ព័ត៌មានថ្មីបំផុត

ម៉េច​បាន​មនុស្ស​ខ្លះ​ប្រើ​ដៃ​ឆ្វេង​? ​ហើយ​​ហេតុ​អ្វី​​អ្នក​ប្រើដៃ​ឆ្វេង​មាន​តិច​ជាង​ដៃ​ស្តាំ?​

Loading...
មនុស្ស​ភាគ​ច្រើន​​ប្រើ​ប្រាស់​ដៃ​ស្តាំ ដើម្បី​ញ៉ាំអាហារ សរសេរ​អក្សរ ឬ ធ្វើ​ការ​ផ្សេងៗ។ ពិត​ណាស់ យើង​ប្រាកដជា​បាន​ដឹង​ហើយថាការ​ប្រើ​ដៃ​ស្តាំ​គឺ​ត្រឹម​ត្រូវ ហើយ អ្វី​ដែល​សំខាន់នោះ នៅ​ពេល​យើង​បង្រៀន​ក្មេង​ឲ្យ​ចេះ​ប្រើ​ដៃ​ដំបូង​នោះ គឺយើង​ប្រាកដ​ជា​ព្យាយាម​ឲ្យ​ពួក​គេ​ប្រើ​ដៃ​ស្តាំ​ជំនួស​ដៃ​ឆ្វេង​ដែរ។ សព្វថ្ងៃ ប្រជាជន ១ ក្នុង​ចំណោម ១០ នាក់នៅ​លើ​ពិភព​លោក​នេះជា​អ្នក​ប្រើ​ឆ្វេង។ សម្មតិកម្ម​នេះ​ត្រូវ​បាន​រក​ឃើញហើយ ក៏អាច​យក​ទៅ​ប្រៀបធៀបគ្នា​បានជាមួយ​ប្រជាជន​សម័យ​ដើម​ដែរ ដូចជា​ប្រជាជន​កាលពី ៥ ម៉ឺន​ឆ្នាំ​មុនជា​ដើម ដោយ​សា​រ​ការ​រក​ឃើញ​នូវ​ឧបករណ៍សម្រាប់​អ្នក​ប្រើ​ដៃឆ្វេងជា​ដើម។ តើ​ហេតុអ្វី​បាន​ជា​អ្នក​ទាំង​នោះជា​អ្នក​ប្រើ​ដៃ​ឆ្វេង? ហេតុអ្វី​បាន​ជា​អ្នក​ប្រើ​ដៃ​ឆ្វេង​មាន​តិច​បែប​នេះ?


អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា ការ​ដែល​អ្នក​ខ្លះ​ប្រើ​ដៃឆ្វេង ឬ ដៃ​ស្តាំ​នេះ គឺអាច​ត្រូវ​បាន​កំណត់​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម៉្លេះ។ ការ​ស្រាវជ្រាវ​មួយ​បាន​​លើក​ឡើង​ថា កូន​ភ្លោះពិត (ដូចគ្នា) ពីរ​នាក់ មាន​ហ្សែន ដូចគ្នាបេះបិទ តែ​ អាច​មាន​ភាគរយ​ខ្លះ​ដែល​អ្នក​ទាំង​ពីរ​ប្រើ​បា្រស់​ដៃខុសគ្នា ហើយ​ទ្រឹ​ស្តី​នេះ ក៏​អាច​យក​មក​ប្រើជា​មួយ​បង​ប្អូន​ដទៃ​ផ្សេងទៀត​ដែរ។ ការពិត សម្រាប់​មនុស្ស​ដែល​អាច​ប្រើដៃ​ស្តាំ ឬ ឆ្វេង ក៏​អាច​មក​ពី​ហ្សែន​របស់​ឪពុក​ម្តាយ​របស់​គេ​ដែរ។ បើ​ឪពុក​ម្តាយ​ទាំង​ពីរជា​អ្នក​ដែល​ប្រើ​ដៃ​ស្តាំ ភាគ​រយ​កូន​ដែល​ប្រើ​ដៃ​ឆ្វេង មាន​តែ ១០%​ ប៉ុណ្ណោះ ហើយ​បើ​​ឪពុក​ម្តាយ​ទាំង​ពីរដែល​ប្រើ​ដៃឆ្វេង កូន​ដែល​អាច​ប្រើ​ដៃ​ឆ្វេង មាន​តែ​ ២៥% ប៉ុណ្ណោះ។ ភាគ​រយ​តិចទាំង​នេះ​ហើយ ជា​ហេតុផល​ ​ធ្វើ​ឲ្យ​មនុស្ស​ជា​អ្នក​ប្រើ​ដៃឆ្វេង មាន​តិចជាង​អ្នក​ដែល​ប្រើ​ដៃ​ស្តាំ។

ហេតុ​ផល​មួយ​ទៀតនោះ​គឺ​​ជាបរិយាកាស​សង្គម​សព្វ​ថ្ងៃដែល​ធ្វើ​ឲ្យ​មាន​អ្នក​ប្រើ​ប្រាស់​ដៃ​ឆ្វេង​មាន​ចំនួន​តិច។ បើ​សិន​ជា​យើង​សង្កេត​មើល​ទៅ របស់​ប្រើ​ប្រាស់​ភាគ​ច្រើន​ដូចជា កាំបិត កន្ត្រៃ ឧបករណ៍​កីឡា ឧបករណ៍​លេង​ហ្គេម និង របស់​របរ​ប្រើ​ជា​ច្រើន​ទៀតដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើ​ដៃ​ស្តាំ។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ដៃ​ឆ្វេង​មាន​ការ​លំបាក​សម្រាប់ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។

តាម​ការ​ពិតទៅ អ្នក​ដែល​ប្រើ​ដៃ​ឆ្វេង អាច​មាន​ឱកាស​ច្រើនជាង​អ្នក​ប្រើ​ដៃ​ស្តាំ នៅ​ពេល​ប្រើក្នុង​ការ​ប្រគួតប្រដាល់​គ្នា ឬ ក្នុង​កីឡាភាគ​ច្រើន។ អ្នក​ប្រើ​ដៃ​ស្តាំ អាច​មាន​ការ​លំបាក​យក​ឈ្នះ​លើ​អ្នក​ប្រើ​ដៃ​ឆ្វេង នៅ​ពេល​ដែល​យើង​និយាយ​ពីការ​លេង​កីឡា។

ទោះ​បីជា​យ៉ាងណា ប្រជាជន​ដែល​នៅ​ប្រើ​ដៃ​ឆ្វេង នៅ​តែ​រក្សា​ចំនួន​របស់​ខ្លួន​នៅ​​ក្នុង​សង្គម​មនុស្ស​បច្ចុប្បន្ន​ដដែល។

ប្រភព៖ TED-ED
ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments