ដឹងថាថង់ផ្លាស្ទីចមិនល្អ ម៉េចក៏នៅតែប្រើវា? ទាំងនេះផលប៉ះពាល់នៃថង់ផ្លាស្ទីច!
Loading...
យោងតាមការស្រាវជ្រាវរបស់អង្គការ ACRA សហការជាមួយ SWITCH-Asia បានបង្ហាញឲ្យឃើញថា ថង់ប្លាស្ទិចប្រមាណពី ៥០០ ពាន់លាន ទៅ ១០០០ ពាន់លាន ត្រូវបានប្រើបា្រស់ជារៀងរាល់ឆ្នាំ។ យើងប្រើថង់ប្លាស្ទិចសម្រាប់ដាក់របស់របរជាច្រើនយ៉ាង មានទាំងក្តៅនិងត្រជាក់ ព្រមទាំងងាយស្រួលផង។ ភាគច្រើន ពួកវាតែងតែត្រូវបានបោះចោល ក្រោយពីប្រើបានតែម្តងឬ២ដងប៉ុណ្នោះ។ ដូចបានឃើញក្នុងប្រទេសយើងស្រាប់ ក្រោយប្រើរួច ថង់ទាំងនោះនឹងក្លាយជាសម្រាម ដែលខ្លះក៏នៅគំនរសម្រាម តែខ្លះក៏ប៉ើងទៅតាមខ្យល់ មិនដឹងជាទៅដល់ណា។
ជារៀងរាល់ឆ្នាំ ថង់ប្លាស្ទិចជាច្រើនលានតោនត្រូវបានបោះចោល និង ហូរចូលក្នុងទឹកសមុទ្រ។ តើវានឹងមានអ្វីកើតឡើង? នៅពេលប្លាស្ទិចចូលក្នុងទឹក វាមិនត្រឹមតែធ្វើឲ្យខូចជីវចំរុះក្នុងទឹក (ត្រីស៊ីប្លាស្ទិច) តែក៏ធ្វើឲ្យប៉ះពាល់ដល់អាហាររបស់មនុស្សផងដែរ។
បើតាមការសិក្សារបស់សាលា Britannica ឆ្នាំ ២០១៧ បានឲ្យដឹងថា ក្នុងប្លាស្ទិចមានសមាសធាតុគីមីម្យ៉ាងឈ្មោះថា តុកសិន (Toxin) ដែលនឹងត្រូវបំបែកជាបំណែកតូចៗពេលវារលាយក្នុងទឹក ក្លាយជាធាតុលាយឡំក្នុងទឹកសមុទ្រ ឬ ទឹកទន្លេ។ បន្ទាប់មក សត្វមានជីវិតក្រោមទឹកទាំងអស់ អាចនឹងស៊ី សារធាតុគីមីទាំងអស់នោះ។ ក្រោយពីនោះមក យើងក៏នឹងត្រូវបរិភោគត្រី និង សត្វទាំងនោះទៀត។ ដូច្នេះ យើងអាចនឹងមានផលប៉ះពាល់ដោយផ្ទាល់ពីប្លាស្ទិចទាំងនោះ។
ការសិក្សារបស់អង្គការ យូណេស្កូ ឆ្នាំ ២០១៥ បង្ហាញថា នៅពេលមនុស្សបានបរិភោគ ត្រីដែលត្រូវបានបំពុលដោយប្លាស្ទិចទាំងនោះ មនុស្សនឹងអាចប្រឈមជាមួយជំងឺដូចជា ជំងឺវិប្បលាស ជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ និង ជំងឺមួយចំនួនទៀត។
ជាទូទៅ នៅពេលក្លាយជាសម្រាម ថង់ប្លាស្ទិច មិនបានរលួយទេ គឺនៅលើឬក្រោមដីរហូត ទាល់តែរយៈពេល ៥០០ ឆ្នាំ ឬ លើសពីនេះទៀត។ នៅពេលបំបែកជាបំណែកតូចៗ សារធាតុគីមីក្នុងថង់នឹងបំផ្លាញជីជាតិរបស់ដី គ្មានផលល្អទេ។
មួយវិញទៀត អ្នកបានប្រើថង់ប្លាស្ទិចដើម្បីដាក់របស់ក្តៅ និង ត្រជាក់ដែរ។ ការស្រាវជ្រាវមួយរបស់សាលា Yale ប្រាប់ថា នៅពេលដែលយើងប្រើថង់ប្លាស្ទិចសម្រាប់ដាក់របស់ក្តៅៗ ជាពិសេសម្ហូបអាហារ ប្លាស្ទិចនឹងបញ្ចេញសារធាតុគីមីម្យ៉ាងឈ្មោះ Bisphenol-A (BPA)។ សារធាតុនេះក៏អាចបង្កជាជំងឺប៉ុន្មានមុខខាងលើនេះដែរ បូកថែម ជំងឺអារសម្រាប់មនុស្សស្រី ជំងឺធាត់ បើសិនជាអ្នកបរិភោគវា។
ទាំងអស់នេះគ្រាន់តែជាហេតុផលមួយចំនួនដែលអាចជួយឲ្យអ្នកបានដឹងខ្លះៗពីផលវិបាកនៃការប្រើប្រាស់ប្លាស្ទិច តាំងពីពេលប្រើ និង ក្រោយពេលប្រើ។ វាមិនត្រឹមតែជាចំណែកមួយបំពុលបរិស្ថាន សភាវមានជីវិត ព្រមទាំងសុខភាពរបស់យើងទាំងអស់គ្នាផងដែរ។ ហេតុនេះ យើងគួរតែនាំគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចទាំងអស់គ្នាចាប់ពីពេលនេះតទៅ។
អត្ថបទដោយ៖ ហ៊ាង សុគន្ធារី





No comments