ឈ្លោះគ្នាច្រើន! ធ្វើម៉េចបានឆាប់ត្រូវគ្នាវិញ?
Loading...
ចានក្នុងរាវតែងតែប៉ះទង្គិចគ្នា។
ពាក្យស្លោកនេះពិតជាត្រឹមត្រូវបើយើងប្រៀបធៀបជាមួយនឹងជីវិតរស់នៅពិតៗរបស់មនុស្សគ្រប់គ្នា។
ដូចជាបានដឹងស្រាប់ហើយថាទោះបីជាមនុស្សស្រលាញ់គ្នាប៉ុណ្ណាក៏ដោយនៅតែជៀសមិនផុតពីការឈ្លោះគ្នា ឬមានបញ្ហាអ្វីមួយកើតឡើងធ្វើឲ្យមានការប្រះស្រាំ ឬអាក់អន់ស្រពន់ចិត្តរវាងគ្នានោះទេ។
ទោះបីជាមិនអាចជៀសផុតពីបញ្ហាដែលឈឺក្បាលទាំងនេះក្ដី ដំណោះស្រាយនៅតែមានដែលអាចជួយឲ្យទំនាក់ទំនងរបស់អ្នកវិលរកសភាពផ្អែមល្អូកល្អឺនដូចធម្មតាវិញ។
អត្ថបទនេះនឹងបញ្ជាក់ប្រាប់អ្នកពីមធ្យោបាយងាយៗ ៤យ៉ាងដែលអាចព្យាបាលទំនាក់ទំនងរបស់អ្នកបាន៖
១.
ស្វែងយល់ឲ្យច្បាស់ពីបញ្ហា
ក្នុងដំណាក់កាលដំបូងនេះមានសារៈសំខាន់ណាស់ដែលតម្រូវឲ្យដឹងច្បាស់ពីមូលហេតុដែលបង្កឲ្យមានភាពល្អក់ករករក្នុងជិវិតស្នេហារបស់អ្នកទាំងពីរ។
បន្ទាប់ពីដឹងពីមូលហេតុច្បាស់លាស់ហើយនោះអ្វីដែលត្រូវធ្វើគឺលើកយកវាមកពិភាក្សាជាមួយដៃគូររបស់អ្នកដោយបញ្ជាក់ប្រាប់នាងឬគាត់ថា
ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរកំពុងតែមានរឿងមិនល្អកើតឡើង ហើយត្រូវបញ្ជាក់ឲ្យច្បាស់លាស់ពីមូលហេតុ
ប៉ុន្តែមិនត្រូវធ្វើវាដោយកំហឹងនោះទេ។ ចំណុចដែលត្រូវជៀសវាងបំផុតនោះគឺថា មិនត្រូវស្ដីបន្ទោស
រឺទំលាក់កំហុសដាក់គ្នាទៅវិញទៅមកនោះទេ
ព្រោះថាការធ្វើបែបនេះនឹងមិនមានប្រយោជន៍សម្រាប់ការផ្សះផ្សារទំនាក់ទំនងទេ
តែវានឹងធ្វើឲ្យបញ្ហាកាន់តែរីកធំឡើងៗទៅវិញ។
២.
ស្វែងរកវិធីដោះស្រាយដែលប្រសើរ
ពេលដឹងថាមានបញ្ហាកើតឡើងភ្លាមៗ
មិនត្រូវទុកវាចោលមិនអើពើនោះទេ ទោះបីវាគ្រាន់តែជាបញ្ហាតូចតាចមួយក៏ដោយ។
ការបណ្តែតបណ្ដោយមិនគិតគូរពីបញ្ហាតូចៗទាំងនេះហើយដែលអាចបង្ករទៅជារឿងធំបាន។
ដល់ដំណាក់កាលពិភាក្សាស្វែងរកដំណោះស្រាយនេះត្រូវធ្វើយ៉ាងណាជៀសឲ្យបានពីកំហឹងក្នុងខ្លួន
ព្រោះថាការខឹងអាចធ្វើឲ្យបញ្ហាកាន់តែវិវត្ត និងមិនរកបានមធ្យោបាយណាមួយឡើយ។
បែបនេះហើយត្រូវតែទុកពេលវេលាខ្លះសម្រាក ឬធ្វើយ៉ាងណារំសាយកំហឹងឲ្យអស់សិនចាំមកពិភាក្សាគ្នាស្វែងរកមធ្យាបាយម្ដងទៀត
ហើយវាកាន់តែប្រសើរដែលត្រូវតែស្ដាប់ពីយោបល់របស់ដៃគូរអ្នកដោយការគោរពឲ្យតម្លៃនិងយកចិត្តទុកដាក់ជាទីបំផុតនិងមិនត្រូវគាស់កកាយរឿងចាស់ៗមកលាយឡំគ្នានោះទេ។
លើសពីនេះត្រូវតែព្យាយាមស្វែងរកមធ្យោបាយដើម្បីសម្របសម្រួល
ដោយកត់ចាំក្នុងចិត្តថាអ្វីដែលសំខាន់នោះគឺចំណងស្នេហារបស់អ្នកមិនមែនការចង់ឈ្នះរៀងៗខ្លួននោះទេ។
៣. ចាប់ផ្ដើមទំនាក់ទំនងសារជាថ្មីម្ដងទៀត
បន្ទាប់ពីរកឃើញនូវមធ្យោបាយដើម្បីដោះស្រាយបញ្ហារួចរាល់ហើយនោះអ្វីដែលត្រូវធ្វើគឺថាឲ្យតម្លៃទៅលើទំនាក់ទំនងស្នេហារបស់អ្នកខ្លាំងជាមុន
ដោយធ្វើយ៉ាងណាចាត់ទុកវាជាកាតព្វកិច្ចដែលត្រូវបំពេញរួមគ្នាដើម្បីទទួលបានស្នេហាដែលជោគជ័យមួយ។
ក្រៅពីនេះត្រូវចេះឲ្យតម្លៃទៅគ្នាទៅវិញទៅមកដោយការគោរព និងព្យាយាមចំណាយពេលនៅពីរនាក់ជាមួយគ្នាឲ្យបានកាន់តែច្រើនជាងពេលមុន
ដើម្បីសិក្សាឲ្យបានកាន់តែច្បាស់ពីជម្រៅចិត្តរបស់ដៃគូរអ្នក។
អ្វីដែលមិនត្រូវភ្លេចធ្វើនោះគឺ ត្រូវតែបង្ហាញនូវអាកប្បកិរិយាយកចិត្តទុកដាក់និងការពារចំពោះមនុស្សជាទីស្រលាញ់របស់អ្នក
ដោយអាចធ្វើបានតាមរយៈការកាន់ដៃរបស់នាង ឬគាត់ជាដើមដែលវាអាចធ្វើឲ្យភាគីទាំងសងខាងមានភាពកក់ក្ដៅចំពោះស្នេហាមួយនេះ។
៤.
សម្រេចចិត្តថាធ្វើឲ្យស្នេហាមួយនេះដំណើរការទៅមុខយ៉ាងដូចម្ដេច
ដំណាក់កាលចុងក្រោនេះអ្វីដែលត្រូវធ្វើគឺថាអ្នកនិងដៃគូរបស់អ្នកត្រូវតែមានផែនការណាមួយច្បាស់លាស់សម្រាប់បញ្ហាដែលធ្លាប់បានជួបប្រទះនាពេលកន្លងទៅនិងអ្វីៗដែលអ្នកទាំងពីរបានឯកភាពរួមគ្នា។
ពេលមានផែនការច្បាស់លាស់សម្រាប់ទំនាក់ទំនងរួចហើយ
អ្នកទាំងពីរត្រូវធ្វើយ៉ាងណាបំពេញតាមផែនការមួយនោះឲ្យបាន។
ក្រៅពីនេះអ្វីដែលត្រូវធ្វើបន្ថែមទៀតនោះគឺការគោរពចំពោះសេចក្ដីត្រូវការរបស់ភាគីម្ខាងទៀតដោយចេះអត់អោនឲ្យគ្នាជានិច្ច។
ប៉ុន្តែបើសិនជាអ្នកមិនអាចដោះស្រាយបញ្ហាទាំងអស់ឲ្យបានប្រសើរទេនោះ
អ្នកត្រូវតែរកការជួយពិខាងក្រៅដែលអាចជាគ្រួសាររបស់អ្នក មិត្តជិតស្និទ្ធឬអ្នកជំនាញខាងដោះស្រាយបញ្ហាដើម្បីទទួលបាននូវគំនិត
មធ្យោបាយថ្មីៗ ដើម្បីចំណងភាពស្នេហារបស់អ្នកកាន់តែរឹងមាំ។
អត្ថបទដោយ ៖ ប៉ោ គីមហុក




