ព័ត៌មានថ្មីបំផុត

រឿងទាំង១0​ដែល​អ្នក​ត្រូវ​តែ​ឈប់​ធ្វើ​ដើម្បី​សេចក្ដី​សុខ​ខ្លួន​ឯង

Loading...
ដើម្បីចង់បានសេចក្ដីសុខ អ្នកមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃនោះទេ។ ព្រោះថាសេចក្ដីសុខ​គឺ​អាស្រ័យ​លើខ្លួនអ្នក​ផ្ទាល់​តែម្ដង មានតែអ្នកទេដែលដឹងច្បាស់ថាខ្លួនចូលចិត្តអ្វី និងត្រូវការអ្វី។ បែប​នេះ​អ្នក​​ត្រូវ​​តែ​​ឈប់​​ធ្វើ​រឿងមួយ​ចំនួន​ខាង​ក្រោម​ជា​ដាច់ខាត៖



១. ឈប់ប្រងើយកន្តើយជាមួយអ្វីដែលអ្នកត្រូវការ

មនុស្សមួយចំនួនមិនបានខ្វល់ខ្វាយពីតម្រូវការខ្លួនឯងនោះទេ ដោយសារតែគាត់រវល់តែគិតពីអ្នកដទៃ និងព្យាយាមធ្វើឲ្យអ្នកផ្សេងសប្បាយចិត្ត។ អ្នកត្រូវតែដឹងថា ការព្យាយាមធ្វើឲ្យអ្នកផ្សេងសប្បាយចិត្តនោះ មិនមែនជារឿងដែលអាចធ្វើទៅរួចនោះទេ។ អ្នកត្រូវបញ្ឈប់វាឲ្យបានកាន់តែឆាប់ កាន់តែល្អ។​ ទុកពេលវេលាស្វែងរកសេចក្ដីសុខខ្លួនឯងទើបជាការល្អ។

២. ឈប់ប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ
ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃដែលល្អជាងខ្លួនគ្រប់ពេលនោះ នឹងធ្វើឲ្យអ្នកកាន់តែតប់ប្រម៉ល់ មិនសប្បាយចិត្ត។ បែបនេះ អ្នកត្រូវតែប្រៀបធៀបខ្លួនអ្នកកាលពីម្សិលម៉ិញ និងថ្ងៃនេះវិញថាអ្នកបានបង្កើនសមត្ថិភាពអ្វីខ្លះទើបជាការល្អ។

៣. កុំឲ្យភាពភ័យខ្លាចមករារាំងសេចក្ដីសុខ

អ្នកមិនត្រូវឲ្យភាពភ័យខ្លាច មករារាំងសេចក្ដីសុខរបស់អ្នកនោះទេ។ អ្នកត្រូវតែហ៊ានជំនះរាល់ការភ័យខ្លាចទាំងអស់ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្រើននិងទទួលបានបទពិសោធន៍ថ្មី។ បើសិនជាអ្នកនៅតែភ័យខ្លាចបែបនេះ អ្នកនិងធ្វើឲ្យខ្លួនឯងកាន់តែឯកាទៅវិញទេ និងមិនបានដឹងពីសមត្ថិភាពរបស់ខ្លួនច្បាស់លាស់នោះទេ។

៤. កុំខ្លាចធ្វើខុស
អ្នកត្រូវតែចាំថា គ្មានអ្នកណាម្នាក់ក្នុងលោកនេះកើតមកមិនចេះខុសនោះទេ។ រាល់ការធ្វើខុសមិនមែនសុទ្ធតែមានន័យអវិជ្ជមាននោះទេ។ ការធ្វើខុសនេះ ជាចំណុចដែលរុញច្រានអ្នកឲ្យព្យាយាមកែតម្រូវនិងពង្រឹងសមត្ថិភាពខ្លួនឯងឲ្យបានកាន់តែប្រសើរជាងមុន។

៥. កុំឲ្យសេចក្ដីសុខអ្នកក្នុងកណ្ដាប់ដៃអ្នកដទៃ
បើសិនជាអ្នកមិនស្រលាញ់ខ្លួនឯង ហើយមិនដឹងថាត្រូវធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនឯងសប្បាយចិត្តនោះទេ នោះនឹងមិនមានអ្នកណាម្នាក់អាចធ្វើវាបានទេ។ អ្នកត្រូវតែចាំថា សេចក្ដីសុខគឺនៅក្នុងខ្លួនអ្នកផ្ទាល់មិនមែនមកពីខាងក្រៅនោះទេ។ ព្យាយាមស្វែងរកសេចក្ដីសុខខ្លួនឯងទើបជាការល្អ។

៦. កុំព្យាយាមគ្រប់គ្រងលើអ្វីៗទាំងអស់
គ្មានអ្នកណាម្នាក់អាចទាយដឹងថា នឹងមានអ្វីកើតឡើងនាពេលអនាគតបានច្បាស់លាស់នោះទេ។ អ្នកមិនត្រូវព្យាយាមគ្រប់គ្រងអ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹងជីវិតអ្នកនោះទេ ព្រោះវាមិនអាចទៅរួចនោះទេ។ វាប្រៀបបាននឹងការព្យាយាមគ្រប់គ្រងអាកាសធាតុអញ្ចឹងដែរ។

៧. កុំព្យាយាមរស់នៅទៅតាមអ្វីដែលសង្គម ឬអ្នកផ្សេងកំណត់

មនុស្សជាសរីរាង្គនៃសង្គម ហើយមនុស្សក៏មិនអាចរស់នៅក្រៅសង្គមម្នាក់ឯងបានដែរ។ ប៉ុន្តែវាមិនមែនមានន័យថា អ្នកត្រូវរស់នៅតាមអ្វីដែលសង្គមឬអ្នកផ្សេងរំពឹងទុកនោះទេ។ បើសិនជាអ្នកចង់ក្លាយជាអ្នករកស៊ី ប៉ុន្តែសង្គមឲ្យតម្លៃខ្ពស់ទៅលើមុខរបស់ជាគ្រូពេទ្យទៅវិញ នោះអ្នកមិនត្រូវព្យាយាមផ្លាស់ប្ដូរឲ្យដូចអ្វីដែលសង្គមចង់បាននោះទេ។

៨. ឈប់ពន្យារពេលដើម្បីសម្រេចគោលបំណង
អ្នកត្រូវចាំថា គ្មានពេលវេលាណាល្អដែលត្រូវចាប់ផ្ដើមធ្វើអ្វីមួយនោះទេ។ បើសិនជាអ្នកនៅតែព្យាយាមពន្យារពេលដើម្បីរកវេលាល្អនោះ វាមានន័យថាអ្នកកំពុងតែខ្ជះខ្ជាយពេលវេលាហើយ។ បែបនេះ អ្នកត្រូវតែចាប់ផ្ដើមឲ្យបានកាន់តែឆាប់ កាន់តែល្អ។

៩. ឈប់គិតថា នៅម្នាក់ឯងឯកា
ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សដែលកំពុងតែមានទំនាក់ទំនងស្នេហា។ អ្នកមិនត្រូវទ្រាំរស់នៅក្នុងទំនាក់ទំនងមួយដែលមានតែបញ្ហានោះទេ អ្នកត្រូវតែដើរចេញដោយរស់នៅតែម្នាក់ឯងវិញទើបជាការល្អ ហើយមិនត្រូវខ្លាចភាពឯកាដោយសារតែនៅម្នាក់ឯងនោះទេ។

១០. ឈប់គិតពីអ្វីដែលធ្វើឲ្យអ្នកពិបាកចិត្ត

គ្មានអ្នកណាម្នាក់កើតមកមិនធ្លាប់ជួបរឿងឈឺចាប់នោះទេ ជាពិសេសក្នុងរឿងទំនាក់ទំនងស្នេហាជាដើម។ បែនេះអ្វីដែលត្រូវធ្វើគឺឈប់គិតពីអ្វីដែលធ្វើឲ្យអ្នកពិបាកចិត្ត ព្រោះថាបើសិនជាអ្នកនៅតែគិត វាធ្វើឲ្យអ្នកកាន់ឈឺចាប់ជាងមុនទៅទៀត។ ជម្រើសដែលល្អ អ្នកត្រូវតែគិតពីអ្វីៗដែលល្អនិងធ្វើឲ្យអ្នកសប្បាយចិត្តវិញទើបជាការល្អ។​


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments