ព័ត៌មានថ្មីបំផុត

"គេថា​ខ្ញុំល្ងីល្ងើ​ណាស់ ​មាន GPA ​2.5 ចង់​ដាក់​អាហារូបករណ៍​ទៅ​បរទេស"

Loading...
ពីសិស្សម្នាក់ដែលតែងតែមានចំណាត់ថ្នាក់ក្រោមគេ រហូតតស៊ូអាចបំបែកផ្នត់គំនិតរបស់មិត្តភក្ដិថា ដែលថា ចំណាត់ថ្នាក់ និងពិន្ទុមិនល្អមិនអាចរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបាន យុវជនវ័យ ២៤ ឆ្នាំ អ៊ុយ សមផល្លារិទ្ធិ បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនឯង ដោយទទួលបានអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅចក្រភពអង់គ្លេសក្នុងឆ្នាំសិក្សា ២០១៧ នេះ។



ជាកូនអ្នកនៅភ្នំពេញ ផល្លារិទ្ធិ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីដេប៉ាតឺម៉ង់ពីរ នៅវិទ្យាស្ថានភាសាបរទេសផ្នែក ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនង និង បរិញ្ញាបត្រសិក្សាអន្តរជាតិក្នុងឆ្នាំ ២០១៤ តែក្នុងលំដាប់ពិន្ទុទាបជាងមិត្តរួមថ្នាក់ដទៃ និងត្រូវប្រឡងសងឡើងវិញជាលើកទីពីរដើម្បីបញ្ចប់ការសិក្សា។


យុវជនមាឌក្រអាញរូបនេះបាននិយាយថា៖ “ខ្ញុំរៀនពីរជំនាញដំណាលគ្នា ហើយបង្រៀនក្រៅម៉ោងពេលល្ងាចទៀត ដូច្នេះលទ្ធផលសិក្សាខ្ញុំ មិនដែលបានផលល្អដូចគេទេ។ គេធ្វើកិច្ចការគ្រូដាក់ឱ្យមួយ ប្រឡង៥មុខ ខ្ញុំធ្វើពីរ ប្រឡង១០មុខ ហើយនៅមានការងារក្រៅម៉ោងទៀត។”

ចាប់តាំងពីបញ្ចប់ថ្នាក់បរិញ្ញាបត្រមក រិទ្ធិបានព្យាយាមស្វែងរកអាហារូបករណ៍ទៅបរទេស ជាពិសេសប្រទេសអង់គ្លេស ព្រោះវាជាក្ដីសុបិនរបស់លោកដែលបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទីនោះ។ តែលោកត្រូវបរាជ័យ និងមានការបាក់ទឹកចិត្តជាខ្លាំងព្រោះលោកត្រូវបានបដិសេធចំនួន ២ ឆ្នាំជាប់គ្នា។


ផល្លារិទ្ធិបានបន្ថែមថា៖ “អ្នកណាក៏ថាពិន្ទុមិនល្អដូចខ្ញុំGPAទាប គ្មានសង្ឃឹមទេ តែខ្ញុំមិនបោះបង់ ខ្ញុំចង់ឱ្យគ្រប់គ្នាដឹងថាខ្ញុំអាចធ្វើបាន។” យុវជនរូបនេះបានបន្តទាំងមោះមុតថា ការងារដែលខ្លួនប្រាថ្នា និងជាការងារក្នុងក្ដីសុបិននោះគឺធ្វើជាមន្ត្រីនគរបាល ប៉ុន្តែគ្រួសារមានការជំទាស់នឹងជម្រើសនេះ ដោយសារពួកគាតគិតថាការងារនេះមិនសក្ដិសមនឹងលោក។


ក្នុងឆ្នាំ២០១៤ ផល្លារិទ្ធិបានត្រៀមខ្លួនសម្រាប់ការប្រឡងក្របខណ្ឌមន្ត្រីនគរបាលជាតិ តែលោកត្រូវបានបដិសេធ ព្រោះតែទម្ងន់របស់លោកហួសពីលក្ខខណ្ឌជ្រើសរើស។ ដើម្បីសម្រេចក្ដីបំណងរបស់ខ្លួន រិទ្ធិមិនបានបោះបង់ឆន្ទៈនោះទេ តែបានសម្រួចវាដើម្បីចាប់យកនូវអ្វីដែលខ្លួនចង់បាន គឺលោកបានសម្រកទម្ងន់១០គីឡូក្រាមក្នុងរយៈពេល៤ខែ ហើយបានប្រឡងជាប់ក្របខណ្ឌនគរបាលក្នុងឆ្នាំ២០១៧ ស្របពេលដែលលោកក៏បានប្រឡងជាប់ជាមន្ត្រីទំនាក់ទំនងអន្តរជាតិ​នៅទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរ។ ប៉ុន្តែ ផល្លារិទ្ធិបានធ្វើការបោះបង់ឱកាសការងារនេះម្ដងទៀត ព្រោះដើម្បីបញ្ចៀសការជំទាស់ពីក្រុមគ្រួសារ ហើយឈោងចាប់យកឱកាសអាហារូបករណ៍ដែលខ្លួនគិតថា​វាជាឱកាសដែលមានតែម្ដងក្នុងឆាកជីវិតសម្រាប់ខ្លួន ដោយសារតែប្រវត្តិសិក្សាមានលទ្ធផលមិនល្អ ហើយការស្នើសុំលិខិតណែនាំពីមនុស្សដែលស្គាល់ពីខ្លួនលោកច្បាស់ ក៏ជាឧបសគ្គមួយដែរ។ យ៉ាងណាមិញ យុវជនរូបនេះបានបន្ថែមថា មុខជំនាញដែលលោកបានជ្រើសរើសក្នុងកម្មវិធីអាហារូបករណ៍នេះ គឺជាស្ពានសម្រាប់ចម្លងខ្លួនទៅកាន់ការងារគោលដៅនៅថ្ងៃអនាគត។



អ៊ុយ សមផល្លារិទ្ធិ​បានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ទៅសិក្សានៅចក្រភពអង់គ្លេសជំនាញ សន្តិសុខ ចារកម្ម និងការទូត នៅសាកលវិទ្យាល័យ Buckingham តាមរយៈកម្មវិធីអាហារូបករណ៍ Chevening។ រិទ្ធិបាននិយាយថា លោកនឹងឈោងចាប់ឱកាសនេះសិន និងអភិវឌ្ឍខ្លួនឯង រួចហើយត្រឡប់មករកការងារក្នុងក្ដីស្រម៉ៃវិញ​ដើម្បីបម្រើប្រទេសជាតិ និងកែប្រែផ្នត់គំនិតមនុស្សទូទៅ​ដែលថាមន្ត្រីនគរបាលជាអ្នកដែលមានការអប់រំតិច និងធ្វើការមិនសមស្របតាមតួនាទី។


យុវជននេះបានបន្តថា៖ “កុំបោះបង់ក្ដីសង្ឃឹមខ្លួនឯងទៅតាមពាក្យអ្នកដទៃថាយើងធ្វើមិនបាន ហើយក៏កុំឈឺចាប់ និងសោកសង្រេងជាមួយអតីតកាល តែព្យាយាមតស៊ូ ជំនះដើរទៅមុខ តម្រង់ទៅកាន់បច្ចុប្បន្នភាព និងអនាគតដែលប្រសើរជាងមុនវិញ។”


អត្ថបទដោយ៖ ម៉ៅ ធានី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments