ព័ត៌មានថ្មីបំផុត

២​យ៉ាង​ដើម្បី​​ចាត់​​ចំណាត់​ថ្នាក់​​មនុស្ស​​

Loading...
មាន​គោលការណ៍ ២ យ៉ាង ដើម្បី​ចាត់​ចំណាត់ថ្នាក់​មនុស្ស ឲ្យ​ស្ថិត​ក្នុងឋានៈ​មួយ​ដ៏​សមរម្យ នោះ​គឺ ១-​មើល​អ្នកដទៃ​ក្នុង​រូបភាព​មួយ ប្រហាក់ប្រហែល​នឹង​ខ្លួន​យើង និង​២-​បណ្តុះ​និស្ស័យ​ក្នុងការ​ស្វែងយល់​ពី​អ្នកដទៃ​។​



១-​មើល​អ្នកដទៃ​ក្នុង​រូបភាព​មួយ​ប្រហាក់ប្រហែល​នឹង​ខ្លួន​យើង​៖
​ប្រការនេះ អ្នក​ត្រូវ​គិតថា មនុស្ស​ដែល​យើង​កំពុង​ទាក់ទង គឺជា​បុគ្គល​សំខាន់​។ មនុស្ស​គ្រប់រូប សុទ្ធតែជា​បុគ្គល​សំខាន់ ហើយ​សូម​កុំភ្លេចថា រូបអ្នក​ក៏​ជា​បុគ្គល​សំខាន់​មួយរូប​ដែរ​។ ហេតុនេះ ពេល​ទាក់ទង​នរណា អ្នក​ត្រូវតែ​ចងចាំ​ជាគោលការណ៍​ថា "​មាន​បុគ្គល​សំខាន់​ពីរ​នាក់ ដែល​ជួបពិភាក្សា​អំពី​អ្វី​ដែលមាន​សារៈសំខាន់ និង​មាន​ផលប្រយោជន៍​រួមគ្នា​"​។​
​ជាទូទៅ អ្នកនឹង​ជួប​មនុស្ស​ច្រើន​ប្រភេទ ដូចជា អ្នកខ្លះ​ចាំតែ​និយាយ​តម្រូវ​ចិត្ត​អ្នកដទៃ ឯ​អ្នកខ្លះ ក៏​ធ្វើខ្លួន​ប្រៀប​ដូច​អ្នកសុំទាន ព្រមធ្វើ​អ្វី​គ្រប់យ៉ាង តាមចិត្ត​អ្នកដទៃ​។ ចំណែក​អ្នក​ខ្លះទៀត គេ​គោរព​ខ្លួនឯង និង​គោរព​អ្នកដទៃ ប្រហាក់ប្រហែលគ្នា និង​មាន​សំណួរ​ចោទ​ឆ្លើយ​ទៅវិញទៅមក ប្រហាក់ប្រហែលគ្នា​។
​អ្នក​ប្រភេទ​ចុងក្រោយ ទើប​ជាម​នុស្ស​ច្បាស់លាស់ ម៉ាំង​ទៅ ម៉ាំង​មក ឯករាជ្យ​ម្ចាស់ការ និង​អាច​សហការ​ជាមួយគ្នា​បាន​។ ផ្នត់គំនិត​ដែលថា មនុស្ស​ម្នាក់ៗ សុទ្ធតែជា​មនុស្ស​សំខាន់ នឹង​ជួយ​ឲ្យ​អ្នក​ពង្រឹង​ខ្លួន​ឲ្យ​ស្ថិត​ក្នុងឋានៈ​ស្មើភាព ពោលគឺ​មនុស្ស ដែល​អ្នក​កំពុង​ទាក់ទង ពុំមែន​អស្ចារ្យ​ទៅតាម​អ្វីដែល​អ្នក​គិត​ទេ​។​
"​អ្នកដទៃ អាចជា​មនុស្ស​សំខាន់ គួរ​ឲ្យ​អស្ចារ្យ​... ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា គេ​គឺជា​បុគ្គល​ជើង​ជាប់​ដី មាន​កិលេស មានបំណង​ប្រាថ្នា​ផ្ទាល់ខ្លួន មានគុណ​វិបត្តិ និង​ជួប​បញ្ហា​ខ្លះៗ ដូចជា រូបអ្នក​អ៊ីចឹង​ដែរ​"​។​

២-​បណ្តុះ​និស្ស័យ​ក្នុងការ​ស្វែងយល់​ពី​អ្នកដទៃ​៖
​អ្នក​ដែល​ចាំ​ប៉ុនប៉ង​វាយប្រហារ មួលបង្កាច់ ឬ​ចង់​ព្យាបាទ មកលើ​អ្នក គឺ​ពិតជា​មិន​ខ្វះ​ទេ​។ ហេតុនេះ ប្រសិនបើ​អ្នក​មិន​គិត​រៀប​ផែនការ​ទប់ទល់​ជាមួយ​ពួកគេ​ទេ ថ្ងៃ​ណាមួយ​អ្នកនឹង​ត្រូវ​បាក់​ទឹកចិត្ត អស់ជំនឿ និង​ព្រម​ចុះចាញ់​តែម្តង​។​
​ដូច្នេះ​អ្នក​ចាំបាច់​ត្រូវតែ​រៀប​ជើង​ព្រួល​ការពារ​ខ្លួន​ឲ្យ​ផុតពី​ពួក​អន្ធពាល ដែល​ចូលចិត្ត​រុករាន បៀតបៀន​អ្នកដទៃ​ទាំង​ចេតនា ឬ​អ​ចេតនា​។​
​សូមអ្នក​ចងចាំ​ថា ថ្ងៃមុខ​បើ​មាន​អ្នកណា មក​ប្រកាសសង្គ្រាម​ជាមួយ​អ្នក ចូរ​ខំ​ទប់ចិត្ត​ឲ្យ​បាន​នឹងន​។ វិធី​យកឈ្នះ​លើ​ស្ថានការណ៍​បែបនេះ​គឺ "​បណ្តោយ​ឲ្យ​គេ​បញ្ចេញ​កំហឹង​របស់ខ្លួន​ចុះ ហើយក៏​បំភ្លេច វា​ចោល​ទៅ​"​។​
​មនុស្ស​ម្នាក់ៗ សុទ្ធតែ​មានបំណង ធ្វើជា​មនុស្ស​ល្អ គិត​ត្រូវ ប្រព្រឹត្ត​ល្អ តែ​នៅពេលដែល​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​នោះ ប្រៀបដូចជា​បញ្ចូល​មេរោគ​មហារីក ចូលទៅក្នុង​ចិត្ត​របស់ខ្លួន​ដូច្នោះ​ដែរ​។ មេរោគ​មហារីក​នោះ នឹង​រីកចម្រើន​នៅក្នុង​ចិត្ត ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ នឹក​មមៃ​ជានិច្ច​ថា តើ​គេ​នឹង​ដឹង​ដែរ ឬទេ​? តើ​នឹង​ត្រូវគេ​ចាប់​ដែរឬទេ​? តើ​យើង​នឹង​គេចផុត​ដែរ ឬទេ​?
​ការប្រព្រឹត្ត​អំពើ​ត្រឹមត្រូវ ធ្វើ​ឲ្យ​អ្នកមាន​ការពេញចិត្ត​នឹង​ខ្លួនឯង ហើយ​វា​នឹង​ជួយ​ឲ្យ​អ្នកមាន​ជំនឿ​កាន់តែ​ខ្ពស់​លើ​ខ្លួនឯង​។ កាលបើ​អ្នកប្រព្រឹត្ត​ខុស វា​នឹង​កើត​ផល​អាក្រក់​ពីរ​យ៉ាង ទី​១-​កំហុស​វា​នឹង​ញាំញី​ចិត្ត​របស់​អ្នកជា​ប្រចាំ និង​ទី​២-​ថ្ងៃ​ណាមួយ មនុស្ស​នឹង​អស់ជំនឿ​មកលើ​អ្នក​។​
​ហេតុនេះ ចូរ​ចងចាំ​ថា "​ការប្រព្រឹត្ត​នូវ​អ្វីដែល​ត្រឹមត្រូវ វា​នឹង​រក្សាបាន​នូវ​ជំនឿ​ចិត្ត នោះ​គឺជា​ការគិត ដែល​នាំខ្លួន​យើង ឆ្ពោះទៅរក​ជោគជ័យ​"៕​

ប្រភព៖ សុខភាព

No comments