ព័ត៌មានថ្មីបំផុត

សកម្មភាព​​ដែល​​​គួរ​​ធ្វើ​​នៅ​​ពេល​​ពិបាក​​ចិត្ត​​

Loading...
ជីវិត​តែង​មាន​លាយ​ឡំ​ពេល​វេលា​សប្បាយ​ចិត្ត​និង​ពេល​ពិបាក​ចិត្ត។ ពេល​ខ្លះ​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​បាន​រំខាន​ទឹក​ចិត្ត​របស់​អ្នក​ជា​ខ្លាំង។ បើ​ដូច​នេះ តើ​នៅ​ពេល​មាន​អារម្មណ៍​ពិបាក​ចិត្ត​ម្តង​ៗ តើ​អ្នក​តែង​ធ្វើ​អ្វី? ខាង​ក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​បាន។





1. កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​​ឯង​ពេក​
រាល់​ថ្ងៃ មនុស្ស​ម្នាក់​ៗ​ដាក់​សម្ពាធ​លើ​ខ្លួន​​ឯង​ខ្លាំង​ណាស់។ ពេល​ធ្វើ​អ្វី ឬ​មានអ្វី​​ក៏​ដោយ យើង​តែង​ចង់​បាន​លទ្ធផល​ល្អ ឬ ​មាន​របស់​ល្អ​​ឥត​ខ្ចោះ ហើយ​នៅ​ពេលមិន​បាន​ទទួល​អ្វី​ដែល​ខ្លួន​រំពឹង​ទុក​គឺ​តែង​បន្ទោស​ខ្លួន​​​ឯង។ ពេល​បែប​នេះ អ្នក​គួរ​សប្បាយ​ចិត្ត​លើ​អ្វី​ដែល​ខ្លួន​មាន​។ អ្នក​គួរ​ឈប់​ដាក់​សម្ពាធ​លើ​ខ្លួន​​ឯង​បាន​ហើយ។

2. កុំ​ឲ្យ​ភាព​មិន​សប្បាយ​ចិត្ត​គ្រប់​គ្រង​អ្នក​បាន
ពេល​មាន​អារម្មណ៍​តឹង​តែង​ក្នុង​ចិត្ត មនុស្សភាគ​ច្រើនតែង​គេង​ឬ​នៅ​ក្នុង​បន្ទប់​មិន​ធ្វើ​អ្វី។ អ្នក​គួរ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឲ្យ​បាន​ស្រស់​ថ្លា ក្រោក​ពី​គេង ហើយ​ផ្តើម​ថ្ងៃ​ថ្មី។ អ្នក​គួរ​ទៅ​ហាត់​ប្រាណ ទៅ​ជិះ​កង់ ឬ ទៅ​កន្លែង​ណា​ដែល​អ្នក​តែង​ទៅ​ជា​ប្រចាំ ព្រោះ​វា​អាច​ធ្វើ​​ឲ្យ​អ្នក​ភ្លេច​វា​ហើយ​ដើរ​ទៅ​មុខ​ទៀត​។ កុំ​គេង​នៅ​ផ្ទះ បន្ទោស​ឬ​អាណិត​ខ្លួន​ឯង។ ​

3. ទៅ​និយាយ​ជា​មួយ​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​និង​ស្រឡាញ់
ក្នុង​ដំណាក់​កាលនេះ មិន​ថា​អ្នក​ណាជា​អ្នក​ណា​ទេ ​គឺ​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។ គ្រួសារ​និង​មិត្តភក្តិ​គឺជា​ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​បំបាត់​អារម្មណ៍​អាក្រក់​ចេញ។ ពួក​គេ​គឺជា​អ្នក​ស្តាប់​រឿង​របស់​អ្នក បន្ទាប់​មក​គេ​ក៏​​ឲ្យ​ដំបូន្មាន និយាយ​លួង​លោម និយាយ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ។

4. ធ្វើ​អ្វី​ដែល​អាច​ឲ្យ​អ្នក​សើច​បាន
ជួន​កាល​អ្នក​មិន​សូវ​បាន​ខ្វល់​ពី​អារម្មណ៍​ខ្លួន​ឯង​ប៉ុន្មាន​ទេ។ អ្នក​គួរ​គិត​ថា​អារម្មណ៍​ពេល​នេះ​គឺ​គ្រាន់​តែ​ជា​បទពិសោធន៍​តូច​មួយ​ក្នុង​ជីវិត​ប៉ុណ្ណោះ។ ស្វែង​រក​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សើច​បាន ដូចជា ទៅ​មើល​កុន រឿង​កំប្លែង លេង​ហ្កេម លេង​កីឡា ច្រៀង​ខារ៉ាអូខេ ឬ​អានសៀវភៅកំប្លែង។

5. ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព
ធម្មតា ពេល​ពិបាក​ចិត្ត អ្នក​មិន​ដែល​មាន​ចិត្ត​ទៅ​រក​របស់​ល្អ​ញ៉ាំ​ទេ ហើយ​ភាគ​ច្រើន​ញ៉ាំ​តែ​របស់​មិន​ល្អ​សម្រាប់​សុខភាព ដូចជា មី ឬ Junk food. អ្នក​គួរ​ញ៉ាំ​របស់​ដូចជា បន្លែ ស៊ុប ផ្លែឈើ ឬគ្រាប់​ធញ្ញជាតិ។ ពេល​បាន​ញ៉ាំ​អាហារ​ល្អ អារម្មណ៍​របស់​អ្នក​ក៏​ល្អ​ដែរ។

6. ចំណាយ​ពេល​ជា​មួយ​សត្វ​ចិញ្ចឹម​របស់​អ្នក
ជួន​កាល សត្វ​ចិញ្ចឹម​របស់​អ្នក​គឺជា​អ្នក​ព្យាបាល​អារម្មណ៍​ខូច​ខាត​របស់​អ្នក​ដែរ។ វា​ឆ្លាត ហើយ​វា​ក៏​អាច​ដឹង​ថា​ពេល​ណា​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត​ឬសប្បាយ​ចិត្ត​ដែរ។

7. បង្ហើយ​ការងារ​នៅ​សល់​របស់​អ្នក
ធម្មតា​នៅ​ពេល​រវល់ អ្នក​នឹង​មិន​សូវ​ទៅ​គិត​រឿង​ចាស់​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​នោះ​ទេ។ ពេល​ធ្វើ​ការ អ្នក​ផ្តោត​តែ​លើ​រឿង​នោះ ហើយ​អារម្មណ៍​អាក្រក់​ទាំង​ឡាយ​នឹង​រសាយ​បាត់។ មិន​តែ​ប៉ុណ្ណោះ ពេល​ធ្វើ​ការងារ​បាន​អ្វី​មួយ អ្នក​នឹង​សប្បាយ​ឡើយ ហើយ​គិត​ថា​ខ្លួន​ឯង​មាន​ប្រយោជ​ន៍​ទៀត​ផង។

ប្រភព៖ Life Hack
ដោយ៖ ហ៊ាង សុគន្ធារី
ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520  

No comments