រៀនអង់គ្លេសដោយខ្លួនឯងតាមវិធីណាទើបឆាប់ចេះ ឆាប់ចាំ?
Loading...
1. ទិញសៀវភៅយកមកស្វែងយល់ដោយខ្លួនឯង
ផ្នែកមួយនៃការរៀនឲ្យបានចេះរហ័សនោះគឺការមើលសៀវភៅដោយខ្លួនឯង។ នៅក្នុងសៀវភៅមូលដ្ឋាន អ្នកអាចឃើញមានការពន្យល់វេយ្យាករណ៍មួយៗ ធ្វើឲ្យឆាប់ចេះ ហើយណាមួយមានការប្រើពាក្យល្មមៗដែលអាចធ្វើឲ្យអ្នកចាប់បានទៀតផង។ ពេលមើលសៀវភៅដោយខ្លួនឯង អ្នកអាចយល់កាន់តែច្បាស់ពីអ្វីដែលមាននៅក្នុងមេរៀនទាំងនោះ។
2. ក៏គួរតែស្វែងរកជំនួយពីគេដែរ
នៅពេលរៀនដោយខ្លួនឯង មិនថាអ្នកណាជាអ្នកណាទេតែងត្រូវការជំនួយជានិច្ច។ ឧទាហរណ៍ថា នៅពេលមើលសៀវភៅ ហើយមានចំណុចមិនយល់ អ្នកគួរស្វែងរកអ្នកចេះណាម្នាក់ ដូចជាប៉ា ម៉ាក់ ឬ បងប្អូនណាដែលអ្នកគិតថាអាចជួយអ្នកបាន។ ការសួរសំនួរធ្វើឲ្យអ្នកកាន់តែមានភាពប្រាកដទៅលើចម្លើយ និង មេរៀនទាំងនោះ។
3. អានសៀវភៅអង់គ្លេសបន្ថែម
ក្រៅពីមើលសៀវភៅមេរៀន នៅមានសៀវភៅជាច្រើនទៀតដែលអ្នកអាចអានបានដូចជាសៀវភៅប្រវត្តិសាស្ត្រ ឬ ប្រលោមលោកជាភាសាអង់គ្លេសជាដើម។ ឧទាហរណ៍ដូចជាការអានប្រលោមលោកជាដើម វាមិនត្រឹមតែជាការកម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ តែធ្វើឲ្យអ្នកយល់បន្ថែមពីទម្រង់ល្បះក្នុងភាសាអង់គ្លេស ព្រមទាំងវេយ្យករណ៍ផង។
4. មើលវីដេអូលើ Youtube
ការមើលវីដេអូលើ Youtube មិនមែនជារឿងអត់ប្រយោជន៍ទាំងស្រុងទេ។ អ្នកអាចស្វែងរកការបង្រៀនបន្ថែមនៅលើ Youtube ឬ ក៏អាចស្តាប់ការនិយាយអង់គ្លេសផង។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នករៀនបានដោយខ្លួនឯង មិនចាំបាច់សួរអ្នកណា ហើយជាងនេះគឺអ្នកអាចអនុវត្តន៍ការស្តាប់អង់គ្លេសបានយ៉ាងល្អ។
5. បង្កើតក្រុមពិភាក្សា
គេតែងនិយាយថា ពេលរៀនជាក្រុម អ្នកទទួលបានគំនិតល្អៗពីគេច្រើន ព្រោះពេលនោះក្រុមមានខួរក្បាលគិតបានច្រើន ល្អជាងមានតែខួរក្បាលយើងតែមួយ។ តាមពិតទៅ ការរៀនជាក្រុមពិតជាមានសារសំខាន់ ព្រោះយើងបានផ្តោះប្តូរគំនិតគ្នាទៅវិញទៅមក ហើយ ការឲ្យយោបល់ក៏មានច្រើនដែរ ជាការល្អណាស់។
6. អនុវត្តន៍ផ្ទាល់
ពេលរៀនហើយ អ្នកត្រូវតែអនុវត្ត។ ការអនុវត្តគឺត្រូវបានធ្វើឡើងដើម្បីស្ទង់សមត្ថភាព ថាតើអ្នកចេះបានកម្រិតណាហើយ។ អ្នកអាចយកលំហាត់អនុវត្តពីមេរៀនទាំងអស់ដែលអ្នករៀននោះ មកអង្គុយធ្វើ ឬ ក៏ស្វែងរកលំហាត់ថ្មីៗតាមអនឡាញមកធ្វើក៏ល្អម្យ៉ាងដែរ។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments