ព័ត៌មានថ្មីបំផុត

មក​មើល​អតីតសិស្ស​និទ្ទេស​A ឆ្នាំ​មុន​​ចែក​រំលែក​យុទ្្ធសាស្ត្រ​ប្រឡង​បាន​និទ្ទេស​ល្អ​មើល៍!​

Loading...
រដូវកាលដែលសិស្សានុសិស្សថ្នាក់ទី១២ បារម្ភផង រំភើបផងនោះ បាននឹងកំពុងឈានចូលមកដល់ក្នុងរយៈពេលតែ ១ ខែទៀតតែប៉ុណ្ណោះ។ អ្នកខ្លះក៏បានត្រៀមខ្លួនរួចជាស្រេច ហើយអ្នកខ្លះទៀតក៏កំពុងស្វះស្វែងរកសាលារៀនបំប៉នបន្ថែម ដើម្បីត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ នៅថ្ងៃទី ២១ ខែ សីហា ខាងមុខនេះ។ ការទទួលបាននិទ្ទេសល្អជាក្ដីរំពឹងរបស់សិស្សគ្រប់រូប ហេតុនេះធ្វើឱ្យពួកគេព្យាយាមជីករឹសគល់ពីសិស្សច្បងជំនាន់មុនៗ ក៏ដូចជាលោកគ្រូអ្នកគ្រូដើម្បីរៀនឱ្យបានជោគជ័យ និងទទួលលទ្ធផលជាទីគាប់ចិត្ត។



ដើម្បីជាជំនួយដល់ការស្វែងយល់ពីគន្លឹះសិក្សាបានជោគជ័យ និងត្រៀមខ្លួនប្រឡងថ្នាក់ជាតិនេះ កញ្ញ នីន សុផារី ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០១៦-២០១៧ បានចែករំលែកនូវយុទ្ធសាស្ត្ររៀនសូត្រមួយចំនួនដល់សិស្សប្អូនជំនាន់ក្រោយ។

យុវតីវ័យ ១៩ ឆ្នាំមកពីស្រុកក្រូចឆ្មា ខេត្តត្បុងឃ្មុំ ជាសិស្សម្នាក់ក្នុងចំណោមសិស្ស ១៨៣ នាក់ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ជាមួយនឹងលំដាប់ពិន្ទុ ៩៩.៧៧៩។ ជាមួយនឹងរូបរាងតូចល្អិត ចំណេះដឹង និងឆន្ទៈរបស់នាង មិនបានតូចទាបដូចជារូបរាងខាងក្រៅនោះទេ។ ផារី បាននិយាយថា ដើម្បីប្រឡងបាននិទ្ទេសល្អ និងរៀនឱ្យមានប្រសិទ្ធភាព ប្អូនៗថ្នាក់ទី១២គួរតែ៖

១. បែងចែកពេលវេលារៀនរបស់ខ្លួនឯងអោយច្បាស់លាស់ និងរៀនអ្វីដែលខ្លួនគិតថានៅខ្វះខាត។

២. យកសំណួរប្រឡងចាស់ៗមកអនុវត្តឡើងវិញ ហើយត្រូវព្យាយាមធ្វើអោយអស់ បើជួបបញ្ហាត្រូវពិភាក្សាជាមួយមិត្តភក្ដិ ឬ សុំការបំភ្លឺពីលោកគ្រូអ្នកគ្រូ។

៣. ព្យាយាមធ្វើលំហាត់នៅក្នុងសៀវភៅពុម្ពអោយអស់ រឺទៅតាមលទ្ធភាព ចំពោះមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា។

៤. គួរអានសៀវភៅអោយបានច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍នានា ហើយពេលប្រឡង គួរអានប្រធានបទអោយបានច្បាស់លាស់ និងលើកឧទាហរណ៍ និងអំណះអំណាង សឹមសរសេរចម្លើយអោយបានល្អ។ ចំពោះមុខវិជ្ជាប្រវត្តិវិញ គួរឆ្លើយជាជាចំណុចៗ ដើម្បីអោយងាយស្រួលក្នុងការអាន។

៥. គួរធ្វើលំហាត់នៅក្នុងសៀវភៅត្រៀមប្រឡងរបស់ក្រសួងបន្ថែម ដើម្បីអោយបានយល់ដឹងពីកម្រិតសំណួរដែលនឹងអាចចេញ។

៦. គួរព្រាងគំរូសរសេរតែងសេចក្ដីក្នុងមុខវិជ្ជាភាសាខ្មែរជាមុនសិន មុននឹងចាប់ផ្ដើមសំណេរ។

៧. ចៀសវាងការប្រើប្រាស់ទឹកលុបច្រើន។

៨. ចំណុចសំខាន់គឹកាលវិភាគប្រឡង គឺយើងត្រូវអោយច្បាស់ ដើម្បីកុំអោយភ័ន្តច្រឡំ និងមានការយឺតយ៉ាវ និងទៅដល់បន្ទប់ប្រឡងមុនពេលជាការល្អ ដើម្បីត្រៀមលក្ខណៈខ្លួនឯងឱ្យរួចរាល់ និងក៏ដូចជាសម្ភារៈសម្រាប់ប្រឡងអោយគ្រប់គ្រាន់។

៩. អ្វីដែលត្រូវចងចាំបំផុតនោះគឹ ចំណីអាហារ គឹត្រូវធ្វើយ៉ាងណាចៀសវាងកុំបរិភោគអាហារណាដែលអាចនឹងប៉ះពាល់ដល់សុខភាព និងអារម្មណ៍ធ្វើឱ្យការប្រឡងមានមិនរលូន។

១០. ត្រូវប្រយ័ត្នចំពោះក្រដាសកិច្ចការ កុំដាក់ដបទឹក រឺធ្វើឱ្យមានស្នាម រឺ ការខូចខាតដោយការច្រត់ដៃជាដើម។


សុផារីបានបន្ថែមថា យុទ្ធសាស្ត្ររៀនត្រៀម និងតិចនិចក្នុងការប្រឡងនេះបានជួយឱ្យនាងទទួលបានជោគជ័យ និងបានលទ្ធផលល្អក្នុងការសិក្សា។ នាងសង្ឃឹមថា វិធីសាស្ត្រទាំងនេះនឹងអាចជាជំនួយដល់សិស្សថ្នាក់ទី១២ជំនាន់ក្រោយផងដែរ។

បច្ចុប្បន្ន សុផារី ជានិស្សិតអាហារូបករណ៍ឆ្នាំទី១ នៅសាកលវិទ្យាល័យសិល្បៈទំនាក់ទំនងឈៀងម៉ៃរាជផាត់ ប្រទេសថៃ។

អត្ថបទដោយ៖ ម៉ៅ ធានី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments