គេងមិនគ្រប់គ្រាន់ ដឹងទេថាវាបំផ្លាញជីវិតអ្នកដូចម្តេចខ្លះ?
Loading...
1. អ្នកបាត់បង់សមត្ថភាពការគិត
ពេលគេងមិនបានគ្រប់គ្រាន់ អ្នកនឹងមានបញ្ហាការគិត និង ការផ្តោតអារម្មណ៍។ បន្ទាប់ពីរវល់មួយថ្ងៃពេញ ខួរក្បាលរបស់អ្នកត្រូវការសម្រាក ហើយមិនត្រឹមតែប៉ុណ្ណោះ វាត្រូវការកែប្រែ និង រៀបចំការចងចាំ ឬ សកម្មភាពទាំងឡាយនៅក្នុងខួរក្បាល ហាក់ដូចជាត្រូវយកសម្រាមក្នុងខួរក្បាលត្រូវបោះចោលដូច្នោះ។ ការគេងមិនគ្រប់ធ្វើឲ្យអ្នកមានបញ្ហាការគិត ការសម្រេចចិត្ត ការដោះស្រាយបញ្ហា និងការងារប្រចាំថ្ងៃផង។
2. អ្នកនឹងភ្លេចភ្លាំង
ការគេងមិនគ្រប់ មិនត្រឹមតែធ្វើឲ្យអ្នកភ្លេចភ្លាំង តែវាប៉ះពាល់ដល់ការសិក្សា ផលិតភាព ព្រមទាំងការចងចាំរបស់អ្នកផង។ ការសិក្សាបង្ហាញថា ការគេងគឺសំខាន់សម្រាប់ដំណើរការរបស់ខួរក្បាល ជួយស្តុកពត៌មាន និង ការចងចាំបានល្អបំផុត។
3. អ្នកមានអារម្មណ៍មិននឹងនរ
ការគេងមិនគ្រប់ មិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ តែប៉ះពាល់អារម្មណ៍ទៀត។ ពេលគេងមិនគ្រប់ អ្នកក្រោកឡើងនឹងមានអារម្មណ៍ធីងធោង នឹងអស់កម្លាំង។ បន្ទាប់មក អ្នកចាប់ផ្តើមមានអារម្មណ៍មួម៉ៅខុសធម្មតា ឬជួនកាលពិបាកចិត្តខុសធម្មតា ឆាប់ខឹង ឆាប់អន់ចិត្ត និង មានបញ្ហាអារម្មណ៍មិនខាន។
4. អ្នកនឹងឡើងទម្ងន់
គេងមិនគ្រប់ឆាប់ធ្វើឲ្យអ្នកឡើងទម្ងន់ណាស់។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលគេងតិចជាង៥ម៉ោងក្នុងមួយយប់ មានភាគរយច្រើននឹងអាចឡើងទម្ងន់ ហើយអាចកើតជំងឺលើសទម្ងន់ទៀតផង។ មនុស្សវ័យជំទង់គួរគេងឲ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។
5. អ្នកគ្មានសមាធិ
ក្រៅពីបាត់បង់សមត្ថភាពការគិត ការគេងមិនគ្រប់ ធ្វើឲ្យអ្នកបាត់បង់សមាធី មិនអាចផ្តោតអារម្មណ៍បានឡើយ។ អ្នកនឹងមានអារម្មណ៍អស់កម្លាំង ងងុយគេង ព្រមទាំងគ្មានសមាធីធ្វើអ្វីទេ។ វានឹងអាចធ្វើឲ្យអ្នកប្រឈមនឹងគ្រោះថ្នាក់ បើសិនជាអ្នកទៅណាមកណាម្នាក់ឯង ឬ បើកបរម្នាក់ឯង។
មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់អាចនឹងជាហេតុផលមួយដែរដែលធ្វើឲ្យអ្នកទទួលរងជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺមហារីក និងជំងឹលើសឈាមផង។
Bonus: កាលពីឆ្នាំ ២០១៤ អ្នកគាំទ្របាល់ទាត់ម្នាក់បានស្លាប់ដោយសារតែគេមិនគេងរយៈពេល ៤៨ ម៉ោង ដើម្បីមើលបាល់ទាល់ World Cup។
ប្រភព៖ Healthline
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments