ព័ត៌មានថ្មីបំផុត

សម្រាល​កូន​​ដោយ​​ធម្មតា​និង​វះកាត់ មាន​​គុណ​សម្បត្តិនិង​​វិបត្តិ​​ខុស​​គ្នា​​ដូច​​ម្តេច​ទៅ​​?​

Loading...
ការ​មាន​ផ្ទៃពោះ​គឺជា​ភាព​រីករាយ​ដ៏​ធំ​បំផុត​សម្រាប់​គ្រួសារ​នី​មួយៗ ជាពិសេស​ករណី​កូន​ដំបូង​តែម្តង ដោយសារតែ​ពួកគេ​នឹង​បង្កើតបាន​ជា​គ្រួសារ​ដ៏​តូច​មួយ​ក្នុង​សង្គម​នឹង​គេ​ហើយ​។ ប៉ុន្តែ​ក្រោយពី​ភាព​រីករាយ​នឹង​កើតឡើង​រយៈពេល ៩​ខែ ១០​ថ្ងៃ​រួច​មក អ្វី​ដែល​ជា​រឿង​ខ្វល់ខ្វាយ​នោះ​គឺ​ការ​សម្រាលកូន ព្រោះ​វា​អាចជា​រឿង​ពិបាក​មួយ​សម្រាប់​ស្ត្រី​គ្រប់គ្នា ជា​ពិសេស​ពេល​កូន​ដំបូង​តែម្តង​។


​ដូច្នេះ​តើ​អ្នក​គួរតែ​ជ្រើសរើស​សម្រាលកូន​តាម​ធម្ម​ជាតិ ឬ​ដោយ​វះកាត់​? ដើម្បី​យល់ដឹង​អំពី​ការ​សម្រាលកូន​ទាំងពីរ​នេះ​កាន់តែច្បាស់ ចូរ​តាមដាន​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​សម្រាលកូន​ទាំង​ពីរ​ប្រភេទ​នេះ​ទាំងអស់គ្នា​។

គុណសម្បត្តិ​នៃ​ការ​សម្រាលកូន​ដោយ​ធម្មជាតិ​
  • ​នេះ​ជា​មធ្យោបាយ​ធម្មជាតិ​មួយ​ដែល​ស្ត្រី​សម្រាលកូន​។ រាងកាយ​ស្ត្រី​គឺជា​សរីរាង្គ​មួយ​ដែល​ធម្មជាតិ​បាន​តាក់តែង​សម្រាប់​ការ​សម្រាលកូន​តាម​ធម្ម​ជាតិ​បើសិនជា​គ្មាន​ការអន្ត្រាគមន៍​ពី​ការងារ​វេជ្ជសាស្ត្រ​ទេ​។ ការ​សម្រាលកូន​អា​ចាប់ផ្តើម​ជាមួយ​នឹង​ការបើក​មាត់ស្បូន ហើយ​បញ្ចប់​វិញ​នៅ​ពេល​កូន​សម្រាល​ចេញមកក្រៅ​រួច​។
  • ​ស្ត្រី​នឹងមាន​អារម្មណ៍​ថា​ខ្លួន​ជោគជ័យ និង​រីករាយ​ខ្លាំង​ក្រោយពី​ខ្លួន​សម្រាលកូន​តាម​ធម្មជាតិ​រួច​។ រឿងនេះ​នឹង​ធ្វើឲ្យ​ស្ត្រី​មានភាព​សកម្ម​ដើម្បី​សម្រាលកូន ដោយ​ពួកគេ​ត្រូវ​ខំ​ប្រឹង​ដើម្បី​ឲ្យ​កូន​កើត​ចេញពី​ក្នុង​ពោះ​បាន​។
  • ​ក្រោយ​ពី​សម្រាលកូន​តាម​ធម្មជាតិ​រួច ក៏​មិន​ត្រូវ​គេង​ក្នុង​ពេទ្យ​យូរ​ដែរ (២៤ ទៅ​៤៨​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​សម្រាល​រួច​)
  • ​កាលណា​សម្រាល​តាម​ធម្ម​ជាតិ​គឺ​ឆាប់​ជា​សះស្បើយ​ពី​របួស ហើយក៏​មិនសូវ​មាន​ការឈឺចាប់​ច្រើន​ក្រោយ​សម្រាល​រួច​ដែរ​។
  • ​ទារក​មិនសូវ​មាន​បញ្ហា​ផ្លូវដង្ហើម​ដែឬ​ដូចជា ពិបាក​ដកដង្ហើម​ដោយសារ​តែ​ទឹក​ក្នុង​សួត​។ ជំងឺ​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​វា​នឹង​ស្រួលបួល​វិញ​ក្រោយពី​ព្យាបាល​បាន ២ ទៅ​៣​ថ្ងៃ​។ វា​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​ទារក​កើត​មិន​គ្រប់​ខែ និង​កើត​គ្រប់​ខែ​តែ​តាមរយៈ​សម្រាល​ដោយ​វះកាត់​។​
  • ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​បន្ថយ​បញ្ហា​ទារក​ពិបាក​ដកដង្ហើម​ដោយសារ​តែ​ទឹក​ក្នុង​សួត​។ ជាមួយគ្នានេះដែរ ការ​សម្រាល​តាមរបៀប​ធម្មជាតិ​នឹង​ធ្វើឲ្យ​បញ្ចេញ​អ័រម៉ូន Epinephrine ដើម្បី​រំលាយ​ជាតិ​ទឹក​ចេញពី​ក្នុង​សួត​ទៀតផង​។
  • ​ទារក​ដែល​កើត​តាម​ធម្មជាតិ​ក៏​ថយចុះ​ការ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុង​សួត​ជាប់​រហូទ​ដែរ (Persistent Pulmonary Hypertension)​។​
  • ​ទារក​ដែល​កើត​តាម​ធម្មជាតិ​មិនសូវ​ជា​កើត​ជំងឺហឺត អាឡែ​ហ្ស៊ី​នឹង​អាហារ និង​មាន​បញ្ហា​ជាមួយនឹង​សារធាតុ​ឡាក់​តូ​ស​នៅ​ថ្ងៃក្រោយ ឬ​ធំ​ឡើង​ទេ​។ នេះ​ដោយសារ​តែ​រាងកាយ​ពួកគេ​បាន​ប៉ះពាល់​នឹង​បាក់តេរី​ល្អៗ​ក្នុង​ផ្លូវ​សម្រាល​តាម​ធម្មជាតិ​។
  • ​នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​ទៀត ការ​សម្រាល​អាច​នឹង​ប្រើពេល​លឿន​ជាង និង​ខ្លី​ជាង​
  • ​ស្ត្រី​ដែល​សម្រាលកូន​តាម​ធម្ម​ជាតិ​អាច​បំបៅ​ដោះ​កូន​បាន​ភ្លាមៗ និង​មាន​ប្រសិទ្ធភាព​ជាង​ស្ត្រី​ដែល​សម្រាល​តាម​ការវះកាត់​។
  • ​ក្រោយ​ពី​សម្រាលកូន​ដោយ​ធម្មជាតិ​រួច វា​អាច​ធ្វើឲ្យ​ស្ត្រី​ងាយ​នឹង​មាន​ទំនាក់ទំនង​ជាមួយ​កូន​ដោយសារ​តែ​អាច​ប៉ះពាល់​គេ​បាន​ភ្លាមៗ​តែម្តង​។
  • ​អ្នកនឹង​ថយចុះ​នូវ​ការ​ប្រឈម​ការ​ធ្លាក់ឈាម មាន​កំណក​ឈាម និង​ខូចខាត​ដល់​សរីរាង្គ​ក្នុង​ពោះ​។​
​គុណវិបត្តិ​នៃ​ការ​សម្រាលកូន​ដោយ​ធម្មជាតិ​
  • ​ស្ត្រី​អាច​នឹង​ខ្លាច​នូវ​ការ​សម្រាលកូន រហូតដល់​មានការ​ថប់​អារម្មណ៍ ឬ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​លើ​ស្ត្រី​មួយ​ចំនួន​ដែរ​។​
  • ថ្វី​បើ​ការ​សម្រាលកូន​ដោយ​ធម្មជាតិ​ភាគច្រើន​មិន​មាន​ផលវិបាក តែ​ផលវិបាក​មិន​បាន​នឹកឃើញ​ជាមុន​អាច​កើតឡើង​ក្នុង​ពេល​សម្រាល​ដែរ ដូចជា​ធ្លាក់ឈាម​ក្រោយ​សម្រាលកូន​រួច​ជាដើម​។
  • ​អ្នក​អាច​ប្រឈម​នឹង​ការ​រហែក​ទ្វារមាស​ដោយសារ​សម្រាល​តាម​ធម្មជាតិ ហើយ​ក៏​ត្រូវការ​ពេល​យូរ​ទើប​ជា​វិញ​ដែរ​។
  • ​ទារក​ត្រូវ​ប្រឈម​នឹង​ការ​កង្វះ​អុកស៊ីសែន​បើសិនជា​មាន​បញ្ហា​សុក​រុំ​ក ឬ​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​ពេល​សម្រាល​។
  • ​ទារក​អាច​នឹង​មាន​ការប៉ះទង្គិច​លើ​រាងកាយ​ខណៈពេល​កំពុង​តែ​ប្រឹង​សម្រាល​ដូចជា ជាំ​ស្បែក ហើម​ស្បែក និង​អ្វី​ដែល​កម្រ​នោះ​គឺ​បាក់ឆ្អឹង​តែម្តង​។ ការ​ប្រឈម​នឹង​ការប៉ះទង្គិច​រាងកាយ​នឹង​កើនឡើង​នៅពេល​ឆ្មប​ប្រើ​ឧបករណ៍​ជំនួយ​ដូចជា ការ​បូម​ជាដើម​។
  • ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​នឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការស្រុត​ស្បូន​ក្រោយ​សម្រាល​រួច​។
  • ​អ្វី​ដែល​ជា​ករណី​កម្រ​បំផុត​នោះ​គឺថា មាន​ការធ្លាក់​ស្បូន​ទាំងមូល​ចេញមក​ខាងក្រៅ​ក្រោយ​ពី​សម្រាល​រួច ដែល​រឿង​នេះ​ជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​មួយ​។ បើសិនជា​មិន​មាន​ការព្យាបាល​ទាន់ពេលវេលា​ទេ វា​អាច​បណ្តាលឲ្យ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់​ផង​។
  • ​បើសិន​ជា​អ្នក​ធ្លាប់រ​ហែក​ទ្វារមាស អ្នក​ប្រហែលជា​មាន​ការឈឺចាប់​ក្រោយ​ពី​រួមភេទ​រួច​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ក្រោយ​ពី​សម្រាលកូន​រួច​។​
  • ​ពេលខ្លះ​អ្នក​អាច​មាន​របួស​ទៅ​លើ​ឆ្អឹងកញ្ចូញគូថ​ក្នុងពេល​សម្រាល​ដែរ​។ ថ្វី​បើ​រឿង​នេះ​មិនសូវ​កើតជា​ញឹកញាប់​មែន តែ​អ្នក​ទំនងជា​អាច​មាន​អាកា​រៈជាំស្បែក ថ្លោះ​ឆ្អឹង ឬ​បាក់​ឆ្អឹងកញ្ចូញគូថ​ដែរ​។​
  • ​ស្ត្រី​ដែល​សម្រាលកូន​ដោយ​ធម្មជាតិ​មាន​អត្រា​នៃ​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន​ខ្ពស់ជាង​ស្ត្រី​សម្រាល​ដោយ​វះកាត់​។
​គុណសម្បត្តិ​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់ ដោយ​មាន​ការគ្រោង​ទុក្ខ​ជាមុន​
  • ​ការ​សម្រាលកូន​ដោយ​វះកាត់​ដោយ​មាន​ការគ្រោង​ទុក្ខ​ជាមុន​ប្រហែល​ជា​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​ស្ត្រី ព្រោះ​អ្នក​អាច​កំណត់​ថ្ងៃ​សម្រាល​ដោយ​ខ្លួនឯង​ជាមុន ហើយ​ស្ត្រី​ក៏​ប្រហែលជា​មិនសូវ​ស្ត្រេ​ស​ច្រើន​អំពី​ការ​សម្រាល​ដែរ​។
  • ​ស្ត្រី​ប្រហែលជា​មាន​ការគ្រប់គ្រង​ស្ថានភាព​បាន​ល្អ​ជាង​ដោយសារ​តែ​ដឹង​ថា ពេល​ណា​កូន​គេ​នឹង​ត្រូវ​សម្រាល ហើយ​អាច​រៀបចំ​គម្រោង​សម្រាប់​ឈប់​ពី​ការងារ​បាន​ទៀតផង​។
  • ​អ្នក​អាច​ចៀសវាង​ការ​សម្រាលកូន​ចាស់ខែ​បាន​ជាមួយនឹង​ការរៀបចំ​គម្រោង​សម្រាល​ដោយ​វះកាត់​។ ភាគច្រើន​ការ​សម្រាល​ដោយ​វះកាត់​ច្រើន​ធ្វើ​នៅ​ចន្លោះ​សប្តាហ៍​ទី ៣៩ ទៅ​៤០​។
  • ​បើ​យើង​ប្រៀបធៀប​ការ​សម្រាលកូន​ដោយ​ធម្មជាតិ និង​សម្រាល​ដោយ​វះកាត់​ដោយ​គ្មាន​គម្រោង​ជាមុន ការ​សម្រាល​ដោយ​មាន​ការគ្រោងទុក​មាន​ការ​ប្រឈម​កាន់តែ​តិច​នឹង​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​រួច​។
  • ​បើ​យើង​ប្រៀបធៀប​នឹង​ការ​សម្រាលកូន​ដោយ​វះកាត់​បន្ទាន់ ការ​សម្រាលកូន​ដោយ​មាន​ការ​គ្រោងទុកជាមុន​គឺ​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​បាន​តិចតួច​ជាង ជាពិសេស​ការបង្ក​រោគ ការ​មាន​របួស​ដោយ​ចៃដន្យ​ទៅលើ​សរីរាង្គ​ក្នុង​ពោះ ការ​រហែក​សាច់​ឬ​ស្បែក​កូន និង​បញ្ហា​ទាក់ទង​នឹង​ថ្នាំ​សណ្តំ​។
  • ​បើសិន​ជា​អ្នក​មាន​ជំងឺ​កាមរោក ឬ​ការបង្ក​រោគ (​ជំងឺ​ប៉េស ជំងឺអេដស៍ រលាក​ថ្លើម​) ការ​ប្រឈម​នឹង​ចម្លង​ទៅ​កូន​តាមរយៈ​ការ​សម្រាល​ដោយ​វះកាត់​ក៏​ថយ​ចុះ​ខ្លាំង​ផងដែរ​។
  • ​ការ​សម្រាលកូន​ដោយ​វះកាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ប៉ះទង្គិច​ដល់​ទារក​ដូចជា ការ​ហើម ឬ​ជាំ​ស្បែក​ជា​ដើម​។
  • ​អ្នក​ប្រហែល​ជា​បន្ថយ​ការ​មាន​របួស​នៅ​កម្រាល​អាង​ត្រគាក​ដែរ​។ ស្ត្រី​ដែល​សម្រាលកូន​ដោយ​វះកាត់​មានការ​គ្រោងទុកជាមុន​មិនសូវ​មាន​បញ្ហា​នោម​ដោយ​មិន​ដឹង​ខ្លួន​ឡើង​ក្រោយ​ពី​សម្រាល​រួច​។​
​គុណវិបត្តិ​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់ ដោយ​មាន​ការគ្រោងទុក​ជាមុន​
  • ​ការ​សម្រាល​ដោយ​វះកាត់​គឺ​ជា​ការវះកាត់​ពោះ​ដ៏​ធំ​មួយ ដែល​មាន​ការប្រឈមមុខ និង​ផលវិបាក​ច្រើន​ពី​ការប្រើ​ថ្នាំស្ពឹក​។ ផល​រំខាន​នៃ​ការប្រើ​ថ្នាំស្ពឹក​អាច​បណ្តាល​ឲ្យ​ឈឺក្បាល ច​ង្អោ និង​ក្អួត​ជាដើម​។ ថ្នាំស្ពឹក​ក៏​អាច​ប៉ះពាល់​ដល់​ទារក ដែល​ធ្វើឲ្យ​គេ​មាន​ភាពស្ពឹក​ស្រពុន ឬ​មិន​មាន​ភាព​សកម្ម​ពេល​កើត​។
  • ​ស្ត្រី​ដែល​សម្រាលកូន​ដោយ​វះកាត់​មានការ​គ្រោងទុកជាមុន​ត្រូវការ​សម្រាល​ក្នុង​ពេទ្យ​យូរ​ជាង និង​ប្រើពេល​ជាសះស្បើយ​យូរ​ជាង​ស្ត្រី​សម្រាល​ដោយ​ធម្មជាតិ​។
  • ​ការ​សម្រាលកូន​ដោយ​វះកាត់​មាន​ការគ្រោងទុក​ចា​មុន​ប្រឈម​នឹង​ការ​ដែល​ត្រូវ​សម្រាលកូន​ដោយ​មិន​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ​។
  • ​ផលវិបាក​នៃ​ការ​សម្រាល​ដោយ​វះកាត់​មានដូចជា រហែក ឬ​ដាច់ដោច​ពោះវៀន ឬ​ប្លោកនោម​ដោយ​ចៃដន្យ​។
  • ​អ្នក​អាច​នឹង​បាត់បង់​ឈាម​កាន់តែច្រើន​ក្នុង​ពេល​សម្រាលកូន​ដោយ​វះកាត់​ជា​ង​សម្រាល​ដោយ​ធម្មជាតិ​។ ពីរ​ទៅ​បី​ភាគរយ​នៃ​ស្ត្រី​ដែល​សម្រាល​ដោយ​វះកាត់​ត្រូវការ​ចាក់​បញ្ចូល​ឈាម​។ ក្នុង​ពេល​សម្រាលកូន​ដោយ​វះកាត់​ម្តងៗ អាច​នឹង​បាត់បង់​ឈាម​យ៉ាងហោចណាស់​មួយ​លី​ត្រដែរ​។
  • ​ក្រោយ​ពី​សម្រាល​រួច ពោះវៀន​អាច​នឹង​ថយចុះ​មុខងារ​របស់​វា​បន្តិច​។​
  • ​ទារក​ដែល​កើត​ដោយ​ការវះកាត់​អាច​នឹង​មាន​បញ្ហា​លើ​ផ្លូវដង្ហើម​ច្រើន​ជាពិសេស​ពិបាក​ដកដង្ហើម​ដោយសារ​តែ​ទឹក​នៅ​ក្នុង​សួត និង​ជំងឺ Respiratory Distress Syndrome​។
  • ​ការស្រាវជ្រាវ​មួយ​ចំនួន​បានបញ្ជាក់​ថា ភាព​ចម្លែក​នៃ​ការស្លាប់​របស់​ទារក (​ទារក​ស្លាប់​ក្នុង​រយៈពេល ២៨​ថ្ងៃ​ដំបូង​នៃ​ជីវិត​) គឺ​មាន​ខ្ពស់​ចំពោះ​ករណី​សម្រាល​ដោយ​វះកាត់​ជា​ង​ទារក​ដែល​សម្រាល​ដោយ​ធម្មជាតិ​។
  • ​បើសិន​ជា​អ្នក​មាន​គម្រោង​ចង់​បាន​កូន​ច្រើន អ្នក​ប្រហែលជា​ត្រូវ​គិត​ម្តងទៀត​ហើយ​អំពី​ការ​សម្រាល​ដោយ​វះកាត់​។ ក្រោយ​ពី​សម្រាលកូន​ចាប់​ពី​ម្តង​ឡើងទៅ ការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​អាច​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុក​មិន​ធ្លាក់ និង​សុក​បាំង​មាត់ស្បូន​។
  • ​ការ​ដែល​ធ្លាប់​សម្រាលកូន​ដោយ​វះកាត់​ពី​មុន​គឺ​ប្រឈម​ខ្ពស់​នឹង​ការ​រហែក​ស្បូន​។
  • ​ការ​បំបៅ​ដោះ​កូន​ទំនង​ជា​ពិបាក​ជាង​ការ​សម្រាល​ដោយ​ធម្មជាតិ​។ ស្ត្រី​នឹង​មិន​មាន​ផា​សុកភាព​ឡើយ​ក្រោយ​ពី​វះកាត់​រួច ហើយ​ពួកគេ​ក៏​មិន​បាន​ប៉ះពាល់​នឹង​កូន​បាន​ភ្លាមៗ​ដែរ​។
  • ​ជា​ម្តងម្កាល កូន​អាច​នឹង​រងរបួស​ដោយ​សារ​តែ​គ្រូពេទ្យ​ប្រើ​កាំបិត​កាត់​ក្នុងពេល​វះ​យកចេញ​។ ភាគច្រើន រឿង​នេះ​ជា​ករណី​តិចតួច​បំផុត​ប៉ុណ្ណោះ​។
  • ​ទារក​ដែល​សម្រាល​ដោយ​វះកាត់​ប្រឈម​ខ្ពស់​នឹង​ការ​លើស​សម្ពាធ​ឈាម​នៅ​សួត​ជាប់​រហូត​។
  • ​ទារក​ប្រឈម​នឹង​ពិន្ទុ​វាយតម្លៃ​សុខភាព​ទាប​ក្រោយ​ពី​សម្រាល​រួច​។​
  • ​ការ​សម្រាលកូន​ដោយ​វះកាត់​មានតម្លៃ​ថ្លៃ​ជាង​សម្រាល​ធម្មជាតិ​។
  • ​អាច​មាន​ជំងឺ​គាំងបេះដូង​
  • ​មាន​កំណក​ឈាម​នៅ​កន្លែង​ដែល​វះ​
  • ​មាន​ការបង្ក​រោគ​នៅលើ​ស្រទាប់​អង់ដូម៉ែត្រ​របស់ស្បូន​ដោយសារព​ពួក​បាក់តេរី​
  • ​មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​
  • ​អាច​ធ្លាក់ឈាម​ខ្លាំង​រហូត​ដល់​ត្រូវការ​កាត់​ស្បូន​ទាំងមូល​ចោល​
  • ​របួស​បើកមុខ​
  • ​មាន​អារម្មណ៍​ស្ពឹកៗ ឬ​ឈឺ​ត្រង់​កន្លែង​វះ​
  • ​មាន​ការបង្ក​រោគ​ក្រោយ​សម្រាលកូន​រួច​៕
ប្រភព៖ សុខភាព

No comments