ចូលចិត្តញ៉ាំលឿនៗណាស់មែនទេ? តើនឹងមានបញ្ហាអ្វីកើតឡើង?
Loading...
1. អ្នកនឹងជួបបញ្ហារំលាយអាហារ
ពេលញ៉ាំអាហារលឿនពេក អ្នកនឹងជួបបញ្ហាការរំលាយអាហារ ដោយក្រពះរំលាយអាហារមិនបានល្អ។ ការរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកមានអារម្មណ៍ឈឺក្នុងក្រពះ ហើយធ្ងន់នៅក្នុងក្រពះ ប្រៀបដូចបានញ៉ាំដុំថ្មបែបនោះឯង។ ជួនកាល នៅពេលដែលជំងឺមិនរំលាយអាហារកាន់តែធ្ងន់ធ្ងរទៅ វាអាចចេញរោគសញ្ញាទៅជាដូចមានជំងឺបេះដូងបែបនោះដែរ។
2. ធ្វើឲ្យឈឺក្រពះ
ពេលញ៉ាំលឿនពេក ក្រពះរបស់អ្នកក៏ធ្វើការមិនបានល្អនោះដែរ។ ដោយសារតែបែបនេះទើប បើសិនជាអ្នកញ៉ាំអាហារលឿន ក្រោយពេលញ៉ាំ អ្នកនឹងមានអារម្មណ៍ឈឺពោះ និង អារម្មណ៍តឹងពោះជ្រុល។ ការឈឺបែបនេះ យូរៗទៅ អាចវិវត្តន៍ទៅរកជំងឺក្រពះទៀតផង។
3. ញ៉ាំលឿនធ្វើឲ្យឡើងទម្ងន់
តាមការពិត ខួរក្បាល និង ក្រពះរបស់អ្នកធ្វើការជាមួយគ្នានៅពេលអ្នកញ៉ាំ ទោះបីជាមិនភ្លាមៗក៏ដោយ។ ពេលអ្នកញ៉ាំអាហារលឿន កាឡូរីក្នុងអាហារកើនឡើងឆាប់រហ័ស មុនពេលដែលរាងកាយរបស់អ្នកប្រាប់ថា វាត្រូវការថាមពលប៉ុន្មាន។ ម្យ៉ាងទៀត ពេលញ៉ាំលឿន អ្នកត្រូវការញ៉ាំឲ្យច្រើនបន្ថែមទើបមានអារម្មណ៍ថាឆ្អែត ដែលជាហេតុនាំឲ្យកាឡូរីក្នុងខ្លួនឡើងខ្ពស់ ឆាប់ធាត់។
4. បាត់បង់សមត្ថភាពបែងចែកអំពីពេលឃ្លាន
ដោយសារតែអ្នកញ៉ាំលឿន ជួនកាលអ្នកមិនបានគិតពីពេលញ៉ាំអាហារឲ្យបានត្រឹមត្រូវ អ្នកនឹងអាចក្លាយទៅជាលែងមានទំនាក់ទំនងទៅនឹងការឃ្លានតាមធម្មតារបស់អ្នក។ យូរៗទៅ អ្នកនឹងឈប់មានអារម្មណ៍ថាឃ្លាន ឬ ក៏ឆ្អែត ហើយអ្នកនឹងបែរជាញ៉ាំតាមអារម្មណ៍ និង ចំណង់របស់ខ្លួនទៅវិញ។ ទាំងនេះក៏ធ្វើឲ្យអ្នកលែងមានពេលញ៉ាំអាហារទៀងទាត់ អាចប៉ះពាល់ដល់ក្រពះទៀត។
5. តើអ្នកគួរញ៉ាំដោយល្បឿនបែបណា?
តាមធម្មតា នៅពេលញ៉ាំ ខួរក្បាល និង ក្រពះរបស់អ្នកត្រូវការពេល២០នាទី ដើម្បីធ្វើការជាមួយគ្នា ហេតុនេះអ្នកគួរយ៉ាងហោចញ៉ាំដោយល្បឿននេះហើយ។ វាប្រហែលជាមានការលំបាក ព្រោះថា រាល់ថ្ងៃ មនុស្សម្នាក់ៗកាន់តែរវល់ ហើយពេលញាំអាហារក៏មិនសូវមានគ្រប់គ្រាន់ តែយ៉ាងហោច អ្នកគួរសាកល្បងសិនទៅ។
ប្រភព៖ LiveStrong
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់





No comments