ធ្លាប់មានស្នេហាហើយខូចចិត្ត និងមិនធ្លាប់មានស្នេហាសោះ មួយណាល្អជាង???
Loading...
កើតមកជាមនុស្ស
គ្មាននរណាម្នាក់អាចគេចផុតពីដំណាក់កាលនៃសេចក្តីស្នេហានេះឡើយ។
ហេតុផលងាយៗគឺព្រោះតែយើងកើតមកពីសេចក្តីស្នេហារបស់ឪពុកនិងម្តាយរបស់យើងនោះឯង
ទើបគ្មាននរណាម្នាក់អាចប្រាកដឬបញ្ជាអារម្មណ៍ខ្លួនឯង កុំឲ្យចេះស្រលាញ់ និង
កុំឲ្យធ្លាក់ក្នុងអន្លង់នៃសេចក្តីស្នេហាបានឡើយ។
![]() |
| Photo credit: Emotional SMS |
មានទស្សនៈខ្លះលើកឡើងថា
បើមានស្នេហាហើយខូចចិត្តព្រោះតែការបែកគ្នាដោយមូលហេតុអ្វីមួយដដែល ស៊ូកុំមានស្នេហាវិញ
ប្រហែលជាប្រសើរជាង ព្រោះមិនចាំបាច់ចំណាយពេលវេលាទៅឈឺចាប់ និង
មិនចាំបាច់ឲ្យជីវិតដែលធ្លាប់តែសុខសាន្ត
ប្រែជាប្រេះស្រាំដោយសារតែវត្តមានរបស់មនុស្សម្នាក់ចូលមក ហើយចាកចេញទៅ។
វាមិនមែនជារឿងដែលត្រូវបែងចែកថាមួយណាល្អជាងមួយណានោះទេ
ក្នុងការដែលមានស្នេហាហើយបែកបាក់ និង ការដែលមិនធ្លាប់មានស្នេហាសោះ។ ត្រូវចាំថា
លើលោកនេះ គ្មានអ្វីអាចបំពេញចិត្តមនុស្សត្រូវនោះទេ។ ពេលមិនមានស្នេហា
ក៏តាំងមានអារម្មណ៍ថាឯកា មើលទៅអ្នកណាៗក៏គេមានគូ មានសេចក្តីសុខ
ហើយដល់ពេលដែលមានស្នេហាហើយបាត់បង់ទៅវិញ តាំងមានអារម្មណ៍ថា មិនគួរមានស្នេហាសោះ
មិនអញ្ចឹងក៏មិនត្រូវមកកើតទុក្ខ ពិបាកវេទនាដូចជាពេលនេះដែរ។
ជឿទៅថា
គ្រប់មនុស្សទាំងអស់ត្រូវតែឆ្លងកាត់នូវដំណាក់កាលសេចក្តីស្នេហានេះ
គ្រាន់តែអ្នកខ្លះសំណាងល្អ មិនធ្លាប់ឆ្លងកាត់នូវដំណាក់កាលខូចចិត្តប៉ុណ្ណោះឯង។
បែបនេះក្តី ចូរអ្នកដែលកំពុងតែខូចចិត្តនិងឈឺចាប់ព្រោះតែរឿងស្នេហាទាំងឡាយ
កុំមានអារម្មណ៍ថាពិភពលោកនឹងរលាយសាបសូន្យនៅថ្ងៃស្អែកអី។ ជាការពិត
ការឈឺចាប់ព្រោះតែស្នេហានេះ
វាមិនមែនជារឿងដែលអាចថាបំភ្លេចនិងជាសះស្បើយបានក្នុងពេលមួយថ្ងៃនោះទេ
ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់ ប្រាកដជាអាចដឹងបានយ៉ាងច្បាស់ថា វាពិបាកកម្រិតណា។
យ៉ាងណាក៏ដោយ ចូរចាំថា លើលោកនេះ គ្មាននរណាស្រលាញ់អ្នកជាងខ្លួនឯងទេ។
ចូរធ្វើអ្វីដើម្បីខ្លួនឯងឲ្យច្រើនៗឡើង និង
ចូរសម្លឹងពិភពលោកក្នុងផ្លូវវិជ្ជមានជាងនេះ ចំពោះអ្នកដែលគិតថា
ស៊ូជ្រើសយកការនៅម្នាក់ឯង មិនមានស្នេហាវិញ ប្រសើរជាងមានស្នេហាហើយត្រូវមកឈឺចាប់
ចំណាយពេលរាប់ខែឬរាប់ឆ្នាំ ទម្រាំបានត្រលប់ទៅជាប្រក្រតីឡើងវិញ៕
អត្ថបទដោយ៖ សន ឆវីវតី




