀវភៅ គឺជាប្រធានបទនិយាយមិនចេះចប់ ធ្វើឲ្យកាន់តែមានភាពសិ្នទស្នាលទៀត បើសិនជាមនុស្សប្រុសក៏ជាមនុស្សអានសៀវភៅដែរ។
3. ទៅមើលកុន
ទីនេះ គឺជាកន្លែងស្ងាត់ ល្អសម្រាប់អ្នកដែលចង់បានភាពផ្ទាល់ខ្លួន។ ភាគច្រើន គូដែលទៅមើលកុន គឺជាគូដែលមានភាពពេញចិត្តគ្នារួចហើយ ហើយគេចង់បង្កើនភាពរ៉ូម៉ែនទិចជាមួយគ្នា។ ទោះជាយ៉ាងណា ពួកគេក៏មិនសូវបាននិយាយគ្នាដែលនៅពេលមើលកុននោះ។ បើសម្រាប់អ្នកដែលទើបស្គាល់គ្នា ឬមិនសូវពេញចិត្តចំពោះការណាត់ទេ អ្នកកុំគួរទៅទីនេះអី។ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តច្រើនយ៉ាង។
4. ទៅក្នុងកម្មវិធីសង្គមមួយចំនួន
សម័យនេះ យុវជនមានការយល់ដឹង និង បានចូលរួមក្នុងកម្មវិធីសង្គមច្រើន។ ហេតុនេះ ការចូលរួមកម្មវិធីសង្គម ក៏អាចជាវីធីណាត់គ្នាដើរលេងបានដែរ ព្រោះមិនត្រឹមតែជាកន្លែងណាត់ តែជាកន្លែងអ្នកអាចទទួលបានចំណេះដឹងផ្សេងៗផង។ កន្លែងទាំងនោះអាចជា ការពិពណ៌សិល្បៈ កម្មវិធិផ្តល់ចំណេះដឹង ការប្រគុំតន្ត្រី និងកម្មវិធីសង្គមផ្សេងៗ។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like &
Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ
Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright
របស់អ្នកដទៃទាំងអស់គ្នា។
No comments