ព័ត៌មានថ្មីបំផុត

អ្នកណា​ថា​គេង​ថ្ងៃ​អត់​ប្រយោជន៍?​ ដឹង​​អត់​ថា​វា​មាន​ប្រយោជន៍​អី​ខ្លះ?​

Loading...
តើ​អ្នក​ដែល​មាន​អារម្មណ៍ថា អ្នក​មាន​អារម្មណ៍​នឿយ​ហត់​ខ្លាំង នៅ​ពេល​ដែល​ពេល​ល្ងាច​ឈាន​ចូល​មក​ដល់? ពិតណាស់ ថាមពល​របស់​មនុស្ស​ម្នាក់​ៗមាន​កំណត់។ តើ អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្ងៃ​នឿយហត់​របស់​អ្នក បែរ​មក​មាន​ពន្លឺទេ? សាក​ល្បង​ការ​គេង​ពេល​ថ្ងៃ​សាក​មើល​ទៅ។ ជាង​នេះ តាម​ការ​ស្រាវជ្រាវ ការគេង​ថ្ងៃ​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ ហើយ​អ្នក​ក៏​មិន​គួរ​មើល​រំលង​វាដែរ។ ទោះជា​យ៉ាង​ណា ការ​គេង​ថ្ងៃ​នេះ មិន​មែន​អ្នក​គេង​ច្រើនម៉ោង​ហើយ​ថា​ល្អដែរទេ។ រយៈពេលគេង​ដែរ​ល្អ គឺ ២០ ឬ ៣០​ នាទី​ប៉ុណ្ណោះ។ ខាង​ក្រោម​គឺជា​ប្រយោជន៍ដែរ​អ្នក​ទទួល​បាន​ពី​ការ​គេង​ថ្ងៃ​មួយ​ស្របក់។





1. ធ្វើ​ឲ្យ​អ្នក​មាន​ភាព​វៃនិង​រហ័ស
បើ​សិនជា​ អ្នកបើក​ភ្នែក​មិន​រួច​ផង ការងារ​របស់​អ្នក​ក៏​ប្រព្រឹត្តទៅ​មិន​ល្អ​ប៉ុន្មាន​ដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​គេង​ប្រមាណ ២០នាទី ពេល​ថ្ងៃ អាចជួយឲ្យ​អ្នក​មាន​ថាម​ពល​ ដែល​វាមាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​ការ​ហាត់​ប្រាណ​ និងមាន​ប្រសិទ្ធភាពជាង​ការ​ផឹក​កាហ្វេ ២០០ មីលីក្រាមទៅទៀត។​ បើ​សិនជាអ្នក​គេងបាន​បន្តិច​បែបនេះ អ្នក​នឹងក្រោក​មក ដោយ​មាន​អារម្មណ៍ស្រស់​ស្រាយ និង មាន​ថាមពល​។​

2. ជួយ​ដល់​ការ​ចង​ចាំរបស់អ្នក
ការ​គេង​ពេល​ថ្ងៃជួយ​ដល់​ការ​ចង​ចាំ​របស់​អ្នក។ ពិត​ណាស់ ជា​រៀង​រាល់​ថ្ងៃ ព័ត៌មាន​មាន​ច្រើន​រាប់មិន​អស់​ដែល​ចូល​ក្នុង​ខួរ​ក្បាល​របស់​យើង តែ​ខួរ​ក្បាល​របស់យើង​ធ្វើ​ការ​ដើម្បីឲ្យ​ប្រាកដ​ថា​ព័ត៌មាន​ណា​ត្រូវ​ឬមិន​ត្រូវ​រក្សាទុក។​ ការ​គេង​ថ្ងៃនេះ ជួយ​ឲ្យ​អ្នក​មាន​ការចង​ចាំ​កាន់​តែ​ប្រសើរព្រម​ទាំងជួយ​ខួរក្បាលដល់ការ​ជ្រើស​រើស​ព័ត៌មានពិត​ប្រាកដ​ ដើម្បីរក្សា​​ក្នុង​ប្រព័ន្ធប្រសាទ​របស់​អ្នក​ផង។

3. ការពារ​ការ​ធ្វើ​ការ​លើស​កម្រិត និង ជំរុញ​ស្មារតី​ធ្វើ​ការងារ
បើ​សិនជា​អ្នក​មាន​ការងារ​ច្រើន ហើយ​គ្មាន​ពេល​នឹង​សម្រាក ព្រោះគិត​ថា​ត្រូវ​បង្ហើយ​ការងារ អ្នក​ពិតជាគិត​ខុសហើយ។ តាម​ការ​ពិត​ បើ​សិន​ជាអ្នក​មក​សម្រាក​ប្រមាណជា ៣០ នាទីអី អ្នកនឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ត្រឡប់មក​ធ្វើ​ការ​វិញ។ ការ​គេង​ថ្ងៃនេះ ជួយ​ឲ្យ​អ្នក​មានផលិតភាព​ខ្ពស់ ហើយ​ការ​ធ្វើ​ការងារ​ក៏​អាច​ឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ល្អ​ដែរ។

4. បង្កើន​សមត្ថភាព និង ការ​ច្នៃ​ប្រឌិត​ប្រចាំ​ថ្ងៃ​
តាម​ការពិត ការ​ស្រាវជ្រាវ​បាន​បង្ហាញថា ការ​គេង​ថ្ងៃអាច​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ការ​គេង​ពេល​យប់​ដែរ។ វា​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់អ្នកបាន​ស្រស់​ស្រាយ​ឡើងវិញ។ ការ​សម្រាកពេល​ថ្ងៃនេះ អាចជួយ​បង្កើន​ការ​គិត ភាព​ច្នៃ​ប្រឌិត​របស់​អ្នក ព្រម​ទាំង​ជួយ​សម្រួល​ដល់​ដំណើ​រការ​ខួរ​ក្បាល​របស់​អ្នក​ផង។

5. ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ
ការ​គេង​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​អរម៉ូន​ករទីសូលកើ​ន​ឡើង​លើសនៅ​ក្នុង​រាង​កាយ។ អរម៉ូន ករទីសូល លើសធ្វើ​ឲ្យ​អ្នក​ខ្វះ​ជាតិ​ស្ករ មាន​ខ្លាញ់​ក្បាល​ពោះ ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ ​ធ្វើ​ឲ្យប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ បង្អាក់​សមត្ថភាព​ខួរក្បាល ព្រមទាំងកាត់​បន្ថយ​ការ​ផលិតអរម៉ូន​សម្រាប់​រាងកាយ​ផង។ តែ​នៅពេល​អ្នក​គេង អ្នក​នឹង​កាត់​បន្ថយ​ការ​កើនឡើង​របស់អរម៉ូនករទីសូល​នេះ ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធការពាររាងកាយ​កាន់​តែ​ប្រសើរ កាត់​បន្ថយ​ស្ត្រេសនិងភាព​តាន​តឹង ជួយ​សុខភាព​សាច់​ដុំ និង​ស្រកទម្ងន់​ដែរ។ គេង​ថ្ងៃក៏​ឲ្យ​ខួរក្បាល​ និង រាង​កាយរបស់​អ្នក​បាន​សម្រាកដែរ។

6. ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ
ក្រៅពី​ជួយ​ដល់​សុខភាព​របស់​អ្នក​ហើយ ការគេងឬសម្រាក​ពេល​ថ្ងៃ អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​មានភាព​ល្អ​ប្រសើរ។ វា​អាច​កាត់​បន្ថយ​ភាព​តានតឹង ការរំខាន​អារម្មណ៍ ការ​ព្រួយ​បារម្ភ អារម្មណ៍​ភ័យ​ខ្លាច ជាដើម។ ការ​គេងថ្ងៃ ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ​ឡើង ហើយ​ធ្វើ​ឲ្យ​អ្នក​គិត​តែ​ពី​រឿង​វិជ្ជមាន​ថែម​ទៀត។

ប្រភព៖ artofmanliness
ដោយ៖ ហ៊ាង សុគន្ធារី​


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments