ព័ត៌មានថ្មីបំផុត

យល់​ដឹង​​​​វេយ្យាករណ៍​ខ្មែរ ធ្មេញ​កណ្ដុរ​,ត្រី​ស័ព្ទ​,បន្តក់,សំយោគ​សញ្ញា​

Loading...
កាលពីអត្ថបទមុនយើងបានបង្ហាញអំពីនិយមន័យរបស់ "វណ្ណយុត្តិ" និងសញ្ញា​ទាំងអស់រួចមក​ហើយ ដូច្នេះក្នុងអត្ថបទមួយនេះ យើងនឹងបង្ហាញអ្នកអោយកាន់តែច្បាស់អំពីការប្រើប្រាស់ ដោយពួកយើង​នឹងយកវណ្ណយុត្តិចំនួនបួនមកបង្ហាញ។




១. មូសិកទន្ត ឬ ធ្មេញកណ្ដុរ ( ៉ )
ធ្មេញ​កណ្តុរ ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ ដែលមានដូចជា "ង, ញ, ប, ម, យ, រ, វ" ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ "ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉" ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។

ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក... ។ គេ​ត្រូវ​យក​សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្តុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២. ត្រីស័ព្ទ ( ៊ )
ត្រីស័ព្ទជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤ ​តួ ជា​អឃោសៈ ប, ស, ហ, អ, ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ហ៊ី... លើក​លែង​តែ​ពាក្យ ប៊ិច, អ៊ីចុះ​អ៊ីចឹង... ។

៣. រស្សសញ្ញា ឬ​ បណ្តក់ ( ់ )
រស្សសញ្ញា​ ឬ​បន្តក់  សម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​កើត​ឡើង​ពី​ស្រៈ “ អ ” និង​ស្រៈ “ អា ” ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
ចំណាំ៖
ក/ ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ ម ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា “រស្សៈ” ឬ​បន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួស​វិញ ។
ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ យ ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូច​ជា​ពាក្យ “ ចាយ់ ” ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ “ ៃ ” មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។
គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​បាលី​ឬ​សំស្ក្រឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក ... ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​និង​សំស្ក្រឹត ។

៤. សំយោគសញ្ញា ( ័)
/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី ឬសំស្ក្រឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ, អាលយ > អាល័យ ។
/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ... ។
/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ។

អត្ថបទដោយ៖ ជុំ រស្មី
ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments