ហេតុផលដែលធ្វើឲ្យអ្នកដទៃមិនចូលចិត្តអ្នក
Loading...
1. ជាមនុស្សដឹងគ្រប់យ៉ាង
មនុស្សដែលឆ្លាត និង មនុស្សដែលដឹងគ្រប់យ៉ាងគឺខុសគ្នា។ អ្នកដឹងគ្រប់យ៉ាងនេះ គឺនៅពេលដែលនិយាយពីរឿងអ្វីមួយទៅ គឺមានគំនិត មានព័ត៌មានមកប្រាប់រហូត តែតាមការពិត ពាក្យសំដីដែលគេនិយាយចេញមកនោះ អាចនិយាយដោយមិនបានពិចារណា គ្មានហេតុផលច្បាស់លាស់ គិតថាខ្លួនឯងនិយាយត្រូវរហូត។ មនុស្សបែបនេះ បើនិយាយ គេទ្រាំស្តាប់ តែបើឲ្យចូលចិត្ត មានភាគតិចណាស់។
2. ជាមនុស្សដែលចូលចិត្តនិយាយដើមគេ
ជួនកាល អ្នកខ្លះគឺបែបនេះឯង គឺតែងតែចូលចិត្តនិយាយដើមអាក្រក់ពីគេ។ បើសិនជាអ្នកខ្លះមានទម្លាប់បែបនេះមែន អ្នកគួរតែកែនៅពេលដែលអ្នកបញ្ចប់ការសិក្សា និង ដល់ពេលចូលធ្វើការ។ ការនិយាយដើមអាក្រក់ពីគេ មិនបានអ្វីមកវិញទេ ក្រៅពីអ្នកដទៃមិនចូលចិត្តអ្នកនោះ។ ជាងនេះ វាជាទម្លាប់អាក្រក់មួយដែរ។
3. ជាមនុស្សដែលចូលចិត្តគ្រប់គ្រងលើគេ
ជួនកាល អត្តចរិតបែបនេះពិបាកកែណាស់។ ការចូលចិត្តគ្រប់គ្រងលើគេ ធ្វើឲ្យគេគិតថាអ្នកធ្វើចរិតដូចជាចៅហ្វាយគេ និងខ្វល់តែពីអារម្មណ៍របស់ខ្លួនឯង។ ពេលខ្លះ អ្នកដែលអត្តចរិតចូលចិត្តគ្រប់គ្រងលើគេនេះ ក៏មិនមែនអាក្រក់អីដែរ ហើយជួនកាលជាមនុស្សមានការឲ្យតម្លៃលើខ្លួនឯងទាប ដែលជាហេតុប្រើប្រាស់គេ ជំនួសប្រើសមត្ថភាពខ្លួនឯង។
4. ជាមនុស្សដែលមិនចូលចិត្តស្តាប់អ្នកដទៃ
ជួនកាល អ្នកខ្លះមិនយកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកផ្សេងកំពុងតែនិយាយទេ ព្រោះជួនកាលគិតថាគួរឲ្យធុញ។ តាមការពិត នៅពេលអ្នកណាម្នាក់និយាយ គេតែងចង់បានការយកចិត្តទុកដាក់ពីអ្នកស្តាប់។ ចំពោះអ្នកស្តាប់វិញ ទោះបីអ្នកមិនចូលចិត្តស្តាប់គេនិយាយក៏ដោយ អ្នកគួរព្យាយាមស្តាប់ យ៉ាងហោចណាស់អ្នកក៏ទទួលបានប្រយោជន៍ខ្លះដែរ។
5. ជាមនុស្សនិយាយមុនគិត
អ្នកខ្លះ នៅពេលមានសំនួរ ឬ និយាយពីប្រធានបទអ្វីថ្មីៗវិញ គេតែងនិយាយតែម្តង ដោយមិនបានគិតមុនទេ។ បែបនេះ អាចធ្វើឲ្យអ្នកដទៃមិនសូវចូលចិត្តអ្នកទេ។ ប្រហែល និយាយដោយមិនបានគិតមុននេះ មិនមែនជាកំហុសរបស់គេទេ តែយ៉ាងហោច គេគួរតែស្វែងយល់ឲ្យច្បាស់មុននឹងនិយាយអ្វីចេញមក។
6. អ្នកព្យាយាមជ្រុលពេក
មនុស្សបែបនេះតែងចង់ឲ្យគេមើលមកខ្លួនថាល្អជានិច្ច ហេតុនេះទើបពួកគេធ្វើអ្វី ដោយព្យយាមជ្រុល។ គេព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនេងចូលចំណោមគេ ព្យាយាមធ្វើខ្លួនឲ្យល្អដាច់ និងព្យាយាមជាមនុស្សដាច់គេ។ តាមការពិត នេះក៏ប្រហែលមិនមែនជាកំហុសរបស់គេដែរ គ្រាន់តែអាកប្បកិរិយាបែបនេះ ធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អជាមួយ។
ប្រភព៖ power of positivity
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments